ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តរតនគិរី ទៅ​លក់​នៅ​ស្រុក​យួន​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​រិះគន់ថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក៏ដូចជា​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នោះទេ​។ មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដែល​កំពុង​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ដោយហេតុថា ប្រសិនបើ​លោក កែប កត់ អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះ គឺ​ឈ្មួញ​ខិលខូច​មិនអាច​បន្តសកម្មភាព​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​បានឡើយ​។

​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ប្រភេទ​គ្រញូង ធ្នង់ សុ​ក្រំ ផ្ចឹក​ជាដើម នៅតែ​ត្រូវ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ យ៉ាង​អនាធិបតេយ្យ​ដដែល ដោយសារ​មានការ​បើកដៃ​ពី​សំណាក់​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​បក្ខពួក​។ សព្វថ្ងៃនេះ​នៅក្នុង​ស្រុក​វ៉ើ​ន​សៃ ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ទំនើបៗ​ដូចជា​ម៉ាក​ធុន​ដ្រា ហាយ​ឡែ​ន​ឌ័​រ តូយ៉ូតា​១​បាំង​កន្លះ និង​បា​ឡែ​ន​ជាដើម ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ ឆ្លងកាត់​ស្រុក​តា​វែង ស្រុក​អូរ​ជុំ ចូល​ក្រុង​បាន​លុង ហើយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧៨ យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភ្នំ​ក្រហម គឺជា​ទីតាំង​ដែល​ឈ្មួញ​បន្ត​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ឧបសគ្គ​។

សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ទៅ​តំបន់​ព្រំដែន​ស្រុក​អូ​រយ៉ា​ដាវ មាន​ទីតាំង​ឈរជើង​របស់​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ដែលមាន​តួនាទី​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ បង្ក្រាប​ទំនិញគេចពន្ធ​ជាដើម ប៉ុន្តែ​ជាក់ស្ដែង​ពួកគេ​មិនបាន​បង្ក្រាប​រថយន្ត​ទំនើបៗ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នោះទេ​។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​អូរ​យ៉ា​ដាវ ត្រូវគេ​រិះគន់ថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​លុយកាក់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​លើ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី ជាបន្ទាន់​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត ក្នុងខណៈដែល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​៕

dsds-3211លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី 13407037_1722132571386767_6173805348542184074_n 13419067_1722132524720105_3805002316044308613_n