លោក កឹ​ម សុខា បាយ​ស្រាក់​ក្នុង​បន្ទប់​លាក់ខ្លួន មិនដឹង​តើ​ដល់​ពេល​ណា​ទើប​អស់កម្ម​អស់​ពៀរ​ទេ

រាជធានី​ភ្នំពេញ ៖ រូបថត​១​សន្លឹក​ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា បាន​បង្ហាញ​ពី​ជីវិត​ដូច​ជា​កម្សត់​នៅ​ក្នុង​បន្ទប់​លាក់ខ្លួន ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ឃើញ​លោក កឹ​ម សុខា អង្គុយហូប​បាយ​និង​ចានស្រាក់​ជាមួយ​លោក ញយ ចំរើន អ្នកតំណាង​រាស្ត្រ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​វាយដំ​ក្បែរ​រដ្ឋសភា មើលទៅ​គួរ​ឱ្យ​អាសូរ​ខ្លះ​ៗ​ដែរ ។

ការ​លាក់ខ្លួន​មិន​ហ៊ាន​ចេញ​ទៅ​ណា​របស់​លោក កឹ​ម សុខា តាំងពី​ថ្ងៃ​ទី​២៦ ឧសភា ខណៈ​មានការ​តាម​ចាប់ខ្លួន​ពី​សមត្ថកិច្ច ដោយសារ​តែ​លោក​បាន​បដិសេធ​ដីកាកោះ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​រឿងអាស្រូវ​ស្នេហា ទាក់ទង​នឹង​នាង ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ ។ ដោយសារ​ស្រី​មុំ លាតត្រដាង ការ​ពិត​ហ្នឹងហើយ ធ្វើ​ឱ្យ​លោក កឹ​ម សុខា ធ្លាក់ខ្លួន​កម្សត់​ពេក​ក្រៃ ។ ស្រី​មុំ​បានឃើញ​ប្រុស​ស្នេហ៍​ដើរតួ​កម្សត់​បែប​នេះ តើ​អាណិត​ខ្លះ​ៗ​ដែរ​ទេ​នាង ?

បារមី​ស្នេហា​របស់​លោក កឹ​ម សុខា លើក​នេះ មិនមែន​តែ​ខ្លួនឯង​ទេ​ដែល​ត្រូវ​ប្រឈម​មុខ តែ​បាន​រុញច្រាន​ស្ថានការណ៍​សង្គម​ឱ្យ​មានការ​អាប់អួរ​ផង​ដែរ ដោយ​ក្រុម​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​៤​នាក់ និង​មន្ត្រី គ​.​ជ​.​ប មួយ​រូប បាន​ក្លាយជា​ជនជាប់ចោទ​ពី​បទ​សូកប៉ាន់​សាក្សី និង​រួមគំនិត​សូកប៉ាន់ ។

ចំណែក​មេឃុំ​ស្រក ស្រុក​កំពង់សៀម ក៏​បាន​ជាប់​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ដែរ ។ បារមី​ស្នេហ៍​នេះ ក៏​បាន​លាតសន្ធឹង​ជះ​ឥទ្ធិពល​ទៅ​ដល់​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ បាន​នាំ​គ្នា​ប្រមូលផ្ដុំ​នៅ​មុខ​ស្នាក់​ការ​បក្ស​រាប់រយ​នាក់​បាយ​កញ្ចប់ ក្រៀមក្រោះ​ជា​រៀងរាល់ថ្ងៃ ហើយ​មក​ដល់​ពេល​នេះ សូ​ម្បី​តែ​ក្រុម​អ្នកតំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ដែរ ដោយសារ​ការ​ទាមទារ​ឱ្យ​មានការ​គោរព​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ ។

អ្នក​តាមដាន​ពី​សភាពការណ៍​នេះ បាន​បង្ហាញ​មតិ​ថា សំណុំរឿង​លោក កឹ​ម សុខា អាច​មានរឿង​ត​ភាគច្រើន​ទៀត និង​កំពុង​ក្លាយទៅជា​រឿង​ដ៏​ស្មុគស្មាញ​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​ដល់​ដំណើរការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ និង​ឆ្នាំ​បន្ទាប់​ទៀត ប្រសិនបើ​ស្ថានការណ៍​នេះ​នៅ​តែ​បន្ត អូស​បន្លាយ​ដោះស្រាយ​មិន​ចេញ ។

រហូត​ដល់​បក្ស​ប្រឆាំង​ឈាន​ទៅ​ដល់​ការ​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ពន្ធនាគារ​ទាំងអស់​ថែម​ទៀត ដែល​ជា​ការ​ដាក់​លក្ខខណ្ឌ​មុន​ការ​បន្ត​វប្ប​វ​ធម៌​សន្ទនា ដែល​វប្បធម៌​មួយ​នេះ បាន​ដកដង្ហើម​ចង្រិត​ទៅ​ហើយ​នោះ ។

បក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​បាន​ចាត់​ទុក​ថា សំណុំរឿង​នេះ​មិន​ទាក់ទង នឹង​បញ្ហា​នយោបាយ​ទេ តែ​វា​ជា​រឿង​បុគ្គល​លោក កឹ​ម សុខា ។ ប៉ុន្តែ​បក្ស​ប្រឆាំង​បាន​ចាត់​ទុក​បញ្ហា​ដែល​កំពុង​កើតឡើង​នេះ ជា​រឿង​នយោបាយ​ទៅ​វិញ ។

មិន​មាន​នរណា​ដឹង​ឡើយ​ថា តើ​សំណុំរឿង​នេះ​មិនដឹង​ដល់​ពេល​ណា​ចប់ ហើយ​លោក កឹ​ម សុខា ត្រូវ​បន្ត​រស់​ក្នុង​ស្ថានភាព​លាក់ខ្លួន​បន្ទុំ​សាច់​ឡើង​សខ្ចី ក្នុង​បន្ទប់​ស្នាក់​ការ​បក្ស​ដល់​ពេល​ណា​នោះ​ទេ ៕