រន្ធត់​រហូត​សន្លប់ ពេល​ឃើញ​កូនស្រី​ត្រូវ​ប្តី​អា​រក​សម្លាប់

ខេត្ត​ត្បូងឃ្មុំ ៖ ផ្តើម​ចេញពី​ការ​ស្រលាញ់​គ្នា​តាម​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឲ្យ​ក​ម្លោះ​ក្រមុំ​១​គូ​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​បង្កើត​នូវ​ភាព​ផ្អែម​ល្អែ​ម​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក៏​រលាយ​សាប​សូន្យ​ទៅ​វិញ ។ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ បុរស​ជា​ប្តី​បាន​យក​កាំបិត​អា​រកប្រពន្ធ​រហូត​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​លើ​ផ្ទះ​ចាំចំការ​កៅស៊ូ​មួយ​កន្លែង​ក្នុងភូមិ​ឡូត៍ ឃុំ​កំ​ពាន់ ស្រុក​មេមត់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​មិថុនា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ទើប​កម្លាំង​សមត្ថកិច្ច​ដឹង​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ចំណែក​ប្តី​ជា​ឃាតករ​វិញ​បាន​រត់គេច​ខ្លួន​បាត់ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹង​ថា ឃាតករ​ជា​ប្តី​ឈ្មោះ គុន មក​រា អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​បា​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ អុល សុខ​ណា អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ឡូ​ត៏ ឃុំ​កំ​ពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន ឲ្យ​ដឹង​ទៀត​ថា កាល​គ្រាមួយ​នោះ ដោយសារ​តែ​ចំណង់​ស្នេហ៍ពួក​គេ​ទាំង​ពីរ​នាក់​តែងតែបាន​ផ្ញើ​សារ (Message) ទៅ​វិញ​ទៅ​មក​ជា​ច្រើន​លើក ហើយ​ក៏​បាន​ចាប់ចិត្ត​ស្រលាញ់​គ្នា​រហូត​យក​គ្នា​ជា​ប្តី​ប្រពន្ធ មាន​ចាស់ទុំ​ដឹង​ឮ​ធ្វើ​ជា​សាក្សី ។ ប៉ុន្តែ​ក្តី​ស្រលាញ់​មាន​ភាព​ផ្អែម​ល្អែ​ម​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក៏​កើត​មាន​ភាព​រកាំរកូស ឧស្សាហ៍​ឈ្លោះ​គ្នា​ញឹកញាប់ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ប្តី​ប្រពន្ធ​នេះ​បាន​ប្រកែក​ឈ្លោះ​គ្នា​តឹងសរសៃក​នៅ​លើ​ផ្ទះ​ឈើ​តូច​មួយ​នៅ​ក្នុង​ចំការ​កៅស៊ូ​របស់​ខ្លួន ។ បន្ទាប់​មក​បុរស​ជា​ប្តី​បាន​យក​កាំបិត​ខ្វែវ​អា​រកប្រពន្ធ​បណ្តាល​ឲ្យ​ឈាម​ហូរ​បាញ់​ស្រោច​ធរណី​រហូត​រលត់​សង្ខារ រួច​ក៏​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥​មួយ​គ្រឿង​រត់គេច​ខ្លួន​បាត់​ដោយ​មិនដឹង​ជា​ទៅ​ទីណា​ឡើយ ។

លោក​វរសេនីយ៍ត្រី​អធិការ​នគរបាល​ស្រុក​មេមត់ បញ្ជាក់​ថា រហូត​ដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ម្តាយក្មេក​បាន​បាត់​កូនប្រសារ​ប្រុស មិនឃើញ​យក​ម៉ូតូ​ទៅ​ដឹក​ទឹក​ជ័រកៅស៊ូ ក៏​បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​ចំការ​មាន​ចំងាយ​ប្រមាណ​៣​គីឡូម៉ែត្រ ។ តែ​ដោយ​ផ្ទះ​ចាំចំការ​កៅស៊ូ​មាន​សភាព​ស្ងាត់ ក៏​បាន​ស្រែកហៅ​កូនស្រី​ឈ្មោះ សុខ​ណា តែ​មិន​មាន​សំឡេង​ឆ្លើយ​តប​នោះ​ទេ លុះ​ពេល​ឡើង​ទៅ​មើល​ស្រាប់តែ​ឃើញ​កូនស្រី​បាន​ស្លាប់​ដោយ​មាន​ស្នាម​អា​រក​ដ៏​សែន​រន្ធត់ ។ ភ្លាម​ៗ​នោះ​ដោយ​ស្លុត​ខ្លាំង​ពេក​ម្តាយ​ក៏​សន្លប់​បាត់​ទៅ ហើយ​កូនប្រុស​ម្នាក់​ដែល​ទៅ​ជាមួយ​ប្រឹង​រឹត​ទ្រូង​ម្តាយ និង ទូរស័ព្ទ​ហៅ​សាច់ញាតិ​ឲ្យ​ទៅ​មើល ព្រមទាំង​បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ជា​បន្ទាន់ ។

បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ភ្លាម លោកស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​ឲ្យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ចុះ​ទៅ​ស្រាវជ្រាវ​ និង ​សហការ​ជាមួយ​នគរបាល​ស្រុក​មេមត់ ដើម្បី​តាម​ប្រមាញ់​ឃាតករ​ជា​ប្តី​ដែល​កំពុង​រត់គេច​ខ្លួន ៕