សប្បាយ​ក្លាយជា​ទុក្ខ ! រវល់​ផឹកស៊ី​កូន​ៗ៣​នាក់​ស្លាប់​យ៉ាង​អាណោចអាធម្ម

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​៣​នាក់​បានស្លាប់​យ៉ាង​អាណោចអាធម្ម ខណៈ​ឪពុក​ម្តាយ​របស់​ពួក​គេ​រវល់​តែ​ផឹកស៊ី​នៅ​លើ​វាល​ខ្សាច់ ។ ហេតុការណ៍​ស្លាប់​យ៉ាង​អាណោចអាធម្ម​​ដោយសារ​លង់​ទឹក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​សម្តេច​តេ​ជោ ស្ថិត​ក្នុងភូមិ​បោះពួយ ឃុំ​លាជ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​៣​នាក់​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា មាន ១-​ឈ្មោះ ឈឿ​ន គឹ​ម​យ៉េ​ង ភេទ​ស្រី អាយុ​១៣​ឆ្នាំ​, ២-​ឈ្មោះ រិ​ន រី​ចែ ភេទ​ប្រុស អាយុ​៦​ឆ្នាំ និង ៣​ឈ្មោះ លី ម៉េ​ង​ហួយ ភេទ​ស្រី ។ ពួក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ឪពុក​ម្តាយ​រួម​ជាមួយ​ពួក​គេ​បាន​ជិះ​រថយន្ត​ដើរ​លេង​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ លុះដល់​ចំណុច​កើតហេតុ​ក៏​នាំ​គ្នា​ចុះ​ផឹកស៊ី​នៅ​លើ​វាល​ខ្សាច់ ចំណែក​កូន​ៗ​ក៏​នាំ​គ្នា​ទៅ​លេង​ទឹក​នៅ​ចំណុច​នោះ​ស្រាប់តែ​លង់ទឹក​ស្លាប់​ទាំង​៣​នាក់​តែ​ម្តង ៕