តុលាការ​ខេត្ត​សៀមរាប​កាត់​ទោស​ជនជាតិ​អង់គ្លេស​ម្នាក់​ឲ្យ​ជាប់​គុក​១៨​ខែ​ពី​បទ​បំពាន​ផ្លូវ​ភេទ​កុមារា

សាលា​ដំបូង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​សុក្រ ទី​១៧ បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជនជាតិ​អង់គ្លេស អាយុ ៧៧​ឆ្នាំ​ម្នាក់ ជាប់​ពន្ធនាគារ​រយៈពេល ១៨​ខែ ពី​បទ​បំពាន​ផ្លូវ​ភេទ​លើ​កុមារា​បី​នាក់។

លោក រ៉យ ស៊ីផាត (Roy Sheppard) ត្រូវ​បាន​កាត់​ទោស​ពី​បទ​អំពើ​អាស ក្រោយ​ពី​តុលាការ​រក​ឃើញ​ថា លោក​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារា​មាន​អាយុ​ចាប់​ពី ១២​ឆ្នាំ​ទៅ ១៦​ឆ្នាំ។ លោក រ៉យ ស៊ីផាត ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ ក្រោយ​ពី​ឪពុក​ម្តាយ​ជន​រងគ្រោះ បាន​ដាក់​ពាក្យ​បណ្ដឹង។ បច្ចុប្បន្ន​នេះ លោក រ៉យ ស៊ីផាត មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​នៅ​ឡើយ​ទេ ដោយសារ​តែ​លោក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន មុន​ពេល​ប្រកាស​សាលក្រម ដោយ​មូលហេតុ​មាន​បញ្ហា​សុខភាព។

ភាព​ក្រីក្រ និង​ការ​អនុវត្ត​ច្បាប់​ទន់​ខ្សោយ​របស់​សមត្ថកិច្ច​កម្ពុជា បាន​បណ្ដាល​ឲ្យ​កម្ពុជា ក្លាយ​ជា​ឋានសួគ៌​សម្រាប់​ជន​ល្មើស​បំពាន​ផ្លូវ​ភេទ​កុមារ។

សាលា​ដំបូង​ខេត្ត​សៀមរាប ក៏​បាន​បង្គាប់​ឲ្យ​លោក រ៉យ ស៊ីផាត សង​សំណង​ជិត ៣​ពាន់​ដុល្លារ​ដល់​ជន​រងគ្រោះ​ទាំង​បី​នាក់ និង​តម្រូវ​ឲ្យ​សមត្ថកិច្ច​និរទេស​ខ្លួន​ចេញ​ពី​កម្ពុជា ក្រោយ​លោក​បញ្ចប់​ទោស​ក្នុង​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។