ធ្វើដំណើរ​កម្សាន្ត​ជាមួយក្មេងៗត្រូវ​ត្រៀម​អ្វីខ្លះ?​

មនុស្សភាគច្រើនជាពិសេសគឺស្រីៗហ្នឹងឯង កាលពីនៅក្រមុំចូលចិត្តដើរលេងកម្សាន្តខ្លាំងណាស់ ប៉ុន្តែហេតុអីបានជាពេលមានគ្រួសារជាពិសេសពេលមានកូនតូចៗហើយនោះ ដូចជាពិបាកបបួលដើរលេងខ្លាំងម្លេ៉ះ។ គ្មានអីក្រៅពីធុញទ្រាន់ក្នុងការមើលកូនតូចៗពេលធ្វើដំណើរនោះទេ។ គិតអីុចេះល្អទេ? សម្រាប់មិត្តនារីៗណាដែលចង់ធ្វើដំណើរទាំងដែលមានកូនតូចៗមកអានបន្តិចមើល៍ថាតើធ្វើដូចម្តេច ដើម្បីកាត់បន្ថយភាពហត់នឿយពេលនាំកូនតូចទៅដើរកម្សាន្ត!

    គម្រោង ៈ ចាំឱ្យច្បាស់ថា ត្រូវទុកពេលវេលាឱ្យបានគ្រប់គ្រាន់សម្រាប់ការធ្វើដំណើររបស់អ្នក សំដៅដល់ការមានគម្រោងច្បាស់លាស់ ព្រមទាំងបានរៀបចំទុកក្នុងរយៈពេលដ៏សមស្រប ចៀសវាងការធ្វើដំណើរតាមបែបតក់ក្រហល់ប្រសិនបើអាច ព្រោះប្រសិនបើមានការខ្វះខាតឬភ្លេចភ្លាំងណាមួយកើតឡើងវាអាចនឹងធ្វើឱ្យក្មេងពិបាក។

គេង ៈ ពេលយប់មុនថ្ងៃចេញដំណើរ គ្រប់គ្នាគួរតែគេងឱ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងអាការមិនស្រួលខ្លួន ឈឺក្បាល វិលមុខឬងងុយគេងពេលធ្វើដំណើរ ពិសេសបំផុតគឺ អ្នកអាចប្រាកដក្នុងចិត្តបានថា នៅពេលដែលក្មេងៗងងុយគេង អ្នកនឹងមិនងងុយគេងដូចគេនោះទេ។ រកវិធីណាក៏បានដែលអ្នកគិតថា អាចជួយឱ្យអ្នកគេងលក់បានស្កប់ស្កល់ ហើយកុំភ្លេចផ្តាំប្រាប់អ្នកគ្រប់គ្នាដែលត្រូវធ្វើដំណើរជាមួយអ្នកផងថា “យប់នេះគេងឱ្យឆ្អែតណា។

  របស់លេង ៈ ក្មេងៗត្រូវតែជាគូនឹងរបស់លេង នៅពេលដែលគេមានរបស់លេងជាប់ខ្លួន គេអាចនឹងកាត់បន្ថយការងង៉ក់ រករឿង រពិសហាមមិនស្តាប់បានខ្លះជាមិនខាន។ ចុះបើអ្នកភ្លេច? មិនបាច់ឆ្ងល់ទេ ព្រោះអ្នកដែលត្រូវពិបាកគឺមនុស្សធំហ្នឹងហើយ ដូច្នេះកុំភ្លេចឱ្យសោះណា ថាត្រូវយករបស់លេងខ្លះទៅតាមដែរ ដែលក្នុងនោះអាចជារបស់លេងចាស់ៗដែលជាចំណូលចិត្តរបស់គេ ឬរបស់លេងថ្មីៗក៏បាន

ពិនិត្យទីតាំង ៈ មុនពេលសម្រេចចិត្តធ្វើដំណើរកម្សាន្ត ឬស្នាក់នៅកន្លែងណាមួយ មិនគួរចេះតែទៅ ឬស្នាក់នៅឱ្យតែបានៗនោះទេ តែអ្នកក៏គួរតែពិនិត្យមើលបន្តិចដែរថា តើវាអាចនឹងផ្តល់ភាពងាយស្រួលដល់កូនៗរបស់អ្នកដែរឬទេ? ត្រូវមើលថា តើវាសមស្របជាមួយនឹងវ័យរបស់កូនរបស់អ្នកដែរទេ? ឧទាហរណ៍បើកូនរបស់អ្នកជាកូនតូច តែអ្នកបែរជាទៅធ្វើដំណើរកម្សាន្តបែបឡើងភ្នំ ឬត្រូវដើររាប់រយម៉ែត្រ ឬស្នាក់នៅកន្លែងដែលមានតែសំឡេងអ៊ូអរ ស្ទើរតែនិយាយស្តាប់គ្នាមិនឮជាដើម តើត្រូវដែរទេ? គួរតែគិតជាថ្មីចំពោះបញ្ហានេះ។

អាហារ ៈ ទាំងទឹក ទាំងចំណីអាហារ កន្លែងណាក៏បានដែរ សម្រាប់អ្នកដែលជាមនុស្សធំ ប៉ុន្តែបើសម្រាប់កូនក្មេងវិញ ប្រហែលអាចនឹងមិនអូខេគ្រប់យ៉ាងទេមើល៍ទៅ។ អ្នកណាទៅដឹងថាក្មេងនឹងឃ្លានពេលណា? ចុះបើនៅសុខៗក៏ស្រែកថាឃ្លាន ត្រង់កន្លែងដែលគ្មានអ្វីលក់នោះ ធ្វើយ៉ាងម៉េចទៅ? អីុចឹងអ្នកត្រូវវេចខ្ចប់ទៅជាមួយខ្លះហើយ ដើម្បីទុកសម្រាប់ឱ្យកូនតូចញ៉ាំពេលឃ្លានវាសន្សំបានទាំងប្រាក់ ពេលវេលា ធានាបានទាំងអនាម័យ។

សម្លៀកបំពាក់ ៈ សម្លៀកបំពាក់ស្អាតៗ ត្រូវតែយកទៅជាមួយហើយ ប៉ុន្តែសូមគិតដល់ចំណុចតូចតែខ្លឹមមួយគឺ តើវាជារដូវកាលអ្វី ហើយសម្លៀកបំពាក់បែបណាដែលស័ក្តិសមនឹងអាកាសធាតុបែបនេះ។

សង្គ្រោះបឋម ៈ នៅតាមផ្លូវ ឬនៅកន្លែងកម្សាន្ត អ្នកប្រហែលជាពិបាកក្នុងការស្វែងរកឱសថស្ថាននានាក្នុងករណីដែលសមាជិកណាមួយមានជំងឺបន្តិចបន្តួច ដូច្នេះត្រូវតែយកកញ្ចប់សង្គ្រោះបឋមតូចមួយទៅតាមផង។

ខ្លួនឯង ៈ កុំភ្លេចណា៎ នេះក៏ជាការដើរកម្សាន្តរបស់អ្នកដូចគ្នាដែរដូច្នេះត្រូវត្រៀមគ្រប់យ៉ាងឱ្យខ្លួនឯងផង។ អូ! កុំភ្លេចវេចខ្ចប់ភាពរីករាយទៅផងណា៎៕

ប្រភព៖ lareine

  • ធ្វើដំណើរ​កម្សាន្ត​ជាមួយក្មេងៗត្រូវ​ត្រៀម​អ្វីខ្លះ?​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ចំនេះដឹង
Tags: