អង្គការណាសា៖ ពេលនេះ ភពផែនដីរបស់យើង មានព្រះច័ន្ទ២ហើយ (មានវីដេអូ)

អាមេរិក៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីអង្គការណាសា បានលើកឡើងថា មានដុំអាចម៍ផ្កាយតូចមួយ ត្រូវបានប្រទះឃើញ កំពុងហោះជុំវិញផែនដី និងត្រូវបានគេចាត់ទុកថា វាអាចក្លាយជាព្រះច័ន្ទទី២ សម្រាប់ភពផែនដីរបស់យើង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការណាសា បានលើកឡើងថា ពួកគេបានប្រទះឃើញវត្ថុម្យ៉ាង ដូចជាដុំអាចម៍ផ្កាយ ដែលត្រូវបានគេហៅថា 2016 HO3 កំពុងហោះវិលៗក្នុងលំហអាកាស ជុំវិញភពផែនដី ប្រហែលជា៥០ឆ្នាំមកហើយ និងនៅតែវិលបន្តទៀត ក្នុងរយៈពេលដ៏វែង។

ដុំអាចម៍ផ្កាយនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ សន្និដ្ឋានថាមានទំហំ បន្ទាត់ផ្ចិតចន្លោះពី៣៧ ទៅ៩១ម៉ែត្រ ហើយវាត្រូវបានប្រទះឃើញដំបូង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដោយកែវយឺតពិនិត្យស្ថានភាពអាចម៍ផ្កាយ Pan-STARRS 1 នៅក្នុងតំបន់ Haleakala រដ្ឋ Hawaii សហរដ្ឋអាមេរិក។

យ៉ាងណាមិញ អង្គការណាសា ក៏បានបញ្ជាក់ថា ដុំអាចម៍ផ្កាយនេះ មិនបានបង្កហានិភ័យ មកដល់ភពផែនដីរបស់យើងនោះឡើយ ព្រោះថាវានឹងមិនអាច ហោះមកជិតភពផែនដី ក្នុងរយៈចម្ងាយ ១៤លានគីឡូម៉ែត្រទេ។

ជុំវិញការលើកឡើងថា ផែនដីនឹងមាន ព្រះច័ន្ទមួយទៀត ព្រោះតែដុំអាចម៍ផ្កាយមួយនេះ អង្គការណាសា ក៏បានពន្យល់ថា “ក៏ព្រោះតែដុំអាចម៍ផ្កាយ 2016 HO3 នៅឆ្ងាយពីភពផែនដី ខ្លាំងពេកដូច្នេះយើងមិនអាច ចាត់ទុកវាជាព្រះច័ន្ទបែបធម្មជាតិ ឬក៏តារារណប អ្វីឡើយ តែពួកយើងអាចហៅវាបានថាជា quasi-satellite”។

ជាមួយគ្នានេះដែរ លោក Paul Chodas នាយកគ្រប់គ្រង នៃមជ្ឈមណ្ឌលស្រាវជ្រាវ វត្ថុដែលនៅក្បែរភពផែនដី នៃអង្គការណាសា បានប្រាប់ឲ្យដឹងទៀតថា “តាមការគណនា របស់យើងគឺចង្អុលបង្ហាញថា ដុំអាចម៍ផ្កាយ 2016 HO3 នឹងនៅតែបន្តហោះវិល ជុំវិញផែនដីរបស់យើង ក្នុងពេល១សតវត្សខាងមុខទៀត ហើយវាក៏នឹងនៅតែ វិលតាមលំនាំផ្លូវ ដើម្បីអមជាមួយនឹងផែនដី ក្នុងរយៈពេលជាច្រើនសតវត្ស ខាងមុខទៀតផងដែរ តែយ៉ាងណាមិញ ភពផែនដីក៏នឹងមិនមាន ហានិភ័យណាមួយ ពីព្រោះតែដុំអាចម៍ផ្កាយ 2016 HO3 នេះនោះដែរ”។

គូសបញ្ជាក់ផងដែរថា នេះគឺជាការប្រទះឃើញ ដុំអាចម៍ផ្កាយថ្មីមួយទៀត ដែលនៅហោះវិលមិនឆ្ងាយពីភពផែនដីរបស់យើង តែវាមិនបាន បង្កគ្រោះថ្នាក់អ្វីឡើយ ដែលនេះធ្វើឲ្យ ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួន ចាត់ទុកថាវាក៏ជា ព្រះច័ន្ទទី២ សម្រាប់ភពផែនដី ផងដែរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អង្គការណាសា៖ ពេលនេះ ភពផែនដីរបស់យើង មានព្រះច័ន្ទ២ហើយ (មានវីដេអូ)
រូបភាព ភពផែនដី នៅក្នុងលំហអាកាស