ប្រើ​ស្នៀត «James Bond» ដើម្បី​បើក​រថយន្ដ​គេច​ពី​នគរបាល

នៅពេលរថយន្ដរបស់ខ្លួន កំពុងត្រូវបាន​ក្រុមនគរបាល​ដេញចាប់ តើមានវិធីអ្វីដោះស្រាយ? មាន! ម្ចាស់​រថយន្ដ​មួយ​គ្រឿង​នេះ បាន​ប្រើផ្សែងស និងដែកគោល ដើម្បីបង្កការរំខាន ការតាម​ប្រមាញ់​ពីសំណាក់​នគរបាល។ នគរបាលរបស់​ប្រទេស​លីតួអានី បាន​សម្រេច​ដាក់វីដេអូនេះ នៅតាម​អ៊ិនធើណែត ដើម្បីបង្ហាញ​​ពីល្បិចដ៏ខិលខូច ដែល​សូម្បី​នគរបាល​ខ្លួន​ឯង ក៏​មិន​នឹក​ស្មាន​ដល់។
ប្រើ​ស្នៀត «James Bond» ដើម្បី​បើក​រថយន្ដ​គេច​ពី​នគរបាល

ការប្រមាញ់រថយន្ដ ដែលមិនព្រមឈប់តាមការហៅ របស់នគរបាល... តែបានក្លាយជា​ឈុត​ឆាក​ប្រដេញ ដូចនៅក្នុងភាពយន្ដ...។ (រូបថតផ្តិតពីវីដេអូ)

ឈុតឆាកបានកើតឡើងពិតៗ តែវាដូចនៅក្នុងភាពយន្ដចារកម្ម របស់អង់គ្លេស-អាមេរិក រឿងជេមស្ប៊ន ០០៧ ដូច្នេះ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍មុន នៅក្នុងទីក្រុង «Marijampolé» ភាគ​ខាង​ត្បូង​នៃ​ប្រទេសលីតួអានី។ ម្ចាស់រថយន្ដ ធុន «SUV» ដែលមិនចង់ឈប់រថយន្ដ តាមការស្នើសុំរបស់នគរបាល បាន​បើក​រថយន្ដ​របស់ខ្លួននេះ រត់គេចពីនគរបាល ដោយបានប្រើ នូវគ្រប់ល្បិច គ្រប់ស្នៀត ដែលមាន​នៅក្នុង​ភាពយន្ដ ជេមស្ប៊ន ដ៏ល្បី។

នៅក្នុងចំណោមល្បិចស្នៀតទាំងនោះ មានរាប់បញ្ចូលទាំង ផ្សែងពណ៌សបង្ហុយចេញ​តាមរថយន្ដផ្នែក​ខាង​ក្រោយ​របស់ខ្លួន យ៉ាងហុយទ្រលោម និងដែកគោល ដើម្បីឲ្យបំផ្ទុះកង់រថយន្ដ ដែលកំពុងដេញតាមពីក្រោយ​ខ្លួន។ សូមមើលដែកគោល ក្នុងរូបខាងក្រោម៖

ប្រើ​ស្នៀត «James Bond» ដើម្បី​បើក​រថយន្ដ​គេច​ពី​នគរបាល

នៅទីបំផុត ការប្រមាញ់រថយន្ដដ៏ពិសេស បានបញ្ចប់ទៅ បន្ទាប់ពីថយន្ដនគរបាល​​បានបុកផ្អិបរថយន្ដនោះ ទៅ​រនាំង​ចិញ្ចើមផ្លូវ។ ឈុតឆាកនេះ ត្រូវបានថតដោយកាម៉េរ៉ាវីដេអូ ដែលមានបំពាក់ នៅលើរថយន្ដនគរបាល ហើយ​ត្រូវ​បានយកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់នគរបាល នៅប៉ុន្មានថ្ងៃបន្ទាប់មក។ ជាសំណាងល្អ នៅ​ក្នុង​ហេតុការណ៍​នេះ មិនមាននរណាម្នាក់រងរបួសឡើយ៕

» ទស្សនាវីដេអូ នៃការប្រដេញនេះទាំងស្រុង ដូចតទៅ៖