កម្ពុជា​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​៨១​ព្រះ​វស្សា​ថ្វាយ​សម្ដេច​ម៉ែ

នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ជា​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​សម្ដេច​ម៉ែ ព្រះ​វររាជ​មាតា​ជាតិ នរោត្តម មុនីនាថ សីហនុ។ ឆ្នាំ​២០១៦ នេះ ជា​គម្រប់​ខួប ៨១​ព្រះ​វស្សា​របស់​ទ្រង់។ នៅ​ថ្ងៃ​នេះ​ដែរ ក៏​ជា​ថ្ងៃ​បុណ្យ​ជាតិ។

កាល​ពី​ឆ្នាំ​១៩៥២ មួយ​ឆ្នាំ​បន្ទាប់​ពី​កញ្ញា ប៉ូល ម៉ូនិក ព្រះនាម​ដើម​របស់​សម្ដេច​ម៉ែ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួត​បវរ​កញ្ញា​ជាតិ ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ។

អ្នក​ម្នាង ម៉ូនិក ត្រូវ​គេ​មើល​ឃើញ​ថា ត្រូវ​បាន​ព្រះបាទ​នរោត្តម សីហនុ សព្វ​ព្រះទ័យ​ជាង​គេ ហើយ​ព្រះអង្គ​តែង​យាង​ដង្ហែ​តាម​ព្រះមហាក្សត្រ​ជាប់​រហូត តាំង​ពី​ការ​ភៀស​ព្រះ​កាយ​ទៅ​បរទេស​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ ការ​ចូលរួម​ចលនា​ព្រៃ​ម៉ាគី​ជាមួយ​ខ្មែរ​ក្រហម។ អ្នក​ម្នាង​ក៏​ត្រូវ​ខ្មែរ​ក្រហម​ឃុំ​ព្រះ​កាយ​នៅ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​សម្ដេច នរោត្តម សីហនុ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​អ្នក​ម្នាង​ក៏​យាង​ភៀស​ព្រះ​កាយ​ទៅ​ប្រទេស​ចិន ជាមួយ​សម្ដេច​នរោត្តម សីហនុ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ។

នៅ​ឆ្នាំ​១៩៩២ អ្នក​ម្នាង ម៉ូនិក ទទួល​ព្រះ​បរម​ងារ​ជា​សម្ដេច​ព្រះជាយា ហើយ​ឆ្នាំ​១៩៩៣ ទ្រង់​ត្រូវ​បាន​ដំឡើង​ព្រះ​បរម​ងារ​ជា​សម្ដេច​ព្រះ​មហេសី។ រហូត​ដល់​ឆ្នាំ​១៩៩៦ ទ្រង់​ត្រូវ​បាន​តែង​តាំង​ជា​សម្ដេច​ព្រះរាជ​អគ្គមហេសី។

សព្វថ្ងៃ សម្ដេច​ម៉ែ​គង់​នៅ​ព្រះបរមរាជវាំង​ជាមួយ​ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​ជា​បុត្រា​របស់​ទ្រង់ គឺ​ព្រះបាទ​នរោត្តម សីហមុនី។ ក្សត្រ​ទាំង​ពីរ​តែង​យាង​ទៅ​ប្រទេស​ចិន ជា​ប្រចាំ ដើម្បី​ពិនិត្យ​ព្រះ​សុខភាព៕

ចុច​ត្រង់​នេះ ដើម្បី​អាន​អំពី​ព្រះរាជ​ជីវប្រវត្តិ​របស់​សម្ដេច​ម៉ែ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។