បើ​ធ្វើតែ​មិនដឹង​ចឹង ឱ្យពលរដ្ឋសង្ឃឹមអី?

ខេត្តត្បូងឃ្មុំ ៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទី​តាំង​​លេង​ល្បែង​មួយកន្លែងយីហោ​ «ចក្រវាឡជាយ​ដែន» ស្ថិតក្នុងភូមិ​អន្លង់ជ្រៃ ឃុំកក់ ស្រុក​ពញា​ក្រែក កំពុង​​​តែ​​បើក​​លេង​​យ៉ាងរលូន និង​គគ្រឹក​​គគ្រេងបំផុត ដោយគ្មានការរំខាន​ដល់​មន្ត្រី​មាន​​សមត្ថកិច្ចណា​ម្នាក់​​​នោះទេ​ ​។ ក្នុងនោះ​ គេសង្កេត​ឃើញ​មាន​រថយន្ត​រាប់រយគ្រឿង បានចតតម្រៀបគ្នា​​​ជាជួរ​ក្នុង​បរិវេណ ដើម្បី​​ចូលទៅលេង​ល្បែង​​និង​ស្រែក​​​ហ៊ោកញ្ជ្រៀវ​​យ៉ាង​សប្បាយ​រីករាយ​ ។​

ក្នុង​ទីតាំងខាងលើនោះ គឺ​មាន​ល្បែង​ចាក់​បញ្ជល់​មាន់, ចាក់យូគី និងល្បែងជាច្រើន​ប្រភេទទៀត ដោយគេដឹង​ថា អ្នកចូលទៅលេង​នោះ គឺសុទ្ធសឹង​តែ​ជាជនជាតិខ្មែរ​១០០% រីឯជនជាតិវៀតណាម​ ក៏មានផងដែរ ។ ក្នុងការ​លេងភ្នាល់នោះ ត្រូវគេដឹងទៀតថា អ្នក​ដែល​​​ភ្នាល់បញ្ជល់​​​​​​មាន់ គឺគេហ៊ាន​លេងចាប់ពីខ្ទង់ពាន់ដុល្លារ រហូតដល់ម៉ឺនដុល្លារឯណោះ ។ 

បើតាមប្រភពពីអ្នកលេងល្បែងម្នាក់ឱ្យដឹងថា ថ្ងៃដែលគេចូលចិត្ត​ទៅ​លេងធំ​មាន​៣ថ្ងៃ​ គឺថ្ងៃ​​ព្រហស្បត្តិ៍, សៅរ៍ និងអាទិត្យ ។ ជាក់​ស្តែង នៅ​សៅរ៍ ទី១៨ មិថុនា នេះ គេឃើញវត្ត​មាន​​ម្ចាស់សង្វៀនខាងលើ ​មកពី​រាជធានីភ្នំពេញ​ចូលរួម​​ផងដែរ ។

មានការលើកឡើងពីប្រជាពលរដ្ឋ​ថា ពួកគាត់មាន​ក្តីបារម្ភខ្លាំងណាស់ ប្រសិន​ជា​​មាន​ការបើកដៃ​ឱ្យលេងល្បែង​យ៉ាង​សេរីបែបនេះ នឹង​ធ្វើឱ្យកើត​មាន​​បទល្មើសផ្សេងៗ​​ជាច្រើន ដែល​ករណី​ប្ល​ន់​កន្លងមក ត្រូវគេដឹងថា ​កើតចេញពី​ការ​លេង​ល្បែង​នេះ​ ។