មុន​ប្រើ​ថ្នាំ សាកល្បង​វិធី​ងាយៗ ៨ យ៉ាង ចំពោះ​ជំងឺ​រលាក​សរសៃប្រសាទ​ជើង​

6 Videos


សរសៃប្រសាទជើងគឺជាសរសៃប្រសាទសំខាន់មួយដែលធំជាងគេនៃរាងកាយនិងមានប្រវែងចាប់ពីចុងឆ្អឹងកងខ្នង កំប៉េះគូទ ភ្លៅ កំភួនជើងរហូតដល់ប្រអប់ជើង ។ សរសៃមួយនេះមានតួនាទីទ្រទ្រង់ចលនាបញ្ជូនអារម្មណ៍និងផ្តល់កម្លាំងដល់ជើង ។ មនុស្សប្រមាណជា ៤០% មានជំងឺសរសៃប្រសាទជើងនេះដោយមានអាការដូចជា ឈឺចាប់ ស្ពឹក ស្រពន់និងខ្សោយត្រង់បរិវេណចុងភ្លៅដែលភាគច្រើនអ្នកជំងឺច្រើនសង្ស័យច្រឡំថាជាការឈឺខ្នងឬរមួលក្រពើ ។ ម្តងម្កាលអ្នកអាចមានអារម្មណ៍ថាឈឺ និងស្ពឹកតិចៗ ឬឈឺចាក់ស្រួចស្រាវតែម្តងត្រង់បរិវេណដែលរលាករហូតដល់ត្រូវសម្រាកផ្តេកខ្លួន និងញ៉ាំថ្នាំបន្ថយការឈឺចាប់ ទើបបានធូរស្បើយ។ ទោះជាយ៉ាងណាអ្នកអាចសាកល្បងវិធីព្យាបាលដោយខ្លួនឯងមុននឹងសម្រេចចិត្តប្រើថ្នាំពេទ្យ ៖

P9

១. ចាក់ម្ជុលវិទ្យាសាស្ត្រ : វិធីនេះអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័សគ្រាន់តែពុំសូវពេញនិយមសម្រាប់អ្នកជំងឺប៉ុណ្ណោះ។ ការចាក់ម្ជុលវិទ្យាសាស្ត្រក៏អាចជួយបំបាត់អាការឈឺក្បាលប្រកាំង ស្ត្រេសនិងកាត់បន្ថយចំណង់ជក់បារីជាដើម ។

២. ការចាប់សរសៃ : វិធីនេះ មានច្រើនកម្រិតនិងមានប្រសិទ្ធភាពទៅតាមកម្រិតដែរ ប៉ុន្តែអ្នកជំងឺរលាកសរសៃសុទ្ធតែទទួលស្គាល់ពីប្រសិទ្ធភាពនៃការចាប់សរសៃនេះ។ ការចាប់សរសៃអាចជួយសម្រួលចលនារាងកាយមកប្រក្រតីវិញ កាត់បន្ថយការរលាកនិងការឈឺចាប់ ព្រមទាំងជួយដល់ការព្យាបាលការចុករោយផ្សេងទៀតផង ។

៣. ស្អំទឹកកក : ការស្អំទឹកកកអាចកាត់បន្ថយការឈឺចាប់ឆាប់ហួសពីការស្មាន។ អ្នកអាចសាកល្បងស្អំទឹកកកត្រង់បរិវេណឈឺ ប្រមាណជា ២០នាទី ជារៀងរាល់ ២ ម៉ោងម្តង រហូតបានធូរស្បើយពីការឈឺចាប់ ។

៤. ស្អំទឹកក្តៅ :ដូចគ្នានឹងការស្អំទឹកកកដែរ ប្រសិនបើសរសៃកប់ជ្រៅពេកនោះ ការស្អំទឹកក្តៅស័ក្តិសមជាង។ អ្នកក៏អាចងូតត្រាំទឹកក្តៅ ក៏ជាវិធីល្អដែរ ព្រោះថាការផ្លាស់ប្តូរសីតុណ្ហភាពរាងកាយអាចជួយសម្រួលដល់ចរន្តលំហូរទឹករងៃ កាត់បន្ថយការរលាក ដែលអាចជួយបន្ថយការឈឺចាប់បាន។

៥. លំហាត់យោហ្គាបែបសន្ធឹង : ការធ្វើចលនារាងកាយ អាចជួយកាត់បន្ថយការឈឺចាប់មួយកម្រិតនិងធ្វើឱ្យឆាប់បាត់ឈឺដែរ ។ លំហាត់យោហ្គាជាវិធីងាយស្រួលនិងមានប្រយោជន៍ដល់ចរន្តឈាមរត់ ពង្រឹងសាច់សុំខ្នងនិងចលនារាងកាយទាំងស្រុង ។

៦. ការម៉ាស្សា : ការព្យាបាលដោយម៉ាស្សាជាវិធីបូរាណ ប៉ុន្តែនៅតែមានការនិយមនិងប្រសិទ្ធភាព ។ អ្នកអាចម៉ាស្សាប្រេង ឬប្រេងដែលមានជាតិថ្នាំបុរាណដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ ។

៧. ឱសថធម្មជាតិ និងប្រេង : សូមកុំមើលរំលងគ្រឿងផ្សំពីធម្មជាតិ ព្រោះថាសូម្បីតែឱសថវេជ្ជសាស្ត្រក៏ត្រូវការគ្រឿងផ្សំធម្មជាតិច្រើនដែរ។ ទោះជាយ៉ាងណាអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យ/អ្នកជំនាញដើម្បីប្រាកដថាការប្រើឱសថឬប្រេងទាំងនោះមិនបង្កប្រតិកម្មនឹងអ្នកឬថ្នាំពេទ្យដែលអ្នកកំពុងប្រើ ។

៨. គេងឱ្យបានគ្រប់គ្រាន់ : ដំណេកជារឿងសំខាន់មិនចំពោះជំងឺណានោះទេ។ ការគេងមិនគ្រប់អាចបណ្តាលឱ្យអាការ ប្រែជាធ្ងន់ធ្ងរជាងមុនពិបាកនឹងជាសះស្បើយ និងចំណាយពេលព្យាបាលយូរទៀតផង។ ផ្ទុយទៅវិញប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ និងស្កប់ស្កល់ អាការនឹងឆាប់ប្រែមកប្រក្រតីនិងមិនចាំបាច់ប្រើថ្នាំច្រើនឡើយ ៕ លក្ខិណា