ពលរដ្ឋ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន និង​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ​របស់​ពួក​គាត់។ ក្តី​បារម្ភ​នេះ ក្រោយ​ពេល​មាន​ក្រុម​មិន​ស្គាល់​មុខ​បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​កាយ​ជា​ប្រឡាយ​តាម​ក្បាល​ដី​របស់​ពលរដ្ឋ​ដោយ​លួច​លាក់ កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា បន្ទាប់​ពី​ដី​តំបន់​នោះ អាជ្ញាធរ​សម្រេច​ធ្វើ​អត្តសញ្ញាណកម្ម​ជូន​ពលរដ្ឋ​រួច​រាល់​ហើយ ដោយ​រង់ចាំ​ដោះស្រាយ​សម្រេច​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន និង​ឃុំ​ទន្លូង ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ចប់​សព្វគ្រប់ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ដីធ្លី​នៅ​តំបន់​មួយ​ចំនួន។ អ្នក​ភូមិ​យល់​ថា ប្រសិន​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ការ​ដោះស្រាយ សកម្មភាព​ឈូស​ឆាយ​ដី​ចម្ការ​របស់​ពួក​គាត់ នឹង​កើត​មាន​ដោយ​លួច​លាក់​បន្ត​ទៀត​ជាក់​ជា​មិន​ខាន។

ពលរដ្ឋ​នៅ​ឃុំ​ទន្លូង អ្នកស្រី អួន ស្រីនួន ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា មាន​អ្នក​ភូមិ​ប្រមាណ ៦០​នាក់​លើក​គ្នា​ទៅ​កាន់​តំបន់​ដី​ជម្លោះ​ស្រែ​រំពាក់ ដើម្បី​មើល​ស្ថានភាព​ឈូស​ឆាយ​ដី​របស់​ពួក​គាត់ ក្រោយ​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​មួយ​ក្រុម​នាំ​គ្នា​យក​គ្រឿងចក្រ​មួយ​គ្រឿង​ចូល​ទៅ​តំបន់​នោះ។ អ្នកស្រី​បន្ត​ថា អ្នក​ស្រុក​បាន​ប្រទះ​ឃើញ​ស្លាកស្នាម​ថ្មីៗ​នៃ​ការ​ឈូស​ឆាយ​ព័ទ្ធ​តាម​ក្បាល​ដី​របស់​ពួក​គាត់​ប្រមាណ ៣០០​ម៉ែត្រ ប៉ុន្តែ​អ្នក​ភូមិ​មិន​បាន​ប្រទះ​ឃើញ​ជន​ទាំង​នោះ​ទេ៖ «ខ្ញុំ​បារម្ភ​ថា គេ​នៅ​តែ​យក​ដី​យើង​ដដែល គេ​នឹង​មិន​ប្រគល់​ឲ្យ​យើង​ទេ លុះត្រា​តែ​គេ​ឈប់​មក​ធ្វើ»

ដី​តំបន់​ស្រែ​រំពាក់​តំបន់​ទួល​គ្រោះ តំបន់​ពុល​ប្រម៉ា និង​តំបន់​មួយ​ចំនួន​ទៀត កាល​ពី​ឆ្នាំ​២០១៥ អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​អត្តសញ្ញាណកម្ម​ជូន​ពលរដ្ឋ​ដើម្បី​សម្គាល់​ក្បាល​ដី និង​ចំនួន​គ្រួសារ​រួច​មក​ហើយ។ ប្រជាពលរដ្ឋ​ដែល​រង់ចាំ​ការ​ដោះស្រាយ​មាន​ចំនួន​ជាង ៣០០​គ្រួសារ លើ​ទំហំ​ផ្ទៃ​ដី​ប្រមាណ ១​ពាន់​ហិកតារ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ម៉ែន សារុន។ ប៉ុន្តែ​ក្រោយ​មក មាន​បុគ្គល​មាន​អំណាច និង​មាន​ប្រាក់​មួយ​ចំនួន ចូល​ទៅ​កាន់​កាប់​ចំណែក​ដី​ខ្លះ​លើ​ដី​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​កាន់​កាប់ រហូត​បង្កើត​ជា​សកម្មភាព​ហិង្សា​ដើរ​ដុត​រោង​ចាំ​ចម្ការ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មិន​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ទេ ដោយ​លោក​ថា​ជាប់​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ។

ចំណែក​តំណាង​ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន លោក ផុន សុផល បញ្ជាក់​ថា សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ និង​កាយ​ជា​ប្រឡាយ​ព័ទ្ធ​ដី​ប្រជាពលរដ្ឋ​បាន គឺ​បង្ហាញ​ថា​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជូន​ពលរដ្ឋ និង​បង្ហាញ​ពី​អសមត្ថភាព​របស់​ពួក​គេ​ទៀត​ផង៖ «ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ដំអក់​ការ​ដោះស្រាយ​ទៀត ខ្ញុំ​គិត​ថា​ប្រហែល​នឹង​មាន​បញ្ហា​កើត​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ទ្រាំ​មិន​បាន​នឹង​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​រំលោភ​បំពាន​នោះ»

សកម្មភាព​ឈូស​ឆាយ និង​កាយ​ដី​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត​នេះ កើត​ឡើង​ស្រប​ពេល​អាជ្ញាធរ​ឃុំ​ជាំក្រវៀន បាន​កោះ​ហៅ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទៅ​ប្រជុំ​នៅ​សាលា​ឃុំ​ជាច្រើន​លើក កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ដើម្បី​ជ្រើសរើស​តំណាង​របស់​ខ្លួន​ឈាន​ទៅ​ជជែក​រក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ ជាមួយ​អាជ្ញាធរ​ខេត្ត​នៅ​ពេល​ខាង​មុខ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​កន្លង​មក គឺ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ហើយ​ហាក់​មាន​ទំនោរ​ការពារ​ក្រុមហ៊ុន ឬ​បុគ្គល​មាន​អំណាច​ច្រើន​ជាង​ប្រជាពលរដ្ឋ​ទៅ​វិញ៖ «ហ្នឹង​ហើយ​អ្នក​យក​ហ្នឹង​ដដែល​ទេ។ មាន​ក្រុម​ទាហាន មាន​ក្រុម​ថៅកែ មាន​អ្នក​រត់​ការ មេការ​ដី​ហ្នឹង​ដដែល​ហ្នឹង អត់​មាន​អ្នក​ប្លែក អត់​មាន​អ្នក​ផ្សេង​ណា​ទេ! ហើយ​ពួក​ហ្នឹង​ធ្វើ​ការ​ជាមួយ​ស្រុក ទៅ​មកៗ​ជាមួយ​គណៈកម្មការ​ហ្នឹង»

លោក​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ការ​ដោះស្រាយ​ទៀត​នោះ វា​នឹង​អាច​ឈាន​ជា​អំពើ​ហិង្សា​កើត​ឡើង។ លោក​យល់​ថា ជា​ការ​ល្អ​ប្រសើរ ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ជាតិ ត្រូវ​ចុះ​ពិនិត្យ និង​ដោះស្រាយ​តាម​ភាព​ជាក់ស្តែង ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ដីធ្លី​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។