​លោក កឹម សុខា បញ្ជាក់ថា ប្រជាពលរដ្ឋ​គួរ​ទៅ​បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី​សេរីភាព​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ និង​សេរីភាព​នឹង​មិនអាច​កើតឡើង​បានទេ​បើ​ប្រជាពលរដ្ឋ​មិន​ប្រឹងប្រែង​ជំនះ​ឧបសគ្គ​ទៅ​ស្វែងរក​វា ហើយ​ថា​បេសកកម្ម​មាន​ភាពជោគជ័យ​អាស្រ័យ​លើ​ការសហការ​គ្នា​រវាង​ប្រជាពលរដ្ឋ និង​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ពួកយើង​សុទ្ធតែ​ចង់បាន​ការផ្លាស់ប្តូរ និង​សេរីភាព​ពេញលេញ​ដូចគ្នា​។​

វេលា​ម៉ោង ៨:០០​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល លោក កឹម សុខា ក្នុងនាម​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​សំណេះសំណាល​ជាមួយ ចលនា​យុវជន និង​ចលនា​ស្ដ្រី រាជធានី​ភ្នំពេញ​។ ក្នុងជំនួប​សំណេះសំណាល​នេះ លោក កឹម សុខា បាន​ជម្រាបជូន​នូវ​ពាក្យស្លោក ជា​សារ​នយោបាយ​មួយ​គឺ បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី​សេរីភាព​។ លោក កឹម សុខា បាន​បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅតែ​តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​អហិង្សា ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​សន្តិ​វី​តាមរយៈ​ការបោះឆ្នោត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​ភាពជោគជ័យ​។​

​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​បាន​ពន្យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ បើទោះជា​បាន​ជួប​ឧបសគ្គ និង​មាន​ការយាយី​តាម​គ្រប់​រូបភាព​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​បោះបង់​គោលដៅ​របស់ខ្លួន​ឡើយ​។ លោក កឹម សុខា បានបញ្ជាក់​ទៀតថា អំពើ​ល្អ​នឹង​ឈ្នះ​អំពើអាក្រក់​នៅ​ទីបញ្ចប់​មិន​ខាន ហើយ​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត​នៅពេល​ខាងមុខ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ភាពប្រសើរ​ឡើងលើ​គ្រប់​វិស័យ ពិសេស​វិស័យសេដ្ឋកិច្ច ការពារជាតិ សុខាភិបាល និង​អប់រំ​ជាដើម​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​នៅ​ថ្ងៃ​ម្សិលមិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ដ​ការជួបជុំ​នៅ​ទីស្នាក់ការ​កណ្ដាល​រហូត​ដល់​មាន​ដំណោះស្រាយ​។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា គោលដៅ​ចម្បង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ចង់​រក្សា​ស្ថិរភាព​នយោបាយ ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ ដោយ​គ្មាន​ការគាបសង្កត់ ពោលគឺ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​៕

13435478_1384647711552524_6496808563416954780_n 13450178_1384647901552505_5120800959416428357_n 13428609_1384647908219171_7216995231598239582_n