សេចក្ដី​លះ​បង់​របស់​ម្ដាយ​ពិការ​ភ្នែក​ម្ខាង​​ បែរ​ជា​កូន​​ខ្លាច​ខ្មាស​គេ

​ម្ដាយ​របស់​ខ្ញុំ​​​​ពិការ​​ភ្នែក​ម្ខាង​ ​ខ្ញុំ​ស្អប់​គាត់ ​គាត់​​​​​តែង​​តែ​​ធ្វើ​​ឲ្យ​ខ្ញុំ​​​ខ្មាស​គេ​​​​​ ពេល​​​​គាត់​​បង្ហាញ​មុខ​​ឲ្យ​មិត្តភ័ក្ដិ​​ខ្ញុំ​ឃើញ។ ​ម្ដាយ​​ខ្ញុំ​​​​​​​បើក​កន្លែង​លក់​ដូរ​​តិច​​តួច​​ក្នុង​ផ្សារ​​​​​មួយ ​គឺ​​ជា​​អ្នក​លក់​ស្មៅ​សត្វ ​ហើយ​គាត់​​​​​ធ្វើ​​​អ្វី​​ៗ​គ្រប់​យ៉ាង​​​​​​​​ដើម្បី​​រក​ប្រាក់​​​​​​ចិញ្ចឹម​ខ្ញុំ។

 

សេចក្ដី​លះ​បង់​របស់​ម្ដាយ​ពិការ​ភ្នែក​ម្ខាង​​ បែរ​ជា​កូន​​ខ្លាច​ខ្មាស​គេ

 

​ខ្ញុំ​ចាំ​កាល​​​រៀន​​​ថ្នាក់​​​បឋម​ ​ពេល​ខ្ញុំ​​កំពុង​រត់​​លេង​​ជាមួយ​​មិត្តភ័ក្ដិ ​​​​ម្ដាយ​​ខ្ញុំ​​​​​មក​ពី​លក់​​ដូរ​​វិញ​​​​​ គាត់​ចូល​​មក​រក​ខ្ញុំ ​តែ​​ខ្ញុំ​​ពិត​ជា​​ខ្មាស​គេ​ខ្លាំង​ណាស់ ​​​ព្រោះ​​ខោអាវ​​​គាត់​​ចាស់​​គគ្រិច​​​ ​ធុំក្លិន​ញើស​​ពេញ​ខ្លួន។ ​ពេល​​គាត់​​ដើរ​សំដៅ​​រក​ខ្ញុំ ​​​គាត់​មើល​ខ្ញុំ​​ទាំង​​ញញឹម​រីករាយ​​​ តែ​ខ្ញុំ​​​​​​សម្លឹង​ដាក់​គាត់​វិញ​​បែប​​ស្អប់​ធុញ​ទ្រាន់​គាត់ ​ហើយ​​​​រត់​គេច​ចេញ​ពី​​​គាត់​យ៉ាង​លឿន។ ដល់​ពេល​​ចូល​​រៀន​ថ្ងៃ​​ស្អែក​ ​​មិត្ត​រួម​ថ្នាក់​​សួរ​ខ្ញុំ​ថា “​​​​ម៉ែ​ឯង​​មាន​ភ្នែក​តែ​ម្ខាង​ទេ?” ​ពួក​គេ​សើច​​​ចំអក​​ដាក់​ខ្ញុំ​។

 

​​​​​​​​​​​​​ថ្ងៃ​​មួយ​​​​​​​ខ្ញុំ​ធ្លាប់​​គិត​​ថា ​ខ្ញុំ​​​ចង់​​​ឲ្យ​​គាត់​​​បាត់​​មុខ​​​ពី​ផែន​ដី​នេះ​ ​ទើប​​សួរ​គាត់​​ទាំង​​កំហឹង​ថា​ “​ម៉ែ, ​ហេតុ​​អ្វី​​​​​ម៉ែ​ឯង​​​​មិន​មាន​ភ្នែក​ម្ខាង​ទៀត? ​ខ្ញុំ​ខ្មាស​គេ​ណាស់! ​ហេតុ​អ្វី​​​​ម៉ែ​មិន​ទៅ​ណា​ឲ្យ​បាត់​ទៅ?” ​​​​​ម្ដាយ​ខ្ញុំ​​​ប្រែ​ទឹក​​មុខ​​​​​​ជា​​ស្រងាត់ ​ឱន​​មុខ​ចុះ​​បន្តិច​​ ប៉ុន្តែ​​​​មិន​ឆ្លើយ​តប​នឹង​សំណួរ​ខ្ញុំ​​ទេ។ ​ខ្ញុំ​គិត​ថា​​គាត់​​ប្រហែល​​​​​ស្រងាក​​ចិត្ត​​​​​ខ្លាំង​​ហើយ​ពេល​នោះ ​​តែ​​គាត់​មិន​ខឹង​ មិន​​​ប្រកាន់​​ទោសពៃរ៍​​​​​ខ្ញុំ​ឡើយ។

 

សេចក្ដី​លះ​បង់​របស់​ម្ដាយ​ពិការ​ភ្នែក​ម្ខាង​​ បែរ​ជា​កូន​​ខ្លាច​ខ្មាស​គេ

 

​​​​​​ក្នុង​​យប់​​ដដែល​​នោះ​ ​ខ្ញុំ​បាន​ភ្ញាក់​​ពី​​ដេក​​ ហើយ​ដើរ​​ទៅ​កាន់​​ចង្ក្រាន​បាយ​​​​​ផឹក​ទឹក​។ ​​ស្រាប់​តែ ​​ខ្ញុំ​​ឃើញ​​​​​​គាត់​​សម្ងំ​​អង្គុយ​​យំ​ខ្សឹកខ្សួល​​បណ្ដើរ​​​ជូត​ទឹក​ភ្នែក​បណ្ដើរ​​​ យ៉ាង​ស្ងាត់​ស្ងៀម​ ​​ព្រោះ​គាត់​​ខ្លាច​​ខ្ញុំ​​ភ្ញាក់​ពី​ដំណេក​​។ ​​ខ្ញុំ​​បាន​​​មើល​គាត់​ពី​ចម្ងាយ​​​​ ​តែ​​ខ្ញុំ​​​​​​បាន​ត្រឡប់​​ទៅ​ដេក​វិញ ​ព្រោះ​ខ្ញុំ​គិត​ថា​​​​​​ប្រហែល​​មក​ពី​​​​​សម្ដី​​ខ្ញុំ​និយាយ​ជា​មួយ​គាត់​​ពី​ថ្ងៃ​​ហើយ។​​​​​​​​​​​​

 

​ទោះ​ជា​​យ៉ាង​ណា​​​ ​ខ្ញុំ​​នៅ​តែ​ស្អប់​គាត់​ ​ដែល​យំ​​​​ហូរ​ទឹក​ភ្នែក​តែ​​​ម្ខាង ​ដូច្នេះ​​​ខ្ញុំ​បាន​ប្រាប់​ខ្លួន​​​ថា​​​​​ពេល​​​​ធំ​ឡើង ខ្ញុំ​​​នឹង​ក្លាយ​​​ជា​មនុស្ស​​មាន​​គ្រប់​លក្ខណៈ​​​ ​មនុស្ស​ជោគជ័យ​ ព្រោះ​​​​​ស្អប់​​​ម្ដាយ​​ភ្នែក​​ម្ខាង​ និង​​​ភាព​​ក្រីក្រ​តោកយ៉ាក​។

 

សេចក្ដី​លះ​បង់​របស់​ម្ដាយ​ពិការ​ភ្នែក​ម្ខាង​​ បែរ​ជា​កូន​​ខ្លាច​ខ្មាស​គេ

 

​ខ្ញុំ​​បាន​​​ខិត​ខំ​​រៀន​សូត្រ​​យ៉ាង​ខ្លាំង ​​រហូត​​​​​បាន​ចាកចេញ​ពី​គាត់​ទៅ​បន្ត​​ការ​សិក្សា​នៅ​ទីក្រុង​សេអ៊ូល ​និង​​​​ចូល​រៀន​​​សាកលវិទ្យាល័យ​​សេអ៊ូល​ថែម​ទៀត។​ ​​ក្រោយ​រៀន​ចប់​មាន​ការ​ងារ​ធ្វើ​ ​ខ្ញុំ​បាន​រៀបការ​​ជា​មួយ​នារី​ម្នាក់​ ​និង​បាន​ទិញ​ផ្ទះ​​សម្រាប់​ខ្លួន​ឯង ថែម​​ទាំង​​មាន​​​​​កូន​ផង​។ ​ឥឡូវ​​ខ្ញុំ​​​​រស់​នៅ​​​​យ៉ាង​សប្បាយ​រីករាយ​​ជា​មនុស្ស​ជោគជ័យ​ម្នាក់ ហើយ​ខ្ញុំ​ចូល​ចិត្ត​​ទី​នេះ​​ ​ព្រោះ​វា​ធ្វើ​​ឲ្យ​ខ្ញុំ​​អាច​ភ្លេច​ដល់​​​ម្ដាយ​​​ពិការ​ភ្នែក​។

 

​ថ្ងៃ​​មួយ​​ម្ដាយ​ខ្ញុំ​​​​នឹក​ខ្ញុំ​ពេក​ គាត់​​បាន​​​មក​លេង​ខ្ញុំ​​​​​​ ដោយ​គោះ​ទ្វារ​​​​​ផ្ទះ។​​​ ខ្ញុំ​​បាន​ចេញ​​ទៅ​បើក​​​​ ហើយ​សួរ​​ពី​ចម្ងាយ​ថា​​​​​​ ​​”អ្នក​ណា​គេ មក​រក​​អ្វី”? ពេល​​បើក​ទ្វារ​​​​ ​តាម​ពិត​ជា​ម្ដាយ​​ខ្ញុំ​ ដែល​​​ខាន​ជួប​គ្នា​​ជា​យូរ​មក​ហើយ។ ​​គាត់​​នៅ​តែ​មាន​ភ្នែក​​ម្ខាង​ ​ធ្វើ​​ឲ្យ​ខ្ញុំ​គិត​ថា​​​មេឃ​​ពិត​ជា​តូច​ណាស់​សម្រាប់​ខ្ញុំ​​​​​ ព្រោះ​ជួប​មនុស្ស​​ដែល​មិន​ចង់​ឲ្យ​ជួប។ ​​​ចំណែក​កូន​ស្រី​តូច​​​របស់​ខ្ញុំ​​បាន​ស្រែក​ ​និង​​រត់​​ទាំង​​ភ័យ​​ខ្លាច​​ ពេល​ឃើញ​​​​ភ្នែក​ម្ដាយ​ខ្ញុំ។

 

​​ខ្ញុំ​​បាន​សួរ​គាត់​​​​ថា​”​​មីង​ជា​នរណា? ​ខ្ញុំ​​មិនដែល​ស្គាល់​​មីង​ទេ!”។ ​​ខ្ញុំ​ស្រែក​ដាក់​គាត់​ “មីងមក​ផ្ទះ​ខ្ញុំ​ធ្វើ​​អី? ​ឆាប់​ចេញ​​ទៅ​វិញ​​​​ភ្លាម​ទៅ”​!​​​ គាត់​មើល​​​​ខ្ញុំ​​​​បន្តិច ​ក៏​ប្រែ​ទឹក​មុខ​​​ជា​ស្ងួត ​ហើយ​បាន​​ឆ្លើយ​​ទាំង​​សំឡេង​​ខ្សាវៗ​ ​​​​អួល​ដើម​ក​​​វិញ​ថា “​​អូ! ខ្ញុំ​​សុំទោស! ​​ខ្ញុំ​ប្រហែល​​ច្រឡំ​​​​ផ្លូវ​​ហើយ”។ ​​​គាត់​​​​ក៏​ដើរ​​ឈ្ងោក​​​​ចេញ​​ទៅ​វិញ​បាត់។ ពេល​​នោះ​ ខ្ញុំ​បាន​អរគុណ​​ព្រះ​ជា​ម្ចាស់​​ ព្រោះ​​គាត់​​មិន​អាច​ចំណាំ​​ខ្ញុំ​បាន ​ហើយ​ខ្ញុំ​​​ប្រាប់​ខ្លួន​ឯង​ទៀត​​ថា​​​ មិន​ត្រូវ​គិត​រឿង​នេះ​ទេ ​​​ត្រូវ​គិត​​ពី​​អនាគត​​ក្រុម​គ្រួសារ​ថ្មី។

 

​​​​​​​​​​​​​​​​​​នៅ​ថ្ងៃ​មួយ​​​​​​ ​ខ្ញុំ​បាន​ទទួល​សំបុត្រ​​​​​​ពី​សាលា​បឋម​សិក្សា​​​​​ដែល​​​រៀន​​​​​កាល​នៅ​ក្មេង​​​ ​ដោយ​​អញ្ជើញ​​​​​ទៅ​​ជួប​ជុំ​​​​​​​សិស្ស​​ឡើង​វិញ​។ ​ខ្ញុំ​បាន​កុហក​​​ប្រពន្ធ​​ខ្ញុំ​ថា​ ​​ខ្ញុំ​នឹង​​ត្រូវ​​​​ធ្វើ​ដំណើរ​​​​​​បែប​​រក​ស៊ី​​ទៅ​ឆ្ងាយ​មួយ​រយៈ​​។ ​​

 

ក្រោយ​បាន​​ជួប​ជុំ​​មិត្ត​រួម​ថ្នាក់​​រួច ​ខ្ញុំ​​​បាន​​ដើរ​​ទៅ​មើល​ខ្ទម​​​​ចាស់​​ដែល​ធ្លាប់​​រស់​នៅ​ ស្រាប់​តែ​​ខ្ញុំ​​ឃើញ​ម្ដាយ​​ខ្ញុំ​​​​កំពុង​ដេក​ដួល​​​ស្លាប់​លើ​ដី​​​​ ដោយ​​មាន​សំបុត្រ​​ក្នុង​ដៃ​មួយ​ច្បាប់​ ដែល​គាត់​​ទុក​ផ្ញើ​ឲ្យ​​ខ្ញុំ​​។ ​​

 

សំបុត្រ​នោះ​​​គាត់​សរសេរ​ថា «​​​កូន​ប្រុស​! ​ម៉ែ​គិត​ថា​​​​ ​ជីវិត​ម៉ែ​ប៉ុណ្ណឹង​​​​​​​គ្រប់​គ្រាន់​ហើយ។ ម៉ែ​​នឹង​​មិន​ទៅ​​សេអ៊ូល​ទៀត​ទេ ​​តែ​​​​អាច​ទេ​បើ​​ម៉ែ​​សុំ​​ឲ្យ​កូន​​មក​លេង​ម៉ែ​មួយភ្លែត​? ម៉ែ​នឹក​កូន​​ខ្លាំង​ណាស់។ ​​​ហើយ​ម៉ែ​​រីក​រាយ​មែន​ទែន ​​​ពេល​បាន​ឮ​ថា​​កូន​មក​ចូល​រួម​​ពិធី​ជួប​ជុំ​​ក្នុង​សាលា​។ ​ប៉ុន្តែ​​​ ម៉ែ​​សម្រេច​ចិត្ត​​​មិន​ទៅ​​ជួប​កូន​នៅ​សាលា​​ទៀត​ទេ​​​….ម៉ែ​សុំទោស​​​កូន​ ដែល​ម៉ែ​មាន​ភ្នែក​​តែ​ម្ខាង​ធ្វើ​​ឲ្យ​កូន​​ខ្មាស​គេ។ ​​កូន​ដឹង​ទេ​​​ ​កាល​កូន​​​​នៅ​​តូច​​ ​កូន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​​​​ ​ហើយ​កូន​​​បាត់​បង់​ភ្នែក​ម្ខាង​​​​។ ​​ក្នុង​នាម​​ជា​ម្ដាយ​​ ​ម៉ែ​មិន​អាច​​ឈរ​មើល​កូន​​សម្លាញ់​​​ ពេល​ធំឡើង​​​​​ខ្វាក់​ភ្នែក​ម្ខាង​ទេ ​ដូច្នេះ​​​​ម៉ែ​សុខ​ចិត្ត​​​លះបង់​​ភ្នែក​របស់​ម៉ែ​​​​ម្ខាង​​ឲ្យ​កូន​ប្រុស។ ​​

 

ម៉ែ​សប្បាយ​ចិត្ត​ណាស់​​​ ពេល​បាន​​ជួយ​កូន​​​​គេច​ផុត​​ពី​ភាព​ពិការ​​ និង​ឃើញ​ពិភព​លោក​ទាំង​មូល​ច្បាស់​​​​​​ដោយ​ភ្នែក​ទាំង​ពីរ​។ ​ម៉ែ​មិនដែល​​តូច​ចិត្ត​​​​​​ ដែល​កូន​​ធ្វើ​​អ្វី​​ៗ​ចំពោះ​​ម៉ែ​ឡើយ។ ​​​​មាន​ពេល​វេលា​ជាច្រើន​​​ដែល​​កូន​ខឹង​ម៉ែ​​។ ​ម៉ែ​គិត​ខ្លួន​ឯង​ថា​​​​ព្រោះ​​​​ម៉ែ​ស្រលាញ់​កូន បាន​ម៉ែ​មិន​ខឹង​កូន​វិញ​​។​ ​ម៉ែ​​​នឹក​ពេល​វេលា​​​កាល​កូននៅ​​ក្មេង​​ ព្រោះ​កូន​​បាន​​នៅ​ក្បែរ​ម៉ែ។ ​​ម៉ែ​នឹក​កូន​ខ្លាំង​ណាស់។ ម៉ែ​ស្រលាញ់​​កូន​ណាស់។ ​កូន​ជា​ពិភព​​លោក​​​របស់​ម៉ែ»៕

 

តម្លៃ​អប់រំ​រឿង៖

មិន​​ត្រូវ​​​ស្អប់ ឬ​រើស​អើង​​​​អ្នក​​ពិការ​​​ទេ​។​ ​​ត្រូវ​គោរព​​​ស្រលាញ់​ឪពុក​ម្ដាយ​របស់​ខ្លួន មិន​ត្រូវ​​ព្រងើយ​កន្តើយ​ និង​​​​​​វាយ​​​តម្លៃ​​​​​សេចក្ដី​​​លះ​បង់​របស់​ពួកគាត់​ឡើយ។​​​ ពួក​គាត់​​ឲ្យ​ជីវិត​​​​ ​ចិញ្ចឹម​បីបាច់​ថែរក្សា​​ ការពារ​ ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​យើង​​​​ច្រើន​ជាង​​ខ្លួន​គាត់​មាន​ថែម​ទៀត។ ​ពួក​គាត់​​មិនដែល​​​​គិត​​​​​​​​​​ផ្លូវ​មិនល្អ​​ចំពោះ​កូន​ទេ ​សូម្បី​សុបិន។​ ឪពុក​ម្ដាយ​​តែង​តែ​​បង្ហាញ​​ផ្លូវ​​ត្រូវ​​​ និង​​លើក​ទឹក​ចិត្ត​កូន​ជានិច្ច។ ពួក​គាត់​​​​តែង​តែ​លើក​លែង​ទោស​​​​​​​ឲ្យ​កូន​ជា​និច្ច​​ទោះ​ធ្វើ​​ខុស​​​ច្រើន​ប៉ុណ្ណា​​។ ​​មិន​មាន​វិធី​ណា​អាច​​ឲ្យ​​កូន​​​​​សង​គុណ​ឪពុក​​ម្ដាយ​​​​អស់​បាន​ឡើយ មាន​​តែ​​​​​សេចក្ដី​គោរព និង​​ស្រលាញ់​ប៉ុណ្ណោះ។

 

ចុចអាន៖ ទឹក​ចិត្ត​ឪពុក​មាន​ចំពោះ​កូន ​បើ​អ្នក​បាន​ដឹង​នឹង​ស្រក់​ទឹក​ភ្នែក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ បរទេស​​​​​​​​​​​​​​​​​​​​​​​​​​​​