នាំគ្នា​ឆ្ងល់​មួយ​ភូមិ​ស្អុយ​អី​? ពេល​រក​ឃើញ​ផ្អើល

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ​​រស់នៅ​​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមាន​ជ័យ បាន​​ធុំក្លិន​ស្អុយ​អា​​សោច៍​​នៅ​ក្បែរ​ភូមិ ក៏​បាន​ទៅ​​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​​ចុះ​ពិនិត្យ​ទាំង​យប់ កាល​ពី​ថ្ងៃ​ទី​១៧ ​មិថុនា ​​នេះ តែ​​មិន​ឃើញអ្វីនោះទេ ។

ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​មិថុនា ក៏ទៅ​​ពិនិត្យ​​ម្តងទៀតក៏ប្រទះ​ឃើញ​​សាកសព​មិន​ស្គាល់​អត្ត​សញ្ញាណម្នាក់ ​ត្រូវ​ជន​​មិន​ស្គាល់​មុខ​សម្លាប់ ​រួច​​​យកមក​កប់​ចោល​ មិនដឹង​តាំង​ពី​ពេល​​ណាទេ​ ដែលហេតុការណ៍​នេះ​បង្ក​ផ្អើល​​ពេញ​​ភូមិតែម្តង ។

បើ​តាម​​ការ​បញ្ជាក់​ពី​​មន្ត្រី​នគរបាល​ខេត្តព្រះវិហារឱ្យដឹង​​ថា សាកសព​​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទប្រុស មាន​​​ស្លៀក​ខោខ្លី​​ត្រឹម​ជង្គង់ អត់​​ពាក់អាវ មាន​កម្ពស់​១,៦៨​ម៉ែត្រ អាយុ​ប្រហែល​២០​ឆ្នាំ មាន​ស្នាម​បែក​ទាំងស្រុង​លើ​​ផ្ទៃ​មុខ ក និង​​ដៃ​ទាំង​២​​ចងស្លាបសេក ដោយ​ខ្សែ​នីឡុង (​ខ្សែ​គោ​) ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា សាកសព​នេះ មិនមែន​ជា​អ្នក​រស់នៅ​ភូមិ​​ខាង​លើ​​ទេ​ អាច​ត្រូវ​ជន​ដៃដល់​​វាយ​សម្លាប់​ រួច​ដឹក​មក​​កប់​ចោល​នៅ​ក្នុង​​ព្រៃ​​ខាង​លើ ។

 មក​ដល់​ពេល​នេះ​សមត្ថកិច្ច កំពុង​ធ្វើ​កោសល​វិច័យ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ជន​រង​គ្រោះ នឹង​ក្រុម​គ្រួសារ នឹង​កំពុង​បើក​ការ​សើ​ុ​ប​អង្កេត​ស្វែងរក​ជន​ដៃដល់ មក​ផ្តន្ទាទោស​តាម​ច្បាប់ ។