ចូល​លេង​ដំបូង សមាជិក​ថ្មី Hyok Chol ​ស៊ុត​២​គ្រាប់​ឲ្យ​ទ័ព​ឈ្នះ​ប៉ូលិស​២-០

សមាជិក​ថ្មី​​មួយ​ក្នុង​ចំណោម​​កីឡាករ​ថ្មី​ទាំង​ពីរ​នាក់​ដែល​មក​ពី​កួូរ៉េ​ខាង​ជើង​​គឺ​កីឡាករ Ru Hyok Chol ​រក​គ្រាប់​បាល់​​បាន​​២​គ្រាប់​ជួយ​ឲ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ​ (ទ័ព)​ យក​ឈ្នះ​​ក្រុម​អគ្គស្នងការដ្ឋាននគរ​បាល​ជាតិ​​(ប៉ូលិស)​ដោយ​លទ្ធផល ២-០ សម្រាប់​សប្តាហ៍​ទី​១០​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​២០១៦​ជើង​ទី​ពីរ។

 

ចំណូល​ថ្មី​របស់​ការពារ​ជាតិ​ទាំង​ពីរ​នាក់​ទើប​តែ​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ប៉ុន្តែ​ពេល​រសៀល​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ពេញ​៩០​នាទី​តែ​ម្តង។ ម្នាក់​ជា​តំណែង​ការពារ​ឈ្មោះ​ Jang Song Hyok និង​ម្នាក់​ទៀត​ជា​តំណែង​ខ្សែ​ប្រយុទ្ធ Ru Hyok Chol ដែល​បង្កើត​ការ​ចាប់​អារម្មណ៍​ភ្លាម​ពី​អ្នក​គាំទ្រ​​ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ថ្មី​រូប​នេះ​ស៊ុត​បាន​២​គ្រាប់​នៅ​នាទី​ទី​​៣៧ និង​៤៥+១  ដើម្បី​ជួយ​ឲ្យ​ការពារ​ជាតិ​ទទួល​បាន​៣​ពិន្ទុ​ពេញ​​សម្រាប់​ឈរ​លើ​កំពូល​តារាង​ដែរ។

 

ចំណែក​ការ​ប្រកួត​នៅ​កីឡដ្ឋាន​វេស្ទើន ក្រុម​ណាហ្គាវើល​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​វេស្ទើន​ភ្នំពេញ​ដោយ​លទ្ធផល ២-០។ គ្រាប់​បាល់​ជ័យជម្នះ​ទាំង​២​គ្រាប់​របស់​ណាហ្គាវើល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Richard Omokafe ទាំង​ពីរ​គ្រាប់​នៅ​នាទី​ទី១៦ និង​៣៩៕

 

ចូល​លេង​ដំបូង សមាជិក​ថ្មី Hyok Chol ​ស៊ុត​២​គ្រាប់​ឲ្យ​ទ័ព​ឈ្នះ​ប៉ូលិស​២-០

កីឡាករ Ru Hyok Chol (លេខ​៣៣ ជួរ​មុខ​ខាង​ស្តាំ​ទី​មួយ) (រូបថត៖ ការពារ​ជាតិ)

 

អត្ថបទ៖ ជាន ចាន់រ៉ា