ឪពុក​ម្ដាយ​រវល់​តែ​ផឹកស៊ី កូន​៣​នាក់​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម

ឪពុក​ម្ដាយ​រវល់​តែ​ផឹកស៊ី កូន​៣​នាក់​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម



ពោធិ៍សាត់ ​៖​ ក្មេងៗ​តូច​ ប្រុស​ស្រី​៣​នាក់​ បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ឪពុកម្ដាយ​របស់​ពួកគេ​រវល់​តែ​ផឹកស៊ី​នៅ​វាល​ខ្សាច់ ហើយ​ពួកគេ​នាំគ្នា​ទៅ​លេង​ទឹក​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ស្ពាន​សម្ដេច​តេ​ជោ ស្ថិត​ក្នុង​ភូមិ​បោះពួយ ឃុំ​លាជ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

ក្មេង​រងគ្រោះ​ទាំង​៣​នាក់​នោះ ទី​១.​ឈ្មោះ​ឈឿន គឹម​យ៉េ​ង ភេទ​ស្រី អាយុ​១៣​ឆ្នាំ ទី​២.ឈ្មោះ​ រិ​ន រី​ចែ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ទី​៣.​​ឈ្មោះ​លី​ម៉េង​ហួយ ភេទ​ស្រី។ ពួកគេ​រស់នៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។

បើ​តាម​អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា ក្មេង​រងគ្រោះ​ទាំង​៣​នាក់​ខាងលើ ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​នៅមុន​ពេល​កើតហេតុ ​ឪពុកម្ដាយ​រួម​នឹង​ពួកគេ​បាន​ជិះ​រថយន្ត​ទួរីស​ដើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ។ លុះដល់​ចំណុច​កើតហេតុ ឪពុកម្ដាយ​ពួកគេ​រវល់​តែ​ផឹកស៊ី​នៅ​លើ​វាល​ខ្សាច់ ហើយ​កូន​ៗ​ក៏​ទៅលេង​ទឹក​ចំណុច​ខាងលើ។ ពេលនោះ​ទំនង​ក្មេង​២​នាក់​តូចៗ​លង់​​ទឹក​មុន ទើប​ក្មេង​អាយុ​១៣​ឆ្នាំ​ចុះទៅ​ជួយ ក៏​លង់​ស្លាប់​ទាំង​អស់​គ្នា​តែម្ដង៕