កីឡាករ​កូរ៉េ​និង​កម្ពុជា​បើក​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើម​យក​ពាន់​រង្វាន់​ពី​អគ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​កម្ពុជា ដើម្បី​ពង្រឹង​មិត្តភាព​ឲ្យ​បាន​រឹងមាំ​បន្ថែម​ទៀត

កីឡាករ​កូរ៉េ​និង​កម្ពុជា​បើក​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើម​យក​ពាន់​រង្វាន់​ពី​អគ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​កម្ពុជា ដើម្បី​ពង្រឹង​មិត្តភាព​ឲ្យ​បាន​រឹងមាំ​បន្ថែម​ទៀត



ភ្នំពេញ ៖ ក្រោម​កិច្ចសហការ​រវាង​អគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​និង​សមាគម​ជនជាតិ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​មួយ ដើម្បី​ដណ្តើម​យក​ពាន់​រង្វាន់​ពី​អគ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​កម្ពុជា ហើយ​ការប្រកួត​កីឡា​នេះ​ធ្វើឡើង​ក្នុង​បំណង ពង្រឹង​មិត្តភាព​ឲ្យ​បាន​រឹងមាំ​បន្ថែម​ទៀត ក្នុង​ន័យ​មួយ​គឺ សហការ​គ្នា រីកចម្រើន​ជាមួយគ្នា។

ការ​ប្រកួត​ជា​មិត្តភាព​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ព្រឹក​និង​ល្ងាច​ថ្ងៃ​ទី​១៨ មិថុនា​ឆ្នាំ​២០១៦​នៅ​ក្នុង​ទីលាន​បាល់ទាត់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ ដោយមាន​១៦​ក្រុម​និង​មាន​កីឡាករ​ប្រមាណ​ជាង​២០០​នាក់​ ដើម្បី​ប្រកួតប្រជែង​គ្នា​ដណ្តើម​យក​ពាន់​រង្វាន់​ពី​អគ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​កម្ពុជា​នេះ។

លោក​គីម ហុន​សីក​(Kim hyun sik) ប្រធាន​សមាគម​ជនជាតិ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការប្រកួត​កីឡាបាល់ទាត់​រវាង​កីឡាករ​កូរ៉េ​និង​កម្ពុជា ​ដើម្បី​ដណ្តើម​យក​ពាន់រង្វាន់​ពី​អគ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​កម្ពុជា​នេះ​ ធ្វើឡើង​មិន​សំខាន់​លើ​ការ​ឈ្នះ​ចាញ់​នោះ​ទេ គឺ​យើង​ចង់​បង្កើន​មិត្តភាព​រវាង​ប្រជាពលរដ្ឋ​ទាំងពីរ កូរ៉េ​និង​កម្ពុជា។

កីឡាករ​កូរ៉េ​ដែល​មក​ចូលរួម​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​នេះ ពួកគាត់​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​ខ្មែរ បំពេញការងារ​ក្នុង​សហគ្រាស ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ ហើយ​មួយ​ចំនួន​ទៀត​ពួកគាត់​ជា​ប្រជាពលរដ្ឋ​កូរ៉េ​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ។

គួរ​បញ្ជា​ប្រជាជន​កូរ៉េ​ច្រើនជាង​១៥០០០​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ទេស​កម្ពុជា និង​បាន​រៀប​អាពាហ៍ពិពាហ៍ រវាង​ប្រជាពលរដ្ឋ​ខ្មែរ និង​កូរ៉េ​ប្រហែល​៥០០​គូ ក្នុង​១​ឆ្នាំៗ។

លោក​គីម វន់​ជីន (Kim woen jin)​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​លើក​ឡើង​ថា កូរ៉េ​និង​កម្ពុជា​ជា​មហា​គ្រួសារ​តែមួយ​មិន​ប្រកាន់​ថា ជា​កូរ៉េ​ឬ​ខ្មែរ​នោះទេ ហើយ​ចំពោះ​ការប្រកួត​នេះ​វា​ជា​ការ​ប្រកួត​មួយ​ដែល​មាន​យុ​ត្តិ​ធម៌​ស្មោះត្រង់ មិន​លំអៀង​ទៅខាង​ណា​នោះ​ទេ អ្នក​ដែល​មាន​សមត្ថភាព​ គឺ​ត្រូវតែ​ជាប់​ចំណាត់ថ្នាក់​ល្អ​និង​ទទួល​បាន​ពាន។

លោក​បន្ត​ថា អត្ថន័យ​នៃ​ការប្រកួតប្រជែង​កីឡាបាល់ទាត់​នេះ គឺ​សហការ​គ្នា រីកចម្រើន​ជាមួយគ្នា ហើយ​នេះ​ជា​អនុស្សាវរីយ៍​មួយ​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​កូរ៉េ​និង​កម្ពុជា៕