មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​ប៉ោយប៉ែត ឃុបឃិត​ឲ្យ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាង​ពេញបន្ទុក

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​លោក នៅ និល មេ​រដ្ឋបាល​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​សំណាក់​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ ទើប​បណ្ដោយ​ឲ្យ​រោង​សិប្បកម្ម​មានការ​កើនឡើង​ឥតឈប់ឈរ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃនេះ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​ស្របច្បាប់​ទាំង​ខុសច្បាប់​កំពុងមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​លោក នៅ និល មិន​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ បញ្ហា​នេះ​អាចមាន​ការបើក​ដៃ​ពី​សំណាក់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ​ផងដែរ ទើប​លោក នៅ និល មេ​រដ្ឋបាល​ព្រៃឈើ​ក្រុង​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

មន្ត្រី​អាជ្ញាធរ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​ជា​រៀងរាល់​យប់​ពួកគាត់​តែងតែ​ឃើញ​ក្រុម​ឈ្មួញ​ដឹកឈើ ដែល​អ្នកខ្លះ​ជា​សមត្ថកិច្ច​ផង​នោះ បាន​ដឹកឈើ​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ដូចជា ព្រះវិហារ សៀមរាប ក្រចេះ ស្ទឹងត្រែង និង​រតនគិរី​ជាដើម ចូលមក​ចែកចាយ​តាម​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុង​ក្រុង​ប៉ោយប៉ែត យ៉ាង​អនាធិបតេយ្យ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​ត្រូវគេ​យកទៅលក់​ចែកចាយ​តាម​រោង​សិប្បកម្ម​ទាំង​ស្របច្បាប់​និង​ខុសច្បាប់ ឬ​យកទៅ​ទម្លាក់​ក្នុង​បុរី​មួយចំនួន ដើម្បី​កែច្នៃ​ធ្វើជា​គ្រឿង​សង្ហា​រឹម​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ សូម្បីតែ​នៅតាម​ដីឡូត៍​មួយចំនួន​ក៏មាន​កន្លែង​កែច្នៃ​ឈើ​ប្រណីត​ដែរ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ធ្វើជា​មើលមិនឃើញ​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​រិះគន់ថា​លោក នៅ និល មេ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ក្រុង​ប៉ោយប៉ែត បានដឹង​យ៉ាងច្បាស់​ពី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​មានច្បាប់​និង​អត់​ច្បាប់ ដែល​កំពុងដំណើរការ​យ៉ាង​ពេញបន្ទុក ប៉ុន្តែ​ទំនង​លោក នៅ និល ទទួលបាន​ផលប្រយោជន៍​យ៉ាង​ពេញចិត្ត ទើប​មិន​បង្ក្រាប​បទល្មើស​។ លើស​នេះ​ទៅទៀត​មាន​ក្រុម​ឈ្មួញ​មួយចំនួន​ដើរ​ប្រមូល​ទិញ​គល់ឈើ​មានតម្លៃ​ដូចជា គល់​ធ្នុង គល់រាំង គល់​បេង និង​គល់​ផ្ចឹក តាម​ផ្ទះ​អ្នកស្រុក​យកទៅ​កែច្នៃ​ជា​គ្រឿង​សង្ហា​រឹម ហើយ​អ្នកស្រុក​តែង​គាស់​គល់ឈើ​ទាំងនោះ​លក់​ឲ្យ​ឈ្មួញ​ដឹក​ចូល​រោង​សិប្បកម្ម​កែច្នៃ​ជា​គ្រឿង​សង្ហា​រឹម​។ សរុបសេចក្ដី​មក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​មានច្បាប់​និង​អត់​ច្បាប់​នៅក្នុង​ក្រុង​ប៉ោយប៉ែត រាលដាល​កាន់តែខ្លាំង​ឡើងៗ​ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

r-pet-timber1-500x500លោក នៅ និល មេរដ្ឋបាលព្រៃឈើក្រុងប៉ោយប៉ែតses-1-69