រឿង​ដែល​ស្ត្រី​មេផ្ទះ​គួរ​ដឹង​ពាក់ព័ន្ធ​នឹង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​

យុគសម័យថ្មីនេះ ចង្ក្រានម៉ៃក្រូវេហ្វបានក្លាយជាឧបករណ៍ក្នុងផ្ទះបាយដែលមានប្រើសឹងតែគ្រប់ផ្ទះទៅហើយ ទោះវាជាឧបករណ៍ដែលយើងធ្លាប់ស្គាល់ហើយក៏ដោយ តែក៏អាចកើតមានគ្រោះថ្នាក់បានដែរបើប្រើប្រាស់មិនប្រយ័ត្ន។ នៅក្នុងប្រទេសអង់គ្លេសមានរបាយការណ៍ដែលបង្ហាញពីការរងរបួសដែលពាក់ព័ន្ធនឹងចង្ក្រានម៉ៃក្រូវេហ្វនេះក្នុងមួយឆ្នាំៗច្រើនជាង2,000នាក់ទៅទៀត ដូច្នេះ សុវត្ថិភាព និងការប្រើប្រាស់ដែលត្រឹមត្រូវតាមវិធីគឺជារឿងដែលអ្នកគួរតែរៀនយល់ដឹង ដើម្បីការពារគ្រោះភ័យដែលអាចនឹងកើតឡើង។

ឧបករណ៍ដាក់ម្ហូបអាហារដែលមិនគួរប្រើជាមួយចង្ក្រានម៉ៃក្រូវេហ្វ ឬត្រូវប្រយ័ត្នមានដូចជា៖

១. ឧបករណ៍ដាក់ម្ហូបអាហារដែលជាលោហ
ពេលរលកម៉ៃក្រូវេហ្វឆ្លងកាត់ទៅប៉ះផ្នែកដែលជាលោហៈ នឹងធ្វើឱ្យកើតចរន្តអគ្គិសនី និងកម្តៅឡើងនៅត្រង់នោះ លោហៈនឹងកើតកម្តៅខ្លាំងឡើង ជួនកាលដល់ថ្នាក់កើតការឆាបឆេះឡើងបានទៀតផង។ ទោះជាការឆេះមិនបានបំផ្លាញឧបករណ៍នោះមែន តែសារធាតុផ្សេងៗដែលប្រើក្នុងការផលិតឧបករណ៍នោះអាចនឹងជ្រាបចូលទៅលាយឡំនៅក្នុងអាហារបាន។

២. ចានថ្មស្រោបរលោងៗ
ឧបករណ៍ដាក់ចំណីអាហារដែលជាថ្មស្រោបរលោងៗជាច្រើនប្រភេទមានចំណែកផ្សំរបស់លោហៈលើផ្នែកដែលជារូបភាពក្បាច់ក្បូរដោយអាចនឹងកើតកម្តៅឡើងខ្ពស់នៅត្រង់ចំណុចនោះ ក្រៅពីនេះចានថ្មរលោងៗច្រើនតែមិនធន់ជាមួយកម្តៅក្តៅខ្លាំងនោះទេ បើប្រើប្រាស់ក្នុងការដាក់ម្ហូបអាហារកម្តៅនោះ អាចនឹងកើតការបែកបាក់បាន។

៣. ចានផ្លាស្ទិក និងចានស្នោ
ផ្លាស្ទិក និងស្នោមានចំណុចសីតុណ្ហភាពរំលាយខុសប្លែកពីគ្នាការយកចានផ្លាស្ទិកដែលមានចំណុចសីតុណ្ហភាពរលាយទាបទៅដាក់កម្តៅនៅក្នុងចង្ក្រានម៉ៃក្រូវេហ្វ នឹងធ្វើឱ្យកើតការរលាយ ឬទន់របស់ចានរហូតខូចរូបរាងអស់ ហើយអាចរលាយចូលទៅក្នុងម្ហូបអាហារបាន ដូច្នេះបើចង់ប្រើចានផ្លាស្ទិក ឬចានស្នោ ត្រូវសង្កេតមើលសញ្ញាសម្គាល់ដែលបិទជាប់នៅលើចានទាំងនោះផងថា តើអាចយកចូលក្នុងចង្ក្រានម៉ៃក្រូវេហ្វបានឬទេ? ហើយគួរជ្រើសរើសម៉ាកយីហោណាដែលគួរឱ្យទុកចិត្តបានផង។

៤. ក្រដាសអាលុយមីញ៉ូមខ្ចប់អាហារ
ក្រដាសខ្ចប់ចំណីអាហារក្នុងពេលបច្ចុប្បន្ននេះ ច្រើនតែធ្វើពីអាលុយមីញ៉ូមហ្វ៉យល៍ ដែលអាចឆេះនៅក្នុងចង្ក្រានម៉ៃក្រូវេហ្វបាន ដូច្នេះបើម្ហូបអាហារដែលបងៗស្ត្រីមេផ្ទះត្រូវការកម្តៅនោះមានរុំខ្ចប់ដោយក្រដាសអាលុយមីញ៉ូម គួរតែយកចេញជាមុនសិន មុននឹងដាក់ចូលក្នុងចង្ក្រានម៉ៃក្រូវេហ្វ។

 ៥. បន្ទះស្បោងផ្លាស្ទិកការពារចំណីអាហារ
បច្ចុប្បន្នយើងមានបន្ទះស្បោងផ្លាស្ទិកស្តើងដែលប្រើសម្រាប់រុំបិទពីលើចំណីអាហារ ដើម្បីការពារកុំឱ្យធូលីដីហុយចូល ហើយនៅពេលយើងចង់បរិភោគម្តងទៀតនោះ យើងតែងតែយកចូលទៅកម្តៅក្នុងចង្ក្រានម៉ៃក្រូវេហ្វ។ ភាពប្រថុយប្រថានដែលអាចនឹងមាននោះគឺកម្តៅដែលកើតឡើងពីចំហាយទឹក ឬពីម្ហូបអាហារនឹងអណ្តែតឡើងទៅរកបន្ទះស្បោងផ្លាស្ទិកស្តើងនោះ និងកើតចេញជាដំណក់ទឹកតូចៗដែលបើសិនជាបន្ទះស្បោងផ្លាស្ទិកស្តើងនេះមិនត្រឹមត្រូវតាមស្តង់ដារទេនោះ អាចនឹងកើតការរលាយរបស់សារធាតុគីមី ហើយស្រក់ចូលទៅក្នុងអាហារបាន ដូច្នេះបើចង់កម្តៅម្ហូបអាហារដើម្បីទទួលទាននោះ គួរយកបន្ទះស្បោងផ្លាស្ទិកស្តើងនេះចេញជាមុនសិន។

៦. ការប្រើចង្ក្រានម៉ៃក្រូវេហ្វនៅក្នុងផ្ទះដែលមានកូនក្មេង
បើនៅក្នុងផ្ទះមានក្មេងតូច គួរជ្រើសរើសប្រើចង្ក្រានម៉ៃក្រូវេហ្វប្រភេទដែលមានភាពស្មុគ្រស្មាញក្នុងការប្រើតិចបំផុត ឬទុកដាក់នៅក្នុងកន្លែងដែលក្មេងតូចៗឈោងដៃមិនដល់ ហើយបើសិនជាចង់ឱ្យក្មេងប្រើការចង្ក្រានម៉ៃក្រូវេហ្វដែរនោះ ក៏គួរតែបង្ហាត់បង្រៀនឱ្យដឹងអំពីអ្វីដែលអាចដាក់ចូលទៅបាន និងអ្វីដែលហាមដាក់ចូល(ដូចជាស៊ុតទាំងមូល ទឹកសុទ្ធ និងបន្លែផ្លែឈើទាំងមូលជាដើម ព្រោះវានឹងផ្ទុះបែក) ហើយគួរមានមនុស្សធំនៅជាមួយខណៈពេលប្រើការចង្ក្រានម៉ៃក្រូវេហ្វជានិច្ចផងដែរ៕

ប្រភព៖ lareine

  • រឿង​ដែល​ស្ត្រី​មេផ្ទះ​គួរ​ដឹង​ពាក់ព័ន្ធ​នឹង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ចំនេះដឹង
Tags: