ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!

ថ្ងៃទី១៨ មិថុនានេះ ជាព្រះរាជពិធីចម្រើនព្រះជន្មរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ គម្រប់៨០យាងចូល៨១ព្រះវស្សា។ ប្រជារាស្ត្រខ្មែរគ្រប់លំដាប់ថ្នាក់ត្រូវបានឈប់សម្រាកដើម្បីអបអរទិវាបុណ្យជាតិ ហើយព្រះបរមរាជវាំង ក៏ប្រារព្ធពិធីផ្លូវការថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោយមាននាម៉ឺនសព្វមុខមន្ត្រីចូលបង្គំគាល់ថ្វាយព្រះពរ។ ចំណែកស្ថានទូតបារាំងប្រចាំកម្ពុជា ក៏បានរៀបចំឲ្យមេចុងភៅចំណានរបស់ទូត ធ្វើនំចម្រើនព្រះជន្មថ្វាយទ្រង់ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ហេង ឧត្តម សូមរម្លឹកជម្រាបជូនពីព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចម៉ែ។

ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!

ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះនាមដើមថា ប៉ូល-ម៉ូនិក អ៊ីស៊ី Paule Monique IZZI ប្រសូតនៅក្រុងព្រៃនគរថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៣៦។

កិច្ចការសប្បុរសធម៌ សម្តេចព្រះវររាជមាតាជាតិខ្មែរតាមដង្ហែសម្តេចព្រះបរមរតនកោដ្ឋិយាងចែករំលែកព្រះរាជទានដល់ប្រជានុរាស្ត្រខ្មែរគ្រប់ខេត្តខណ្ឌ នៅក្នុងឋានៈជាព្រះប្រធានកាកបាទក្រហមកម្ពុជា តាំងពីនៅទសវត្សរ៍១៩៦០។ ក្រោយប្រទេសជាតិបានសន្តិភាព ទ្រង់បានយាងចូលប្រលូកនៅក្នុងកិច្ចការសង្គម កិច្ចការមនុស្សធម៌ជាដរាប។  ហើយកាលពីឆ្នាំទៅមិញនេះទៀត ក្នុងមានភាពព្រះរាជប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ទ្រង់បានយាងសម្ពោធមណ្ឌលព្យាបាលមនុស្ស ព្រះសីហនុរាជ ថែមទៀតផង។

តាមឯកសារប្រវត្តិខ្លះបង្ហាញថា អ្នកម្នាង ម៉ូនិច គឺជាជនជំនិតសំណព្វព្រះទ័យរបស់សម្តេច នរោត្តម សីហនុ និងយាងដង្ហែជាប់ជាប្រចាំតាមសម្តេច សីហនុ។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ អ្នកម្នាង ម៉ូនិក បានដង្ហែហ្លួងភៀសព្រះកាយទៅស្នាក់នៅក្រុង Pékin និងក្រុង Pyongyang។ បន្ទាប់មក អ្នកម្នាង បានរួមដំណើរជាមួយសម្តេច សីហនុ ចូលក្នុងចលនាតស៊ូព្រៃម៉ាគី ក៏ប៉ុន្តែ នៅពេលខ្មែរក្រហមកាន់កាប់អំណាច សែរាជវង្សត្រូវបានឃុំឃាំងព្រះកាយនៅក្នុងព្រះបរមរាជវាំង។  ពេលរបបខ្មែរក្រហមដួលរលំទៅនៅឆ្នាំ១៩៧៩ អ្នកម្នាងនិងសម្តេច សីហនុ បានភៀសព្រះកាយតាមយន្តហោះ ទៅស្រុកចិន រហូតដល់មានការចរចាសន្តិភាពក្រុងប៉ារីស ទើបធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។

លុះដល់ឆ្នាំ១៩៩២ អ្នកម្នាង ម៉ូនិក ទទួលគោរមងារជាសម្ដេចព្រះជាយា។ មួយឆ្នាំបន្ទាប់មក អ្នកម្នាងទទួលគោរមងារជាសម្ដេចព្រះមហេសី ហើយនៅឆ្នាំ១៩៩៦ ទ្រង់ទទួលបរមងារជា សម្ដេចព្រះរាជអគ្គមហេសី។ ក្រោយមកទៀត ទ្រង់ត្រូវបានថ្វាយព្រះបរមងារថាជា ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

គួររម្លឹកជូនថា កាលពីកុមារភាព ប៉ូល-ម៉ូនិក អ៊ីស៊ី រៀនសូត្រនៅសាលាបឋមសិក្សាព្រះនរោត្តម និងរៀនមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយនៅវិទ្យាល័យ Lycée Descartes ក្រុងភ្នំពេញ។ កញ្ញាចេះនិងប្រើប្រាស់ភាសាខ្មែរបារាំងនិងអង់គ្លេស។

នៅឆ្នាំ១៩៥១ កញ្ញា ប៉ូល-ម៉ូនិក បានចូលរួមប្រកួតបវរកញ្ញាជាតិជាប់លេខមួយ ហើយបានទទួលព្រះរាជរង្វាន់ពីព្រះមហាក្សត្រ នរោត្តម សីហនុ។ មួយឆ្នាំបន្ទាប់ ក្នុងខែមេសា១៩៥២ ទ្រង់ទាំងពីរបានរៀបការជាលក្ខណៈឯកជនហើយរៀបអភិសេកជាផ្លូវការ នៅឆ្នាំ១៩៥៥។ក្រោយរាជាភិសេក ទ្រង់មានបុត្រា២ព្រះអង្គ គឺព្រះបាទ នរោត្តម សីហមុនី ជាមហាក្សត្របច្ចុប្បន្ន និងព្រះបាទ នរោត្តម នរិន្ទ្រពង្ស ដែលបានសោយទិវង្គតដោយសាររោគាពាធ។

សូមជម្រាបជូនថា មាតារបស់ទ្រង់នាម ប៉ុម ពាង និងបិតានាម ហ្សង់-ហ្វ្រង់ស័រ អ៊ីស៊ីJean-François IZZI ជនជាតិអ៊ីតាលីកាត់បារាំង ដែលជាប្រធាននាយកដ្ឋានមូលនិធិផ្តល់ប្រាក់កម្ចី។ ទ្រង់មានជេដ្ឋភគិនី ឬបងស្រីម្នាក់នាម អាន-ម៉ារី អ៊ីស៊ី Anne-Marie IZZI ៕

ប្រភពៈ RFI