អាជ្ញាធរ​ជាតិ​អប្សរា​ថា ​នៅ​មិនទាន់​ទទួល​បាន​លិខិត​ជា​ផ្លូវការ​ណាមួយ​ពី​CNRP​នៅឡើយ​ទេ​ នា​រសៀល​នេះ

អាជ្ញាធរ​ជាតិ​អប្សរា​ថា ​នៅ​មិនទាន់​ទទួល​បាន​លិខិត​ជា​ផ្លូវការ​ណាមួយ​ពី​CNRP​នៅឡើយ​ទេ​ នា​រសៀល​នេះ



សៀមរាប​ ៖​ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​គឺ​លោក​ឡុង កុសល​ បាន​ថ្លែង ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​នេះ​ថា ​៖ ​រហូត​មក​ទល់​ពេល​នេះ ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​មិនទាន់​ទទួល​លិខិត​រៀបចំ​កម្មវិធី​នៅមុខ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃ​ទី​១៩​ស្អែក​នេះ​នៅឡើយ​ទេពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​CNRP។

លោក​បន្ត​ថា ​៖​ ច្បាប់​គឺ​ច្បាប់ ដូច្នេះ​បើ​មាន​ការ​ការរៀបចំ​កម្មវិធី​អ្វី​មួយ​នៅ​ក្នុង​បរិវេណ​អង្គរ ​ដែល​មាន​ការគ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​គឺ​ត្រូវតែ​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ទើប​ជា​ការ​ប្រសើរ ​និង​ចេះ​ទទួលខុសត្រូវ។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​៖ “​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​មេត្តា​រួសរាន់​បំពេញបែបបទ​តាម​នីតិ​វិធី​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ប្រារព្ធ​ពិធី​។ អាជ្ញាធរ​ជាតិ​អប្សរា​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ និង​ផល​ប៉ះពាល់​មកដល់​បេតិកភណ្ឌ​បណ្ដាល​មក​ពី​ការ​ប្រារព្ធ​ពិធី​ដែល​គ្មាន​ការអនុញ្ញាត​, ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ជាយថាហេតុ​ដែល​កើត​ចេញ​អំពី​ការ​ប្រារព្ធ​ពិធី​នេះ”។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា ​៖​ អាជ្ញាធរ​ជាតិ​អប្សរា​ពុំ​ទាន់​បាន​ទទួល​សំណើ​ផ្លូវ​ការ​ណាមួយ​ពី​CNRP​ជុំវិញ​ការ​ប្រារព្ធ​ពិធី​នៅមុខ​ប្រាសាទអង្គរវត្ត​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦​នោះ​ទេ។ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា ​ពុំ​មាន​ពិធី​ណា​មួយ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ​ដែល​គ្មាន​ការពិនិត្យ​និង​សម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​អប្សរា នោះ​ទេ៕
អាជ្ញាធរ​ជាតិ​អប្សរា​ថា ​នៅ​មិនទាន់​ទទួល​បាន​លិខិត​ជា​ផ្លូវការ​ណាមួយ​ពី​CNRP​នៅឡើយ​ទេ​ នា​រសៀល​នេះ