បទល្មើស​ដឹកជញ្ជូន​ឈើ​ចូល​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​កំពង់ឆ្នាំង នៅតែ​កើតឡើង​យ៉ាង​រាលដាល

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ព្រៃ​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់​ពួកគេ​នោះទេ​។ ជាក់ស្ដែង​ទីតាំង​ម៉ាស៊ីន​អារឈើ​ប្រភេទ​ថាស កំពុង​កើតឡើង​ជាច្រើន​កន្លែង​លាន់​កងរំពង​ក្នុងព្រៃ​តំបន់​ពេជ្រ​ជោ និង​តំបន់​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ហើយ​មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ រោង​ម៉ាស៊ីន​អារឈើ​ដែល​កំពុងដំណើរការ​ខ្លាំងក្លា​ជាងគេ គឺមាន​ម្ចាស់​ឈ្មោះ ចេង នៅ​តំបន់​ពេជ្រ​ជោ ភូមិ​ដំណាក់​ខ្លុង ឃុំ​ក្រាំង​ស្គារ ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បង្ក្រាប​ឡើយ​។

​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ក្រាំង​ស្គារ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា​ឈើ​ដែល​អារ​រួច​ត្រូវបាន​គេ​ដឹកជញ្ជូន​យកទៅ​ចែកចាយ​តាម​ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​កំពង់ឆ្នាំង យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ដែល​ដឹក​ចេញពី​រោង​ម៉ាស៊ីន​របស់​ឈ្មោះ ចេង និង​រោង​ម៉ាស៊ីន​ដទៃទៀត ត្រូវបាន​ដឹក​យកទៅលក់​ឲ្យ​ដេប៉ូ​ឈើ​ចំណុចដើម​ស្រល់​មុខ​វត្ត​យាយ​ទេព និង​មុខ​អ្នកតាចិន ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ទឹកផុស និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​កំពង់ឆ្នាំង ត្រូវបាន​គេ​ដឹងថា​ទទួល​ប្រយោជន៍​ពី​ឈ្មួញ​ជាប្រចាំ​ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ក្រាំង​ស្គារ បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ជាបន្ទាន់ ព្រោះ​បទល្មើស​នោះ​ហើយ​ដែលជា​ហេតុ​នាំ​ឲ្យ​សកម្មភាព​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​និង​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រជា​សហគមន៍​បាន​លើកឡើងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ទឹកផុស​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​កំពង់ឆ្នាំង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ស្ថាប័ន​ផ្សេងៗ​ទៀត​ទើប​ពុំមាន​ការបង្ក្រាប​ទាល់តែសោះ​។ ក្នុងនោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​កំពង់ឆ្នាំង ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទើប​បទល្មើស​នៅតែ​កើតមាន​ឥតឈប់ឈរ​៕

13416852_1722173288049362_1337099406127097537_o 13466424_1722173408049350_6870496447432114567_n 13475227_1722173434716014_5543979017995773838_o 13474994_1722173234716034_846630079674581496_o 13443270_1722173261382698_5475268425264067970_o 13445370_1722173378049353_5015169957082694787_n 13466456_1722173398049351_5453520367751858007_n