ឱ ! លោក​ពេទ្យ​អើយ ហេតុ​អ្វី​បែប​នេះ​ទៀត​ហើយ

រាជធានី​ភ្នំពេញ ៖ គ្លីនិក​យីហោ​«​វត្ត​ភ្នំ​» ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​១៦Eo ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ (​ក្បែរ​វត្ត​ភ្នំ ខាងកើត​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​៤) បាន​រង​ការ​រិះគន់​ថា បាន​ចាក់​ថ្នាំ​១​ម្ជុល​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ស្ត្រី​ជា​ម្ដាយ​បាន​បី​សព​កូនប្រុស​មក​រករឿង​ពេទ្យ​គ្លីនិក​នោះ​ទាំង​ព្រឹក​តែ​ម្តង ។

សមត្ថកិច្ច​មូលដ្ឋានបាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ ហន សុវណ្ណ​សីហៈ អាយុ​១​ឆ្នាំ​៧​ខែ មាន​ម្តាយ​ឈ្មោះ សួន ចរិយា អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​០៤Eo ផ្លូវ​លេខ​១៧២ សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ ។ រីឯ​ម្ចាស់​គ្លីនិក​យីហោ​វត្ត​ភ្នំ​នោះឈ្មោះ ជួន ម៉ារ​ឌី ភេទ​ប្រុស ស្នាក់​នៅ​គ្លីនិក​កើតហេតុ ។

ស្ត្រី​ជា​ម្តាយ​បាន​យំ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា មុន​ពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា ឆ្នាំ​២០១៦ កូនប្រុស​របស់​គាត់​មិន​ស្រួលខ្លួន គាត់​ក៏​បាន​នាំ​កូន​​ទៅ​មន្ទីរពេទ្យ​ពេទ្យ​គន្ធ​បុប្ផា​៤ ដោយ​ពេទ្យ​ពិនិត្យ និង​ឲ្យ​ថ្នាំ តែ​គាត់​មិន​ទាន់​បាន​ឲ្យ​កូន​លេប​ទេ ដោយ​កូន​គាត់​ក្តៅខ្លួន​ខ្លាំង​ពេក (​ទន់​ខ្លួន​បាត់​មាត់ក​) គាត់​នាំ​កូន​ចេញពី​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​វិញ ។ លុះ​វេលា​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមិថុនា ដោយ​គាត់​ឃើញ​គ្លីនិក​យីហោ​«​វត្ត​ភ្នំ​»​ដែល​នៅ​ជិត​មន្ទីរពេទ្យ​គន្ធ​បុប្ផា គេ​បើក​២៤​ម៉ោង គាត់​ក៏​នាំ​កូន​គាត់​ចូល​ពិនិត្យ​នៅ​គ្លីនិក​នោះ​តែ​ម្តង ។ ខណៈនោះ​ពេទ្យ​នៅ​គ្លីនិក​នោះ​បាន​ពិនិត្យ​កូនប្រុស​របស់​គាត់ ហើយ​ថា កូន​របស់​គាត់​រលាក​បំពង់ក តម្រូវ​ឲ្យ​ចាក់​ថ្នាំ​មួយ​ម្ជុល ពេល​ចាក់​ថ្នាំ​ហើយ​គាត់​ក៏​នាំ​កូន​ចេញពី​គ្លីនិក​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ។ លុះដល់​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ដដែល ទើប​ដឹង​ថា កូនប្រុស​ដំបូង​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ គាត់​ក៏​បី​សព​កូន​មក​កាន់​គ្លីនិក​នោះ​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ករណី​ស្លាប់​ក្មេង​ប្រុស​ខាងលើ​នេះ ម្ចាស់​គ្លីនិក​យីហោ​«​វត្ត​ភ្នំ​»​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​រង​គ្រោះ គឺ​ខាង​ជន​រង​គ្រោះ​គេ​អត់​ប្តឹងផ្តល់​អ្វី​នោះ​ទេ ដោយ​ខាង​ម្ចាស់​គ្លីនិក​បាន​ជួយ​ដល់​ម្តាយ​ក្មេង​ប្រុស​ដែល​ស្លាប់​នោះ​ចំនួន​២​លាន​រៀល ដើម្បី​​ធ្វើ​បុណ្យសព​ផង​ដែរ ៕