អាជ្ញាធរ​អប្សរា​ទាមទារ​ឲ្យ​បក្ស​ប្រឆាំង​ស្នើសុំ​ការ​អនុញ្ញាត​ពី​គម្រោង​បួង​សួង​នៅ​មុខ​អង្គរវត្ត

អាជ្ញាធរ​អប្សរា ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​សំណើ​ទៅ​អាជ្ញាធរ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស ចំពោះ​គម្រោង​ធ្វើ​ពិធី​បួង​សួង​តាម​បែប​ព្រះពុទ្ធ​សាសនា​នៅ​បរិវេណ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា លើក​ឡើង​ថា អាជ្ញាធរ​មាន​តួនាទី​ការពារ អភិរក្ស និង​រៀបចំ​តំបន់​អង្គរ​ជា​បេតិកភណ្ឌ​ពិភពលោក។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ក៏​មាន​តួនាទី​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់ របៀប​រៀបរយ និង​ចៀសវាង​ផល​ប៉ះពាល់​គ្រប់​ពិធី ដោយ​រួម​ទាំង​ពិធី​សាសនា​ផង។ សេចក្ដី​ប្រកាស​ដដែល​នោះ​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ព្រួយ​បារម្ភ​ពី​បញ្ហា​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ ដែល​កើត​ចេញ​ពី​ពិធី​ដែល​ពុំ​មាន​ការ​អនុញ្ញាត និង​មិន​មាន​អ្នក​សម្រប​សម្រួល​ពី​អាជ្ញាធរ​អប្សរា។

អាជ្ញាធរ​សង្ឃឹម​ថា នឹង​បាន​ការ​សហការ​ល្អ​ដើម្បី​ប្រារព្ធ​រៀបចំ​ពិធី​ក្នុង​បំណង​ធានា​សណ្ដាប់ធ្នាប់ ចៀសវាង​ផល​ប៉ះពាល់​ទៅ​លើ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា បាន​ប្រកាស​ថា នឹង​ធ្វើ​ពិធី​បួង​សួង​តាម​បែប​សាសនា​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដោយ​មើល​ឃើញ​ថា ការ​ដោះស្រាយ​តាម​យន្តការ​ប្រព័ន្ធ​រដ្ឋ​មួយ​ចំនួន​ពុំ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដែល​បក្ស​នេះ​កំពុង​ជួប​ប្រទះ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។