ក្រសួងកសិកម្មអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធសហការកម្ចាត់ដង្កូវដែលបំផ្លាញស្រូវពលរដ្ឋ

ភ្នំពេញ ៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា នៅក្នុងខេត្ត ចំនួន៥កំពុងកើតមានសត្វដង្កូវមួយប្រភេទរាតត្បាតស៊ីបំផ្លាញដំណាំស្រូវ ព្រមទាំង ដំណាំ ចម្ការរបស់ប្រជាពលរដ្ឋអស់ជាច្រើនពាន់ហិកតា ។ ទន្ទឹមគ្នានេះ ក្រសួងកសិកម្មបានអំពាវនាវឲ្យកសិករ អាជ្ញាធរ ពិសេស មន្ទីរកសិកម្មតាមបណ្ដាខេត្ត សហការកម្ចាត់ហ្វូងដង្កូវទាំងនោះ។

មន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា មកដល់ ពេលនេះដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវ និងផលដំណាំនៅក្នុងខេត្តមួយចំនួនដូចជា កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និង ឧត្តរមានជ័យ ប្រមាណជាង៣ពាន់ហិកតា ។

សេចក្ដីជូនដំណឹងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីការត្រៀម អន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំស្រូវដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ថាបច្ចុប្បន្នគិតចាប់ពីដើមខែមិថុនាមកហ្វូងសត្វដង្កូវរាប់ម៉ឺនក្បាលបានរាតត្បាតស៊ី បំផ្លាញដំណាំស្រូវរបស់ប្រជាកសិករនៅខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និងខេត្តឧត្តរ មានជ័យ ។

សេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក សូ ខនឫទ្ធីគុណ បានបញ្ជាក់ថា មូល ហេតុដែលកើតហ្វូងសត្វដង្កូវរាប់ម៉ឺនក្បាលបានរាតត្បាតស៊ីបំផ្លាញដំណាំស្រូវដោយសារឆ្នាំនេះលក្ខខណ្ឌធម្មជាតិនៅប្រទេសកម្ពុជា បានប្រែប្រួលរាំងស្ងួត ក្ដៅខ្លាំង និងអូសបន្លាយរយៈពេលយូរ ដែលអាច បង្កឲ្យមានភាពងាយស្រួលដល់ការកកើត និងរាលដាលនៃពួកដង្កូវហ្វូងនេះយ៉ាងឆាប់ រហ័សក្រោយពីមានភ្លៀងធ្លាក់នៅដើមរដូវ វស្សា ។

សេចក្ដីជូនដំណឹងដដែលបានពន្យល់បន្ថែមថា នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំមានដំណាំជាច្រើនមុខដូចជាស្ពៃ សណ្ដែក ពោត តែងរងនូវការបំផ្លាញដោយដង្កូវហ្វូងនេះ។ ដោយឡែកដំណាំស្រូវក៏តែងទទួលរងនូវការបំផ្លាញច្រើននាដើម រដូវវស្សានៅឆ្នាំណាដែលជួបប្រទះគ្រោះ រាំងស្ងួតខ្លាំង ព្រោះនៅពេលភ្លៀងដើមរដូវ រុក្ខជាតិទាំងឡាយចាប់ផ្ដើមដុះលូតលាស់ល្អបង្កើតបានជាជម្រក និងចំណីអាហារ សមស្របធ្វើឲ្យដង្កូវមានលទ្ធភាពបង្កើត កូនបានច្រើន ហើយបន្ទាប់មកមានការរាំងស្ងួតអូសបន្លាយធ្វើឲ្យមានការបាត់បង់ដល់ពពួកសត្វមានប្រយោជន៍ផងនោះដង្កូវហ្វូងក៏មានលទ្ធភាពបង្កើនកូនរាលដាលបំផ្លាញដំណាំស្រូវពីស្រែមួយទៅស្រែមួយទៀតទាំងហ្វូងៗចំពោះស្រែគ្មានទឹកវាកាត់ស៊ីដល់គល់តែម្ដង ចំណែកឯស្រែមានទឹកវិញ វាកាត់ស៊ីផ្នែកខាងលើទឹកទាំងអស់ ។

ក្រសួងកសិកម្មបានពន្យល់ថា ដង្កូវហ្វូងទាំងនោះគឺត្រូវបានគេចាត់ទុកថា ជាសត្វល្អិតចង្រៃចម្បងមួយប្រភេទនៅអាស៊ី ។ ក្រសួងកសិកម្ម ក៏បានអំពាវនាវឲ្យកសិករ អាជ្ញាធរ ពិសេសមន្ទីរកសិកម្មតាមបណ្ដាខេត្តសហការតាមការណែនាំរបស់ក្រសួង ហើយករណីមានស្ថានភាពធ្ងន់ធ្ងរ សូម រាយការណ៍មកអគ្គនាយកដ្ឋានកសិកម្មជាបន្ទាន់តាមលេខទូរស័ព្ទ ០១២ ៣៣៦ ៩៣៤ និង ០១២ ៣៣៥ ៩៥៦ ៕ នរិន្ទ្រ

ប្រភព៖ nokorwatnews

  • ក្រសួងកសិកម្មអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធសហការកម្ចាត់ដង្កូវដែលបំផ្លាញស្រូវពលរដ្ឋ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:កំសាន្ត
Tags: