រថយន្ត​ហ៊ីយ៉ាន់ដាយ​៥​តោន​បើក​បុក​ម៉ូតូ​ស្លាប់​៣​នាក់​យ៉ាង​អាណោចអាធ័ម

រថយន្ត​ហ៊ីយ៉ាន់ដាយ​៥​តោន​បើក​បុក​ម៉ូតូ​ស្លាប់​៣​នាក់​យ៉ាង​អាណោចអាធ័ម



កំពត ​៖​ រថយន្ត​កូរ៉េ ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​៥​តោន ​បាន​បើក​បុក​ម៉ូតូ​សង់​ ជិះ​ឌុប​គ្នា​៣​នាក់ បណ្ដាល​ឲ្យ​ស្លាប់​ទាំង​៣​ នៅ​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ​រថយន្ត​បង្ក ​និង​ម៉ូតូ​រងគ្រោះ បើកបរ​ក្នុង​ល្បឿន​លឿន​ដូចគ្នា បញ្ច្រាស​ទិស​គ្នា ដោយ​រថយន្ត​មកពី​ទិសខាងកើត​ទៅ​លិច​ លុះដល់​ផ្លូវ​កោង​ត្រង់​ចំណុច​កើតហេតុ ក៏​បុក​នឹង​ម៉ូតូ​ជនរងគ្រោះ​ជិះ​ឌុប​គ្នា​៣​នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើតហេតុ​តែ​ម្តង។ អ្នក​បើករថយន្ត​បង្ក ក្រោយ​ហេតុការណ៍ បាន​រត់​គេចខ្លួន​បាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែង​ហេតុ។

ជនរងគ្រោះ​ទាំង​៣, ទី១-​ឈ្មោះ​នុត ណាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរច្រនៀង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​(​អ្នកបើកបរ​ម៉ូតូ​) ទី​២-​ឈ្មោះ​សាយ សុផល ភេទប្រុស អាយុ​១៨​ឆ្មាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អង្គ​សុ​ភី ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ទី​៣-​ឈ្មោះ​សន សាក់​ស៊ីង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ពួកគេ​ ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-3852។ ចំណែក​រថយន្ត​បង្ក​ម៉ាក​យី​ឌុប​ចំណុះ​៥​តោន ពណ៌​ស ពាក់​ស្លាក​លេខ កំពត 3A-0414។

បច្ចុប្បន្ន រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​រក្សាទុក​នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ឲ្យ​ចូល​ខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។ ដោយឡែក​សព​ជនរងគ្រោះ​២​នាក់ ត្រូវ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ស្រុក​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រ​ពៃណី រីឯ​សព​ជនរងគ្រោះ​ម្នាក់ទៀត ត្រូវ​បាន​បូជា​នៅ​ក្នុង​វត្ត​ត្រពាំង​សង្កែ ជិត​កន្លែង​កើតហេតុ ដោយសារ​ឪពុកម្តាយ​នៅ​ស្រុក​ឆ្ងាយ៕