ឈ្មួញ​ឈ្មោះ តា​គ្រួច នាំចូល​ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ខូចគុណភាព​តាម​ច្រករបៀង​ខេត្តកោះកុង តាម​អំពើ​ចិត្ត​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ តា​គ្រួច បានធ្វើ​សកម្មភាព​នាំចូល​ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ខូចគុណភាព ពី​ប្រទេស​សៀម​ចូលមក​ចែកចាយ​ក្នុង​ទីផ្សារ​ខេត្តកោះកុង ក៏ដូចជា​ចូលមក​ដល់​រាជធានី​ភ្នំពេញ​ផងដែរ ដោយ​ពុំមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ជួន​ការ​ឈ្មួញ​ឈ្មោះ តា​គ្រួច នាំចូល​ទំនិញ​ដូចខាងលើ​ចូល​តាម​ច្រក​អន្តរជាតិ​ចាំ​យាម​ផងដែរ ហើយ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​នេះ មិន​ចាត់វិធានការ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ បញ្ហា​នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​កាំកុងត្រូល​ក្នុង​ខេត្តកោះកុង ជាបន្ទាន់​។

តាម​ការសង្កេត​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ឈ្មោះ តា​គ្រួច នៅតែ​អាចធ្វើ​សកម្មភាព​នាំចូល​ស្លាបមាន់ ជង្គង់​មាន់ ប្រហិត​ខូចគុណភាព និង​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ជាច្រើន​ប្រភេទ​ទៀត​តាម​ច្រករបៀង និង​ច្រក​អន្តរជាតិ​ចាំ​យាម​យ៉ាង​ពេញបន្ទុក​។ ទំនិញ​ទាំងនោះ​ឈ្មួញ​ឈ្មោះ តា​គ្រួច យកទៅ​ចែកចាយ​ក្នុង​ទីផ្សារ​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​នានា​ក្នុង​ខេត្តកោះកុង ហើយ​មួយផ្នែក​យកមកចែក​ចាយ​តាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​។ ប្រភព​ខ្លះ​បាន​លើកឡើងថា ដោយសារ​មានការ​ឃុបឃិត​ពី​មន្ត្រី​កាំកុងត្រូល​ក្នុង​ខេត្តកោះកុង ជាពិសេស​សមត្ថកិច្ច​កាំកុងត្រូល​នៅ​ច្រក​អន្តរជាតិ​ចាំ​យាម និង​តាម​ច្រករបៀង ទើប​ឈ្មួញ​ឈ្មោះ តា​គ្រួច អាច​នាំ​ទំនិញ​ខូចគុណភាព​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​តាម​អំពើ​ចិត្ត​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បានលើកឡើង​ថា ក្នុង​មួយខែៗ​ឈ្មួញ​ឈ្មោះ តា​គ្រួច ទំនងជា​ចំណាយលុយ​សូកប៉ាន់​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិនតិច​នោះទេ ទើប​អាច​នាំចូល​ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ខូចគុណភាព ព្រមទាំង​ទំនិញ​ផ្សេងៗ​ទៀត​ចូលមក​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​។ បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​អ្នកទិញ​ចំណីអាហារ​ទាំងនោះ​យកមក​ទទួលទាន ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ តាម​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​រស់នៅ​តំបន់​ច្រក​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ក្នុង​មួយ​យប់ៗ​ស្លាបមាន់ ជង្គង់​មាន់ ឆ្អឹង​មាន់ និង​ប្រហិត​ខូចគុណភាព មិនតិចជាង​១៥​ទៅ​២០​តោន​នោះទេ ដែល​ឈ្មួញ​ឈ្មោះ តា​គ្រួច និង​ឈ្មោះ​ដទៃទៀត​ដឹកជញ្ជូន​ពី​ស្រុក​សៀម មក​ចែកចាយ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ​ដោយ​មិន​គិតពី​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ឡើយ​៕

20160305_085622លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល Pic100