កម្ពុជា​ស្នើ​ឲ្យ​ជប៉ុន​ទទួល​សិក្ខាកាម​១​ពាន់​នាក់ ទៅ​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកវិជ្ជា​យានយន្ត​

កម្ពុជា​ស្នើ​ឲ្យ​ជប៉ុន​ទទួល​សិក្ខាកាម​១​ពាន់​នាក់ ទៅ​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកវិជ្ជា​យានយន្ត​



ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋ​មន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​ឲ្យ​ភាគី​ជប៉ុន​ជួយ​ទទួល​សិក្ខាកាម​កម្ពុជា​ចំនួន​១​ពាន់​នាក់ យក​ទៅ​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកវិជ្ជា​យានយន្ត​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន សម្បូរ​បែប​និង​សំដៅ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​តែ​ល្អ​ប្រសើរ។

សំណើ​របស់​លោក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មួយ​លោក Hideki Miyauchi អនុរដ្ឋមន្ត្រី​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ នៃ​ប្រទេស​ជប៉ុន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួង។

លោក​រដ្ឋមន្ត្រី​បាន​ប្រា​ប់​លោក Hideki Miyauchi ថា​« ដោយសារ​កម្ពុជា​ត្រូវការ​កម្លាំង​ធ្វើ​ការងារ​ចំនួន​៣០​ម៉ឺន​នាក់​ ក្នុង​មួយ​ឆ្នាំ តែ​តាមរយៈ​អង្គការ JICA កា​បណ្ដុះបណ្ដាល​បានតែ​៥​ម៉ឺន​នាក់ និង​អ្នក​នៅសល់​២៥​ម៉ឺន​នាក់​ទៀត មិនបាន​ទទួល​ការ​បណ្ដុះបណ្ដាល​ឡើយ​ហើយ​ចំនួន​ថវិកាជាតិ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ការ​បណ្ដុះបណ្ដាល​នេះ រដ្ឋាភិបាល​ក៏​ខិតខំ​ខ្លាំង​ណាស់​ដែរ ​តែ​មិន​អាច​បាន​ទាំងអស់ ដូច្នេះ​ហើយ ទើប​ស្នើសុំ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ផ្ដល់​ជា​ជំនួយ​ដល់​កម្ពុជា តាមរយៈ​អង្គការ​JICA សម្រាប់​ការ​បណ្ដុះបណ្ដាល​នេះ ឲ្យ​បាន​១​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ ឬ​ បើ​បាន​៥​ពាន់​នាក់ ក៏​រឹតតែ​ល្អប្រសើរ​ផងដែរ​»។

ឆ្លើយតប​នឹង​សំណើ​ខាងលើ​នេះ លោក Hideki Miyauchi បាន​ប្រាប់​លោក​រដ្ឋមន្ត្រី​ថា ភាគី​ជប៉ុន​ក៏​មាន​បំណង​ជួយ​គាំទ្រ​ដល់​កម្ពុជា​ផង​ដែរ ក្នុង​ការ​ជួយ​បណ្ដុះបណ្ដាល​បច្ចេកវិជ្ជា​នេះ ព្រោះ​នៅ​ប្រទេស​ជប៉ុន​មាន​ប្រព័ន្ធ​សិក្សា​មួយ ដែល​មាន​ការអនុវត្ត​ជាក់ស្ដែង​សម្រាប់​ជនបរទេស ដែល​មាន​រយៈពេល​៣-៥​ឆ្នាំ ​និង​តម្រូវ​ឲ្យ​ពួកគេ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ទទួល​បាន​ការសិក្សា​ជំនាញ​ផ្ទាល់ ហើយក៏​ជំរុញ​ឲ្យ​កម្ពុជា​បញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​នៅ​ទីនោះ ចំណែក​ចំនួន​ជាក់លាក់​ណាមួយ​នោះ​នឹង​ត្រូវ​ពិភាក្សា​គ្នា​នៅ​ពេល​ក្រោយ ព្រោះ​ប្រព័ន្ធ​សិក្សា​នេះ មិនមែន​ជា​របស់​រដ្ឋ​ទេ​ តែ​វា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ឯកជន​ជាច្រើន ហើយ​កន្លងមក​ក៏​មាន​ក្រុមហ៊ុន​បណ្ដុះបណ្ដាល​មួយ​ចំនួន​មានការ​ចាប់អារម្មណ៍ ចំពោះ​ការ​បណ្ដុះបណ្ដាល​សិក្ខាកាម​កម្ពុជា​ផងដែរ។

ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​សម្ដែង​នូវ​ការ​សប្បាយរីករាយ​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា លើស​ពី​នេះ​ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ជប៉ុន​ជួយ​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រីកចម្រើន​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ ព្រោះ​អ្នក​វិនិយោគ​ជប៉ុន​មាន​ការ​គិតគូរ​ពី​ការ​គោរព​ច្បាប់​ការងារ និង​ផ្ដល់​លក្ខខណ្ឌ​ការងារ​សមរម្យ​ដល់​កម្មករ​បាន​ល្អ ហើយ​កន្លងមក​ជប៉ុន​ក៏បាន​ទទួល​សិក្ខាកាម​កម្ពុជា​ប្រហែល​៣​ពាន់​នាក់ ឲ្យ​ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ទីនោះ ដែល​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​ន​មនុស្ស​ផង និង​ផ្ដល់​នូវ​ប្រាក់ចំណូល​ដល់​ពួកគេ​ផង៕

កម្ពុជា​ស្នើ​ឲ្យ​ជប៉ុន​ទទួល​សិក្ខាកាម​១​ពាន់​នាក់ ទៅ​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកវិជ្ជា​យានយន្ត​ កម្ពុជា​ស្នើ​ឲ្យ​ជប៉ុន​ទទួល​សិក្ខាកាម​១​ពាន់​នាក់ ទៅ​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកវិជ្ជា​យានយន្ត​