ប្រពន្ធ​លោក យឹម ផេង ស្នងការរង​នគរបាល​ខេត្តកោះកុង នៅតែ​បន្ត​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​តូចតាច​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​អ្នកស្រី ពែ​ក រតនៈ ហៅ​ចែ​រតនៈ នៅតែ​បន្ត​នាំ​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​ចូល​ខេត្តកោះកុង ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។ ដោយហេតុថា ក្រៅពី​អាង​ប្ដី​របស់ខ្លួន​ឈ្មោះ យឹម ផេង ស្នងការរង​នគរបាល​ខេត្តកោះកុង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​នោះ គឺ​អ្នកស្រី ពែ​ក រតនៈ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា​គយ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​ក្នុង​ខេត្តកោះកុង មិន​ហ៊ាន​ប៉ះពាល់​អ្នកស្រី ពែ​ក រតនៈ បើទោះបី​ឈ្មួញ​រូបនេះ​នាំ​ទំនិញគេចពន្ធ​ចូល​ខេត្តកោះកុង យ៉ាង​ពេញបន្ទុក​ក៏ដោយ​។

ប្រភពពី​មន្ត្រីនគរបាល​តូចតាច​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា លោក យឹម ផេង គឺជា​ស្នងការរង​ទទួលបន្ទុក​ផ្នែក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្តកោះកុង ហើយ​បច្ចុប្បន្នកំពុង​ល្បីល្បាញ​ខាង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ប្រពន្ធ​របស់ខ្លួន​នាំចូល​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​។ សេចក្ដីរាយការណ៍​ពី​មន្ត្រីនគរបាល​តូចតាច​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹង​ទៀតថា​អ្នកស្រី ពែ​ក រតនៈ ហៅ​ចែ​រតនៈ នាំ​ទំនិញគេចពន្ធ​ចូល​ខេត្តកោះកុង ទាំង​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក ជាច្រើន​ឆ្នាំ​មកហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណាប​ង្ក្រា​ប​នោះទេ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ក្នុង​ខេត្តកោះកុង សុទ្ធ​តែមាន​ទំនាក់ទំនង​ជាមួយ​ចែ​រតនៈ ទើប​ឈ្មួញ​រូបនេះ​អាច​នាំចូល​ទំនិញគេចពន្ធ​មក​ចែកចាយ​ក្នុង​ខេត្តកោះកុង និង​ដឹកជញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពិនិត្យមើល​ករណី​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ពី​ទឹកដី​សៀម​ចូល​ខេត្តកោះកុង ទាំង​តាម​ផ្លូវទឹក​និង​តាម​ផ្លូវគោក​ជាបន្ទាន់​។ ដោយហេតុថា​ការដែល​អ្នកស្រី ពែ​ក រតនៈ ភរិយា​លោក យឹម ផេង ស្នងការរង​នគរបាល​ខេត្តកោះកុង នាំចូល​ទំនិញគេចពន្ធ​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​មន្ត្រី​ពុករលួយ​និង​ឈ្មួញ​ខិលខូច​។ ដូច្នេះ​លោក គុណ ញឹម មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ចំពោះ​ភាពមិនប្រក្រតី​នៃ​ការ​នាំចូល​ទំនិញគេចពន្ធ​ពី​ទឹកដី​សៀម​ចូល​ខេត្តកោះកុង ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​ក៏​គួរ​បើក​ការស៊ើបអង្កេត​ជុំវិញ​ករណីនេះ​ផងដែរ​៕

13480053_1564089350553308_1956135099_nលោក យឹម ផេង ស្នងការរងនគរបាលខេត្តកោះកុង