រថយន្តកូរ៉េ៥តោន បុកម៉ូតូ ស្លាប់ទាំង៣ នៅផ្លូវជាតិលេខ៣៣

កំពត៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តកូរ៉េ៥តោន បុកស្លាប់ នៅម៉ោង១៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣៣ (កំពត-កែប) ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

លោកវរ:សេនីយ៍ត្រី ជា ភារ៉ា អធិការរងទទួលផែនសណ្តាប់ធ្នាប់ ស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា រថយន្តបើកបរក្នុងទិសដៅបញ្ច្រាសគ្នា រថយន្តបើកពីកើត ទៅលិច លុះដល់ចំណុចកើតហេតុ ក៏បុកម៉ូតូជនរងគ្រោះជិះ ឌុបគ្នា៣នាក់ចំពេញទំហ៊ឹង បណ្តលឲ្យស្លាប់ទាំង៣នាក់ភ្លាមៗ ក្រោយហេតុការណ៍ អ្នកបើកប ររថយន្តបានចុះរត់គេចខ្លួនបាត់។ មន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ មិនទាន់ដឹងឈ្មោះនៅឡើយ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ពាក់ស្លាកលេខ កំពត 3A-0414 ឯម៉ូតូជនរងគ្រោះ ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CT-3852។ 

លោកជា ភារ៉ា ឲ្យដឹងទៀតថា សាកសពជនរងគ្រោះ ២នាក់ នៅវេលាព្រឹក ថ្ងៃទី១៨នេះ ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅស្រុកចាត់ចែង ធ្វើបុណ្យតាម ប្រពៃណី ចំណែកសពជនរងគ្រោះម្នាក់ទៀត អត់មានឪពុកម្តាយ បងប្អូន ត្រូវបានកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចាត់ចែងដុតបូជា នៅឯវត្ត ត្រពាំងសង្កែ រួចរាល់ហើយ។ បច្ចុប្បន្នរថយន្ត និងម៉ូតូ កំពុងរក្សាទុកនៅ ឯស្នងការដ្ឋាននគរបាលខេត្តកំពត៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ ហេតុការណ៍ស្រដៀងនេះ ក៏ទើបតែកើតឡើងផងដែរ  ត្រូវរថយន្ដកុងទីន័របុកស្លាប់ យ៉ាងអាណោចអាធ័ម នៅខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារី២នាក់ជាបងប្អូនបង្កើត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ដោយសារតែរថយន្ដកុងទីន័រ បុកម៉ូតូរបស់ពួកគេ នៅម៉ោង១៖២០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុការណ៍រថយន្ដកុងទីន័រ ម៉ាក Fuso ពាក់ស្លាកលេខភ្នំពេញ3A-6503 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានគៀររថយន្ដ Prius មួយគ្រឿង ក្រោយមកបានរេចង្កូតទៅបុក និងកិនម៉ូតូមួយគ្រឿង ម៉ាកគុប ពាក់ស្លាកលេខភ្នំពេញ1AH-3577 បណ្ដាលឱ្យនារី២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ស្លាប់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះទី១ឈ្មោះអន ពិដោរ អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់រាំងសាំង ខណ្ឌពោធិ៍សែនជ័យ និងម្នាក់មិនទាន់ស្គាល់ឈ្មោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដបង្ក និងម៉ូតូ ត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ។ ជាមួយគ្នានេះអ្នកបើករថយន្តកុងតឺន័រ និងព្រូរថយន្តក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្តកូរ៉េ៥តោន បុកម៉ូតូ ស្លាប់ទាំង៣ នៅផ្លូវជាតិលេខ៣៣

រថយន្តកូរ៉េ៥តោន បុកម៉ូតូ ស្លាប់ទាំង៣ នៅផ្លូវជាតិលេខ៣៣