មេការសំណង់ជនជាតិចិន ជំពាក់លុយកម្មករជាង ១ម៉ឺនដុល្លារ ហើយកាន់កាំបិតបុ័ង តោដេញកាប់ មេជាងរហូតដល់ស្នងការ ត្រូវនគរបាលចាប់វាយខ្នោះ

(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ ដែលជាមេការសំណង់ បានបង្កអំពើហិង្សាដល់មេជាងរបស់ខ្លួន ដោយកាន់កាំបិតបុ័ងតោដេញកាប់ ប្រហារពីព្រោះតែខឹងជនរងគ្រោះ ទារលុយជំពាក់ ជាង១ម៉ឺនដុល្លារ ដែលត្រូវបើកជូនកម្មករ។ តែអ្វីកាន់តែហួសចិត្តនោះ គឺជនបង្កបាន បើករថយន្ត កាន់កាំបិតមកចង់ដេញកាប់ ដល់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ហើយថែមទាំងស្រែកឡូឡាបង្កអនាធិបតេយ្យ យ៉ាងខ្លាំងប៉ុន្តែភ្លាមៗ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាឲ្យចាប់វាយខ្នោះ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ហើយត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការនៅថ្ងៃនេះ។

លោក កុល ផល្លី ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានឲ្យដឹងថា វេលាម៉ោង១១​ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ របស់លោក​ បានទទួលបណ្តឹង​ពីឈ្មោះ​ អួង​ ភាគ​ ហៅចិន​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ មុខរបរ​ មេជាងសំណង់​ បានប្តឹងឈ្មោះ​ ហ្វាង​ យ៉ាំងហ័រ​ ជនជាតិចិន ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មុខរបរ​ មេការសំណង់​ ពីបទរំលោភលើទំនុកចិត្ត​ (​មិនបើកប្រាក់ឈ្នួលឲ្យកម្មករ​ ចំនួនជាង១ម៉ឺនដុល្លារជាង​)។

លោក កុល ផល្លី បានបញ្ជាក់ទៀតថា ការដោះស្រាយភាគីទាំងសងខាង​ បានឯកភាពគ្នាដោយឈ្មោះ​ ហ្វាង​ យ៉ាំងហ័រ​ ព្រមនឹងប្រគល់ លុយចំនួន​ ២០០០​ដុល្លា​រ ឲ្យជនរងគ្រោះនៅថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១៦នេះ ហើយនៅពេលធ្វើរួច​ទើបឲ្យលុយគ្រប់ចំនួន​។

ប៉ុន្តែនៅម៉ោង៨៖៣០នាទី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៦​ ជនរងគ្រោះបានទូរស័ព្ទ​ទៅលោកឧកញ៉ា​ ដែលជាម្ចាស់សំណង់ ពេលនោះលោក ឧកញ៉ាបានប្រាប់មកថា គាត់បានប្រគល់លុយបើកឲ្យ​ ៣០០០០ដុល្លា​រ ចុះមូលហេតុអ្វីបានឈ្មោះ​ ហ្វាង​ យ៉ាំងហ័រ​ មិនបើកឱ្យកម្មករ​?

លោកស្នងការរង បានបន្តទៀតថា បន្ទាប់មកលោកឧកញ៉ា​ ម្ចាស់សំណង់​បានទូរស័ព្ទឲ្យឈ្មោះ​ ហ្វាង​ យ៉ាំងហ័រ​ សួរមូលហេតុ​អ្វីមិនបើក លុយឱ្យកម្មករ​។​ ស្រាប់តែពេលនោះជនសង្ស័យ​ បានយកកាំបិតបុ័ងតោ ដេញ​កាប់ជនរងគ្រោះ​ តែសំណាងល្អមានកម្មករច្រើននាក់ បានឃាត់​។​

ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះភ័យស្លន់ស្លោ​ ហើយបានរត់មកប្តឹង​នៅស្នងការនគរបាល​ខេត្ត មេត្តាឲ្យជួយអន្តរាគមន៍ ស្រាប់តែ​ជនសង្ស័យបានបើករថយន្ត​ ម៉ែកសឺដេស​ ស្លាកលេខ​ភ្នំពេញ​ 2I-6161 សម្រុកចូលស្នងការនគរបាល ទាំងភាពកម្រោលនិងស្រែកឡូឡា​ បង្កចលាចល​ទៀតផង ទើបលោកស្នងការ បញ្ជាឲ្យចាប់វាយខ្នោះ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មេការសំណង់ជនជាតិចិន ជំពាក់លុយកម្មករជាង ១ម៉ឺនដុល្លារ ហើយកាន់កាំបិតបុ័ង តោដេញកាប់ មេជាងរហូតដល់ស្នងការ ត្រូវនគរបាលចាប់វាយខ្នោះ