សង្ស័យ​ស្នេហា​ត្រីកោណ ! ស្ទាក់​វ៉ៃ​យក​មាស​ឡើង​របួស​ពេញ​ខ្លួន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ក្រមុំចាស់​ម្នាក់​បាន​រង​របួស​ពេញ​ខ្លួន​រត់​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ទៀត​បាន​មក​វាយ​គាត់ និង​យក​គ្រឿងអលង្ការ​គាត់​សរុប​៦​ជី​រួច​រត់គេច​ខ្លួន​បាត់ ហើយ​ចោទប្រកាន់​ថា​គាត់​ដណ្ដើម​ប្តី​គេ​ទៀត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ឆែម ច​ន្ធូ អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ បាន​អះអាង​ថា ត្រូវ​ស្ត្រី​សង្ស័យ​ឈ្មោះ ណា​ង អាយុ​ជាង​៤០​ឆ្នាំ មាន​ប្តី​ឈ្មោះ ខុ​ម ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ស្ទាក់​វាយ​យក​គ្រឿងអលង្ការ មាន​ខ្សែ​ក​មាស​៥​ជី និង​ក្រវិល​មាស​១​ជី រួច​រត់គេច​ខ្លួន​បាត់ ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ដឹង​ថា គាត់​បាន​ហៅ​ម៉ូតូឌុប​របស់​បុរស​ឈ្មោះ ខុ​ម ដែល​ជា​ម៉ូយ​រត់​ឌុ​បឲ្យ​ឌុ​ប​ទៅ​ផ្សារ​ពោធិ៍​ចិន​តុង​ដើម្បី​រក​ទិញ​ទូរទស្សន៍ ។ ពេល​ឌុ​ប​ត្រឡប់​មក​ផ្ទះ​ជួល​វិញ ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ឈ្នោះ ណា​ង បាន​ចេញ​មក​ហៅ​ឲ្យ​ឈប់ រួច​វាយ​គាត់​តែ​ម្តង ព្រមទាំង​ចោទប្រកាន់​ថា គាត់​យកប្តី​គេ​ទៀត ។ ពេល​កំពុង​ប្រតាយប្រតប់​គ្នា​នោះ ស្ត្រី​ឈ្មោះ ណា​ង ចាប់​ទាញ​ផ្ដាច់​ខ្សែ​ក និង​ក្រវិល​របស់​គាត់ រួច​រត់គេច​ខ្លួន​បាត់ ចំណែក​ប្តី​ដែល​ជា​អ្នក​រត់​ម៉ូតូ ឃើញ​ប្រពន្ធ​រត់គេច​ក៏​ជិះ​ម៉ូតូ​ចាកចេញ​ទៅ​តាម​ក្រោយ​បាត់ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បានរ​ត់ទៅ​ប្តឹង​នគរបាល​ម៉ូ​ស្តិ៍​ចោម​ចៅ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ។ បន្ទាប់​ពី​ទទួល​ប​បណ្តឹង​ពី​ស្ត្រី​រង​គ្រោះ សមត្ថកិច្ច​ឲ្យ​ស្ត្រី​រង​គ្រោះ​ជូន​ទៅ​តាម​រក​ផ្ទះ​ស្ត្រី​សង្ស័យ តែ​ដោយសារ​ស្ត្រី​រង​គ្រោះ​មិន​ស្គាល់​ផ្ទះ ទើប​ត្រឡប់​ទៅ​ផ្ទះ​ខ្លួនឯង​វិញ​ទាំង​ក្តី​សោកស្តាយ និង​សៅហ្មង ៕