កម្មករ​សំណង់​ម្នាក់​ទាញ​ខ្សែ​ភ្លើង​ប្រុង​ស្វាន​ថ្ម​ប៉ះចំ​ខ្សែ​ស្រាត​ ឆក់​ប្រកាច់​ស្លាប់​

កម្មករ​សំណង់​ម្នាក់​ទាញ​ខ្សែ​ភ្លើង​ប្រុង​ស្វាន​ថ្ម​ប៉ះចំ​ខ្សែ​ស្រាត​ ឆក់​ប្រកាច់​ស្លាប់​



ភ្នំពេញ ​៖ ​យុវជន​ជា​កម្មករ​សំណង់​ បាន​ជួប​គ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត​ ដោយសារ​ឆក់​ខ្សែភ្លើង។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ហាយថិច​លុច​សារី ​មាន​ទីតាំង​ក្នុង​ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​រហូត​បាត់​បង់ជីវិត​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ឡឹម​ ដា​រ៉​ន ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ មាន​ស្រុក​កំណើត​ភូមិ​ព្រៃ​ទម្លាប់​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​កើតហេតុ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​ ឈ្មោះ​នៅ សូ​ណាន់​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​ស្រុក​កំណើត​ ជាមួយ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​រៀបចំ​ដោត​ខ្សែភ្លើង ​ភ្ជាប់​ជាមួយ​ម៉ា​ស៊ីន​ស្វាន​ថ្ម ពេល​ដែល​ជនរងគ្រោះ​កំពុង​កាន់​ខ្សែភ្លើង​ ហើយ​ប៉ះ​នឹង​ខ្សែ​មាន​ដំណ​ ក៏​ឆក់​ជនរងគ្រោះ​ដួល​ប្រកាច់​នៅ​នឹង​កន្លែង។ ភ្លាមៗ​នោះ​កម្មករ​ ដែល​កំពុង​ធ្វើការ​នៅ​ក្បែរ​ ក៏​រត់​ទៅ​ដក​ឌុយ​ចេញពី​ប្រអប់​ភ្លើង​ រួច​ដឹក​ជនរងគ្រោះ​មក​ធ្វើការ​សង្គ្រោះ​ជីវិត ​នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ តែ​គ្រូពេទ្យ​ប្រាប់​ថា​ជនរងគ្រោះ​បាន​ផុត​ដង្ហើម​បាត់​ទៅ​ហើយ។ បន្ទាប់មក​ប៉ូលិស​បាន​ចុះ​មក​ធ្វើ​កោសល្យវិច័យ​ និង​បញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​ឆក់​ខ្សែ​ភ្លើង​ពិតប្រាកដ​មែន ​និង​មាន​ស្នាម​ដាច់​នៅ​ប្រអប់ដៃ​ទៀត​ផង។

សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​ នៅ​ស្រុកកំណើត​ ហើយ​ឪពុក​ជនរងគ្រោះ​ពុំ​បាន​ប្តឹង​ផ្តល់​អ្វី​ ដោយ​សុំ​ឲ្យ​ម្ចាស់ការ​ជួយ​ផ្ដល់​ថវិកា​សម្រាប់​ធ្វើបុណ្យ​សព​ប៉ុណ្ណោះ៕