រន្ធត់​ចិត្ត! ​ឪពុក​កូន​បី​នាក់ ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

រន្ធត់​ចិត្ត! ​ឪពុក​កូន​បី​នាក់ ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក



តាកែវ​ ៖​ ឪពុក​កូន​បី​នាក់​ ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​គួរ​ឲ្យ​សង្វេគ​ ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក​​​ ​​​នៅ​វេលា​ម៉ោង​​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​លំពែង​ សង្កាត់​បារាយណ៍​ ក្រុង​ដូន​កែវ ​ខេត្ត​តាកែវ។

ជន​រង​គ្រោះ​ទាំង​បី​នាក់ ​ក្នុង​ករណី​ចរន្តអគ្គិសនី​ឆក់​រហូតដល់​បាត់បង់​ជីវិត​ទាំង​បី​នាក់​នេះ​ គឺ​ជា​ឪពុក​និង​កូន​ដែល​មាន​ឈ្មោះ ពេជ្រ សុភាព ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ឪពុក ចំណែក​កូន​មានឈ្មោះ រ៉េ​ន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៣​ឆ្នាំ និង ឈ្មោះ រ៉េត សុផាត ភេទ​ប្រុស អាយុ​១០។ ទាំង​បី​នាក់​ឪពុក​កូន​រស់នៅ​ភូមិ​លំពែង សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្ត​តាកែវ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​​​​និយាយ​ថា ជនរងគ្រោះ​ជា​ឪពុក​គឺជា​ជាង​ផ្សារដែក​ម្នាក់​ក្នុង​ភូមិ ហើយ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ គាត់​​បាន​ធ្វើ​ការងារ​ផ្សារ​ដែក​របស់​គាត់​ដូច​សព្វដង តែ​មិន​ដឹង​ជា​យ៉ាងម៉េច​បាន​ជា​ធ្វេសប្រហែស​ត្រូវ​ខ្សែភ្លើង​ឆក់។ ចំណែក​កូន​ៗ​របស់​គាត់​ទាំងពីរ​ ដែល​ត្រូវ​ឆក់​ស្លាប់​ដែរ​នោះ អាច​ប្រហែលជា​ឃើញ​ឪពុក​ត្រូវ​ភ្លើង​ឆក់ ក៏​រត់​ទៅ​ឱប​ទើប​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ទាំង​បី​នាក់​តែ​ម្តង​ទៅ។ ដោយឡែក​ពេល​កើតហេតុ​នោះ​ប្រពន្ធ​របស់​គាត់​មិនបាន​នៅផ្ទះ​នោះ​ទេ។

បច្ចុប្បន្ន​សព​ឪពុក​កូន​បី​នាក់ ​ក្រោយពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​ និង​ធ្វើ​កំណត់ហេតុ​រួច ​​ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

រន្ធត់​ចិត្ត! ​ឪពុក​កូន​បី​នាក់ ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក