សហរដ្ឋអាមេរិកនឹងសាងសង់មូលដ្ឋានទ័ពចម្រុះនៅលើទឹកសម្រាប់ទប់ទល់ប្រទេសចិន

ដើម្បីទប់ទល់ជាមួយកោះសិប្បនិមិត្ត របស់ចិនដែលអាចធ្វើឲ្យចិនគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង និងលើពិភព លោកទាំងមូលបាននោះអាមេរិកបាន ឡើងគម្រោងសាងសង់មូលដ្ឋានទ័ពចម្រុះ អណ្តែតនៅកណ្តាលសមុទ្រចិនភាគខាងត្បូងធើ្វជាយុទ្ធសាស្ត្រសម្រាប់ទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិននៅទីនោះ។

ទាំងនោះហើយអាចធ្វើឲ្យអាមេរិកមានវត្តមានកម្លាំងទាហានកាន់តែច្រើននៅ ដែនសមុទ្រចិនភាគខាងត្បូង។ បច្ចុប្បន្ន ទីក្រុងប៉េកាំងបានប្រើប្រាស់នាវាយាម ល្បាត នាវាចម្បាំង នាវាពាណិជ្ជកម្ម និង នាវានេសាទផងដែរ ដើម្បីបញ្ជាក់ពីដែន អធិបតេយ្យភាពរបស់ខ្លួននៅទីនោះ។ សកម្មភាពខាងលើបានគំរាមកំហែងដល់ប្រទេសជិតខាង។

អាមេរិកនិងសម្ពន្ធមិត្តអាចនឹងប្រើ ប្រាស់ទីតាំងយោធាកណ្តាលសមុទ្រដើម្បីបង្កើនការយាមល្បាតនៅទីនោះ។ មានតែអាមេរិកប៉ុណ្ណោះដែលមានសមត្ថភាពការពារសន្តិសុខនៅដែនសមុទ្រទូទាំងពិភពលោកបាន។ នៅពេលដែលមានមូលដ្ឋាន ខាងលើនោះ ហើយសកម្មភាពយាលល្បាត របស់អាមេរិកនឹងកាន់តែកើនឡើងផងដែរ។ កម្លាំងទាហានអាកាសអាមេរិកក៏នឹងធ្វើការហោះហើរយាមល្បាតជាប្រចាំ ដោយប្រើ ប្រាស់យន្តហោះ B1,B2, និងB 52 ដែល ជាយន្តហោះទម្លាក់គ្រាប់បែកយ៉ាងមាន ប្រសិទ្ធភាពបំផុតលើពិភពលោក។ ការហោះហើរយាមល្បាតនោះមានទាំងប្រជុំកោះដែលមានវិវាទជាមួយវៀតណាម និង កោះរបស់ហ្វីលីពីនផងដែរ។

សកម្មភាពសាងសង់មូលដ្ឋានយោធាអណ្តែតនៅដែនសមុទ្រចិនភាគខាងត្បូងគឺជាការឆ្លើយតបទៅនឹងសកម្មភាពលុបថ្មបង្កើតកោះធ្វើជាមូលដ្ឋានយោធារបស់ ទីក្រុងប៉េកាំង។ ការសាងសង់មូលដ្ឋានរបស់ អាមេរិកនឹងធ្វើឲ្យអាមេរិកបង្កើនវត្តមានយោធានៅទីនោះ។

គម្រោងខាងលើរបស់អាមេរិក អាចនឹងដាក់ពង្រាយមូលដ្ឋានយោធានៅទីតាំងជាច្រើនទៀតនៅដែនសមុទ្រអន្តរជាតិ។ មូល ដ្ឋានយោធាខាងលើមានឈ្មោះថា « Expeditionary Mobile Bases » មូលដ្ឋាន អណ្តែតនៅលើសមុទ្រចិនភាគខាងត្បូង អាចលាតសន្ធឹងនៅគ្រប់ទិសទីជុំវិញពិភពលោកដូចជាស្រឡាងអ៊ីចឹង។

អាមេរិកក៏អាចនឹងចាប់ផ្តើមនូវកម្មវិធី បង្កើតទីតាំងយោធាចល័តនៅតំបន់សមុទ្រ ឆ្ងាយ ហើយមូលដ្ឋាននោះអាចឲ្យយន្តហោះ ធុនធំចុះចតបានទៀតផង។ ក្រៅពីផ្តល់ជាមូលដ្ឋានយោធានោះទីតាំងអណ្តែតទឹកនៅ មានតួនាទីមនុស្សធម៌ទៀតផង។

សកម្មភាពរបស់អាមេរិកគឺខ្លាចចិន អាចគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង បានទាំងស្រុង ពេលនោះមហាអំណាចទី មួយរបស់អាមេរិកក៏ត្រូវរងការគំរាម កំហែង ហើយអាមេរិកមិនអាចឈានជើងចូលមកកាន់អាស៊ីបាស៊ីហ្វិកបានទៀតឡើយ។ អាមេរិកដឹងយ៉ាងច្បាស់ថា បើទុក ឲ្យចិនគ្រប់គ្រងដែនសមុទ្រចិនភាគខាង ត្បូងនោះអាមេរិកនឹងត្រូវបាត់បង់តំណែងមហាអំណាចទីមួយលើពិភពលោកក្នុង ពេលអនាគតដ៏ខ្លីជាមិនខាន។

នៅពេលនេះចិនកំពុងប្រែក្លាយតំបន់ ទឹកជ្រៅនៅដែនសមុទ្រចិនភាគខាងត្បូងដើម្បីធ្វើជាទីតាំងសម្រាប់កម្លាំងនាវាមុជ ទឹកដើរដោយថាមពលបរមាណូដែលនឹងក្លាយជាទីតាំងសម្រាប់វាយប្រហារអាមេរិក ដោយកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។

ជាច្រើនខែកន្លងមកចិនបានសាងសង់ កោះសិប្បនិមិត្ត និងទីតាំងយោធាដោយបើកចំហនៅដែនសមុទ្រចិនភាគខាងត្បូងធ្វើឲ្យបណ្តាប្រទេសនៅក្នុងតំបន់មាន វៀតណាម ហ្វុីលីពីន ក៏ដូចជាអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងក្លាដល់សកម្មភាព ខុសច្បាប់ខាងលើ។

អ្នកឯកទេសយោធា និងសន្តិសុខបាន បញ្ជាក់ថា នឹងមានរឿងអ្វីកើតឡើងនៅ បាតសមុទ្រគឺជាបញ្ហាគួរឲ្យព្រួយបារម្ភ បំផុត។ ពេលនេះចិនបានខិតខំសាងសង់ទីតាំងសម្រាប់ក្រុមនាវាមុជទឹកដែលបាន បំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។ ការណ៍ដែលចិនសាង សង់ទីតាំងនៅដែនសមុទ្រចិនភាគខាង ត្បូងនោះគឺក្នុងគោលដៅបង្កើតជម្រក សម្រាប់នាវាមុជទឹកគេចផុតពីការចាប់ បានដោយប្រព័ន្ធរ៉ាដារបស់អាមេរិក។

សាស្ត្រាចារ្យ Carl Thayer ដែលកំពុង តែបង្រៀននៅសាកលវិទ្យាល័យ New south Wales ប្រទេសអូស្ត្រាលីបានបញ្ជាក់ ថា សមុទ្រចិនភាគខាងត្បូងជាទីតាំង ប្រសើរបំផុតសម្រាប់ចិនលាក់ទុកនាវាមុជ ទឹករបស់ខ្លួន ពីព្រោះតំបន់សមុទ្រចិនភាគ ខាងត្បូងមានជម្រៅរាប់ពាន់ម៉ែត្រហើយមានរូងភ្នំជ្រៅនៅបាតសមុទ្រងាយស្រួលនាវាមុជទឹកចូលលាក់ខ្លួនដោយគ្មានឧប ករណ៍អ្វីអាចរកឃើញនោះឡើយ។

តាមប្រសាសន៍របស់លោក Thayer ទីក្រុងប៉េកាំងចាត់ទុកដែនសមុទ្រចិនភាគខាងត្បូងជាតំបន់យុទ្ធសាស្ត្រដោយសារ តែវាស្ថិតនៅក្នុងច្រកផ្លូវភាគខាងត្បូងរបស់ ចិន។ តាមរបាយការណ៍របស់មន្ទីរប៉ង់ តាហ្គោនបានឲ្យដឹងថា ចិនមាននាវាមុជ ទឹកវាយលុកយ៉ាងតិច៥៦គ្រឿង ហើយ ក្នុងនោះមាន៥គ្រឿងដើរដោយថាមពល បរមាណូ។ ចិនមាននាវាមុជទឹក៣គ្រឿង បំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប និងមាន គម្រោងផលិតបន្ថែម៥គ្រឿងទៀត។

ប៉ុន្មានឆ្នាំកន្លងមកចិនបានខិតខំពង្រឹងឃ្លាំងអាវុធបរមាណូរបស់ខ្លួនឲ្យមានកម្លាំង ប្រហាក់ប្រហែលអាមេរិកនិងរុស្ស៊ី។ ហេតុដូច្នេះហើយកម្មវិធីនាវាមុជទឹកគឺជាគម្រោង ដ៏សំខាន់ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង ចង់បានជាទីបំផុត ដោយសារតែនាវាមុជ ទឹកពិបាកក្នុងការវាយកម្ទេចពីសត្រូវមិន ដូចជាកាំជ្រួចមីស៊ីលបរមាណូនៅលើដី គោកនោះឡើយ។

បច្ចុប្បន្ននាវាមុជទឹក JL2 របស់ចិនមិនទាន់អាចបាញ់កាំជ្រួចមីស៊ីលឆ្ពោះទៅកាន់អាមេរិកបានឡើយ ប៉ុន្តែប្រសិនបើចិន បង្កើតទីតាំងសម្រាប់នាវាមុជទឹកនៅដែនសមុទ្រចិនភាគខាងត្បូងនោះចិននឹងវាយប្រហារទៅគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក។ ទាំងនោះហើយបានជាចិនខិតខំបង្កើត ទីតាំងនៅដែនសមុទ្រចិនភាគខាងត្បូងមិន ខ្វល់ពីប្រតិកម្មប្រទេសជិតខាង។

លោក Bernard D.cole សាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យយោធាអាមេរិក បានឲ្យដឹងថា ចិនកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រនាវាមុជទឹកដូចដែលអតីតសហភាព សូវៀតបានប្រើប្រាស់កាលពីសង្គ្រាម ត្រជាក់។ នាវាមុជទឹកអាមេរិកពេលនោះងាយស្រួលក្នុងការរកឃើញពីនាវាមុជទឹកសូវៀត។ ទាំងនោះហើយបានជាសូវៀត បង្កើតទីតាំងនាវាមុជទឹកដ៏រឹងមាំនិងមានការការពារយ៉ាងតឹងតែង ហើយនៅក្បែរ អាមេរិកបំផុតអាចវាយប្រហារអាមេរិក បានគ្រប់ពេល។

នាវាមុជទឹករបស់ចិនមានសំឡេងខ្លាំងជាងនាវាមុជទឹកអាមេរិក និងរុស្ស៊ីទាំងនោះ ហើយធ្វើឲ្យនាវាមុជទឹកចិនពិបាកក្នុងការឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដោយអា មេរិកមិនដឹងនោះណាស់។ ដោយអាមេរិកជាស្តេចនៅលើដែនសមុទ្រហើយរាល់ សកម្មភាពយោធាណាមួយនៅលើដែន សមុទ្រអាមេរិកបានដឹងស្ទើរតែទាំងអស់នោះហើយ ទើបបានចិនខិតខំអភិវឌ្ឍនាវាមុជទឹករបស់ខ្លួនបំពាក់កាំជ្រួចមីស៊ីលទំនើបៗ ឆ្លងទ្វីបចេញពីទីតាំងនៅដែនសមុទ្រចិន ភាគខាងត្បូង៕ ម៉ែវ សាធី

ប្រភព៖ nokorwatnews

  • សហរដ្ឋអាមេរិកនឹងសាងសង់មូលដ្ឋានទ័ពចម្រុះនៅលើទឹកសម្រាប់ទប់ទល់ប្រទេសចិន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:កំសាន្ត
Tags: