សង្គម​ស៊ីវិល​រិះគន់​តុលាការ​ខេត្ត​ក្រចេះ​ថា​បន្ត​ឃុំ​ខ្លួន​ពលរដ្ឋ​មាន​ជំងឺ​សរសៃ​ប្រសាទ

ពលរដ្ឋ និង​សង្គម​ស៊ីវិល ចោទ​តុលាការ​ខេត្ត​ក្រចេះ ថា​បន្ត​ឃុំ​ខ្លួន​អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ខុស​នីតិវិធី។ តុលាការ​ខេត្ត​ក្រចេះ បាន​ឃុំ​ខ្លួន​អ្នក​ភូមិ​មាន​ជំងឺ​សរសៃ​ប្រសាទ កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ ចំណែក​តំណាង​អយ្យការ​ខេត្ត​ក្រចេះ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មិថុនា ថា បុរស​វ័យ​ជាង ៦០​ឆ្នាំ​មាន​ជំងឺ​សរសៃ​ប្រសាទ ត្រូវ​តុលាការ​ខេត្ត​នេះ​ឃុំ​ខ្លួន​ជាង ៤​ខែ​មក​ហើយ ដោយ​ចោទ​ពី​បទ​កាប់​ព្រៃ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដោយ​ខុស​ច្បាប់។

ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹម លោក ម៉េត ធី រៀបរាប់​ថា អ្នក​ភូមិ​បាន​យក​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​បុរស​ឈ្មោះ រឹម ឌុយ កើត​ជំងឺ​សរសៃ​ប្រសាទ ស្នើ​ទៅ​តុលាការ​ឲ្យ​លើក​លែង​បទ​ចោទ តែ​ពុំ​ទទួល​បាន​លទ្ធផល។ លោក​កត់​សម្គាល់​ថា កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ លោក រឹម ឌុយ បាន​គាស់​ដំឡូង​នៅ​ខាង​ក្រោយ​ផ្ទះ ត្រូវ​សន្តិសុខ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​មេមត់ និង​មន្ត្រី​បរិស្ថាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ក្រចេះ៖ «គេ​ថា​ខ្លាំង​ណាស់។ ហើយ​បើ​អ្នក​ហិត​កាវ​គេ​ឲ្យ​ចេញ​រួច​ហើយ។ ធ្ងន់​ណាស់​អ្នក​កាប់​ដំឡូង​ហ្នឹង។ ខ្ញុំ​យល់​ថា មិន​យុត្តិធម៌​ជាមួយ​រាស្ត្រ​ទេ អារ​ក​រាស្ត្រ»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​តុលាការ​ខេត្ត​ក្រចេះ លោក ឌិន សុវុទ្ធី ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ មិថុនា។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ព្រះរាជអាជ្ញា​អម​សាលា​ខេត្ត​ក្រចេះ លោក ធី សុវណ្ណថាល់ បញ្ជាក់​ថា ការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ មិន​អាច​ធ្វើ​ទៅ​បាន​ត្រឹម​តែ​សន្និដ្ឋាន ឬ​តាម​ការ​មើល​ខាង​ក្រៅ​នោះ​ទេ។ លោក​ថា ប្រសិន​បើ​ចៅក្រម និង​តំណាង​អយ្យការ​មិន​ព្រម​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ ពលរដ្ឋ​អាច​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត​បាន៖ «យើង​មាន​សិទ្ធិ​ប្ដឹង​ត​ទៀត ប្ដឹង​ទៅ​ឧត្តម​ក្រុមប្រឹក្សា​វិន័យ ហើយ​ខ្ញុំ​ក៏​អាច​ជំនួយ​ក្នុង​នីតិវិធី​របស់​ខ្ញុំ សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ដែរ តែ​អត់​ឃើញ​សំណុំ​រឿង​ផង គេ​មិន​ដែល​មក​ជួប​ខ្ញុំ»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្មាំ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ និង​មន្ត្រី​បរិស្ថាន បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​ឈ្មោះ រឹម ឌុយ ហើយ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ ដោយ​ចោទ​ថា ពលរដ្ឋ​ម្នាក់​នោះ​បាន​កាប់​រាន​ដី​ព្រៃ​ក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​មេមត់។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ក្រចេះ លោក ឌិន ខន្នី ដែល​ចុះ​ស៊ើប​អង្កេត​រឿង​នេះ យល់​ថា តុលាការ​គួរ​តែ​ដោះ​លែង​ពលរដ្ឋ​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​លើក​លែង​បទ​ចោទ ដោយ​សំអាង​ថា តំណាង​អយ្យការ​ពុំ​មាន​ធាតុ​ផ្សំ​ណា​មួយ​សម្រាប់​ដាក់​បន្ទុក​ឡើយ បន្ទាប់​ពី​ពលរដ្ឋ​នោះ​បាន​កាប់​ដំឡូង​ដើម្បី​បរិភោគ ពុំ​មែន​កាប់​ព្រៃ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ម្យ៉ាង គាត់​មាន​ជំងឺ​មិន​ប្រក្រតី​ទៀត។ លោក​រក​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន និង​វេជ្ជបណ្ឌិត បាន​សរសេរ​លិខិត​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​លោក រឹម ឌុយ ថា​មាន​ជំងឺ​សរសៃ​ប្រសាទ​ដែរ។ លោក​ចាត់​ទុក​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​កើត​ជំងឺ​សរសៃ​ប្រសាទ ថា​ជា​ទង្វើ​ខុស​ច្បាប់៖ «ច្បាប់​បើ​កាលណា​មាន​ការ​បញ្ជាក់​អះអាង មេ​ភូមិ មេ​ឃុំ អាជ្ញាធរ​ដែនដី ហើយ​បូក​ចំណារ​ពី​អភិបាល​ស្រុក​ទៀត ដូច្នេះ​វា​គួរ​គប្បី​ដែល​ក្នុង​ការ​ដោះ​លែង​គាត់»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ ឈ្មោះ នាង យ៉ុង បាន​ចេញ​លិខិត​បញ្ជាក់​ថា លោក រឹម ឌុយ មាន​ជំងឺ​សរសៃ​ប្រសាទ។

ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​មាត្រា​៣១ ចែង​ថា កាល​បើ​ជន​ណា​ម្នាក់​ប្រព្រឹត្ត​បទល្មើស​នៅ​ពេល​ដែល​ជន​នោះ​កើត​វិបល្លាស ឬ​មាន​ជំងឺ​សរសៃ​ប្រសាទ ជន​នោះ​មិន​ទទួល​ខុស​ត្រូវ​ច្បាប់​ព្រហ្មទណ្ឌ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។