សេចក្ដី​លះ​បង់​របស់​ម្ដាយ​ពិការ​ភ្នែក​ម្ខាង​​ បែរ​ជា​កូន​​ខ្លាច​ខ្មាស​គេ

ម្ដាយរបស់ខ្ញុំពិការភ្នែកម្ខាង ខ្ញុំស្អប់គាត់ គាត់តែងតែធ្វើឲ្យខ្ញុំខ្មាសគេ ពេលគាត់បង្ហាញមុខឲ្យមិត្តភ័ក្ដិខ្ញុំឃើញ។ ម្ដាយខ្ញុំបើកកន្លែងលក់ដូរតិចតួចក្នុងផ្សារមួយ គឺជាអ្នកលក់ស្មៅសត្វ ហើយគាត់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរកប្រាក់ចិញ្ចឹមខ្ញុំ។

សេចក្ដី​លះ​បង់​របស់​ម្ដាយ​ពិការ​ភ្នែក​ម្ខាង​​ បែរ​ជា​កូន​​ខ្លាច​ខ្មាស​គេ

ខ្ញុំចាំកាលរៀនថ្នាក់បឋម ពេលខ្ញុំកំពុងរត់លេងជាមួយមិត្តភ័ក្ដិ ម្ដាយខ្ញុំមកពីលក់ដូរវិញ គាត់ចូលមករកខ្ញុំ តែខ្ញុំពិតជាខ្មាសគេខ្លាំងណាស់ ព្រោះខោអាវគាត់ចាស់គគ្រិច ធុំក្លិនញើសពេញខ្លួន។ ពេលគាត់ដើរសំដៅរកខ្ញុំ គាត់មើលខ្ញុំទាំងញញឹមរីករាយ តែខ្ញុំសម្លឹងដាក់គាត់វិញបែបស្អប់ធុញទ្រាន់គាត់ ហើយរត់គេចចេញពីគាត់យ៉ាងលឿន។ ដល់ពេលចូលរៀនថ្ងៃស្អែក មិត្តរួមថ្នាក់សួរខ្ញុំថា “ម៉ែឯងមានភ្នែកតែម្ខាងទេ?” ពួកគេសើចចំអកដាក់ខ្ញុំ។

ថ្ងៃមួយខ្ញុំធ្លាប់គិតថា ខ្ញុំចង់ឲ្យគាត់បាត់មុខពីផែនដីនេះ ទើបសួរគាត់ទាំងកំហឹងថា “ម៉ែ, ហេតុអ្វីម៉ែឯងមិនមានភ្នែកម្ខាងទៀត? ខ្ញុំខ្មាសគេណាស់! ហេតុអ្វីម៉ែមិនទៅណាឲ្យបាត់ទៅ?” ម្ដាយខ្ញុំប្រែទឹកមុខជាស្រងាត់ ឱនមុខចុះបន្តិច ប៉ុន្តែមិនឆ្លើយតបនឹងសំណួរខ្ញុំទេ។ ខ្ញុំគិតថាគាត់ប្រហែលស្រងាកចិត្តខ្លាំងហើយពេលនោះ តែគាត់មិនខឹង មិនប្រកាន់ទោសពៃរ៍ខ្ញុំឡើយ។

សេចក្ដី​លះ​បង់​របស់​ម្ដាយ​ពិការ​ភ្នែក​ម្ខាង​​ បែរ​ជា​កូន​​ខ្លាច​ខ្មាស​គេ

ក្នុងយប់ដដែលនោះ ខ្ញុំបានភ្ញាក់ពីដេក ហើយដើរទៅកាន់ចង្ក្រានបាយផឹកទឹក។ ស្រាប់តែ ខ្ញុំឃើញគាត់សម្ងំអង្គុយយំខ្សឹកខ្សួលបណ្ដើរជូតទឹកភ្នែកបណ្ដើរ យ៉ាងស្ងាត់ស្ងៀម ព្រោះគាត់ខ្លាចខ្ញុំភ្ញាក់ពីដំណេក។ ខ្ញុំបានមើលគាត់ពីចម្ងាយ តែខ្ញុំបានត្រឡប់ទៅដេកវិញ ព្រោះខ្ញុំគិតថាប្រហែលមកពីសម្ដីខ្ញុំនិយាយជាមួយគាត់ពីថ្ងៃហើយ។

ទោះជាយ៉ាងណា ខ្ញុំនៅតែស្អប់គាត់ ដែលយំហូរទឹកភ្នែកតែម្ខាង ដូច្នេះខ្ញុំបានប្រាប់ខ្លួនថាពេលធំឡើង ខ្ញុំនឹងក្លាយជាមនុស្សមានគ្រប់លក្ខណៈ មនុស្សជោគជ័យ ព្រោះស្អប់ម្ដាយភ្នែកម្ខាង និងភាពក្រីក្រតោកយ៉ាក។

ខ្ញុំបានខិតខំរៀនសូត្រយ៉ាងខ្លាំង រហូតបានចាកចេញពីគាត់ទៅបន្តការសិក្សានៅទីក្រុងសេអ៊ូល និងចូលរៀនសាកលវិទ្យាល័យសេអ៊ូលថែមទៀត។ ក្រោយរៀនចប់មានការងារធ្វើ ខ្ញុំបានរៀបការជាមួយនារីម្នាក់ និងបានទិញផ្ទះសម្រាប់ខ្លួនឯង ថែមទាំងមានកូនផង។ ឥឡូវខ្ញុំរស់នៅយ៉ាងសប្បាយរីករាយជាមនុស្សជោគជ័យម្នាក់ ហើយខ្ញុំចូលចិត្តទីនេះ ព្រោះវាធ្វើឲ្យខ្ញុំអាចភ្លេចដល់ម្ដាយពិការភ្នែក។

ថ្ងៃមួយម្ដាយខ្ញុំនឹកខ្ញុំពេក គាត់បានមកលេងខ្ញុំ ដោយគោះទ្វារផ្ទះ។ ខ្ញុំបានចេញទៅបើក ហើយសួរពីចម្ងាយថា ”អ្នកណាគេ មករកអ្វី”? ពេលបើកទ្វារ តាមពិតជាម្ដាយខ្ញុំ ដែលខានជួបគ្នាជាយូរមកហើយ។ គាត់នៅតែមានភ្នែកម្ខាង ធ្វើឲ្យខ្ញុំគិតថាមេឃពិតជាតូចណាស់សម្រាប់ខ្ញុំ ព្រោះជួបមនុស្សដែលមិនចង់ឲ្យជួប។ ចំណែកកូនស្រីតូចរបស់ខ្ញុំបានស្រែក និងរត់ទាំងភ័យខ្លាច ពេលឃើញភ្នែកម្ដាយខ្ញុំ។

ខ្ញុំបានសួរគាត់ថា”មីងជានរណា? ខ្ញុំមិនដែលស្គាល់មីងទេ!”។ ខ្ញុំស្រែកដាក់គាត់ “មីងមកផ្ទះខ្ញុំធ្វើអី? ឆាប់ចេញទៅវិញភ្លាមទៅ”! គាត់មើលខ្ញុំបន្តិច ក៏ប្រែទឹកមុខជាស្ងួត ហើយបានឆ្លើយទាំងសំឡេងខ្សាវៗ អួលដើមកវិញថា “អូ! ខ្ញុំសុំទោស! ខ្ញុំប្រហែលច្រឡំផ្លូវហើយ”។ គាត់ក៏ដើរឈ្ងោកចេញទៅវិញបាត់។ ពេលនោះ ខ្ញុំបានអរគុណព្រះជាម្ចាស់ ព្រោះគាត់មិនអាចចំណាំខ្ញុំបាន ហើយខ្ញុំប្រាប់ខ្លួនឯងទៀតថា មិនត្រូវគិតរឿងនេះទេ ត្រូវគិតពីអនាគតក្រុមគ្រួសារថ្មី។

នៅថ្ងៃមួយ ខ្ញុំបានទទួលសំបុត្រពីសាលាបឋមសិក្សាដែលរៀនកាលនៅក្មេង ដោយអញ្ជើញទៅជួបជុំសិស្សឡើងវិញ។ ខ្ញុំបានកុហកប្រពន្ធខ្ញុំថា ខ្ញុំនឹងត្រូវធ្វើដំណើរបែបរកស៊ីទៅឆ្ងាយមួយរយៈ។

ក្រោយបានជួបជុំមិត្តរួមថ្នាក់រួច ខ្ញុំបានដើរទៅមើលខ្ទមចាស់ដែលធ្លាប់រស់នៅ ស្រាប់តែខ្ញុំឃើញម្ដាយខ្ញុំកំពុងដេកដួលស្លាប់លើដី ដោយមានសំបុត្រក្នុងដៃមួយច្បាប់ ដែលគាត់ទុកផ្ញើឲ្យខ្ញុំ។

សំបុត្រនោះគាត់សរសេរថា «កូនប្រុស! ម៉ែគិតថា ជីវិតម៉ែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ ម៉ែនឹងមិនទៅសេអ៊ូលទៀតទេ តែអាចទេបើម៉ែសុំឲ្យកូនមកលេងម៉ែមួយភ្លែត? ម៉ែនឹកកូនខ្លាំងណាស់។ ហើយម៉ែរីករាយមែនទែន ពេលបានឮថាកូនមកចូលរួមពិធីជួបជុំក្នុងសាលា។ ប៉ុន្តែ ម៉ែសម្រេចចិត្តមិនទៅជួបកូននៅសាលាទៀតទេ….ម៉ែសុំទោសកូន ដែលម៉ែមានភ្នែកតែម្ខាងធ្វើឲ្យកូនខ្មាសគេ។ កូនដឹងទេ កាលកូននៅតូច កូនជួបគ្រោះថ្នាក់ចរាចរណ៍ ហើយកូនបាត់បង់ភ្នែកម្ខាង។ ក្នុងនាមជាម្ដាយ ម៉ែមិនអាចឈរមើលកូនសម្លាញ់ ពេលធំឡើងខ្វាក់ភ្នែកម្ខាងទេ ដូច្នេះម៉ែសុខចិត្តលះបង់ភ្នែករបស់ម៉ែម្ខាងឲ្យកូនប្រុស។

ម៉ែសប្បាយចិត្តណាស់ ពេលបានជួយកូនគេចផុតពីភាពពិការ និងឃើញពិភពលោកទាំងមូលច្បាស់ដោយភ្នែកទាំងពីរ។ ម៉ែមិនដែលតូចចិត្ត ដែលកូនធ្វើអ្វីៗចំពោះម៉ែឡើយ។ មានពេលវេលាជាច្រើនដែលកូនខឹងម៉ែ។ ម៉ែគិតខ្លួនឯងថាព្រោះម៉ែស្រលាញ់កូន បានម៉ែមិនខឹងកូនវិញ។ ម៉ែនឹកពេលវេលាកាលកូននៅក្មេង ព្រោះកូនបាននៅក្បែរម៉ែ។ ម៉ែនឹកកូនខ្លាំងណាស់។ ម៉ែស្រលាញ់កូនណាស់។ កូនជាពិភពលោករបស់ម៉ែ»៕

តម្លៃអប់រំរឿង៖
មិនត្រូវស្អប់ ឬរើសអើងអ្នកពិការទេ។ ត្រូវគោរពស្រលាញ់ឪពុកម្ដាយរបស់ខ្លួន មិនត្រូវព្រងើយកន្តើយ និងវាយតម្លៃសេចក្ដីលះបង់របស់ពួកគាត់ឡើយ។ ពួកគាត់ឲ្យជីវិត ចិញ្ចឹមបីបាច់ថែរក្សា ការពារ ផ្ដល់ភាពកក់ក្ដៅឲ្យយើងច្រើនជាងខ្លួនគាត់មានថែមទៀត។ ពួកគាត់មិនដែលគិតផ្លូវមិនល្អចំពោះកូនទេ សូម្បីសុបិន។ ឪពុកម្ដាយតែងតែបង្ហាញផ្លូវត្រូវ និងលើកទឹកចិត្តកូនជានិច្ច។ ពួកគាត់តែងតែលើកលែងទោសឲ្យកូនជានិច្ចទោះធ្វើខុសច្រើនប៉ុណ្ណា។ មិនមានវិធីណាអាចឲ្យកូនសងគុណឪពុកម្ដាយអស់បានឡើយ មានតែសេចក្ដីគោរព និងស្រលាញ់ប៉ុណ្ណោះ។

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ បរទេស

  • សេចក្ដី​លះ​បង់​របស់​ម្ដាយ​ពិការ​ភ្នែក​ម្ខាង​​ បែរ​ជា​កូន​​ខ្លាច​ខ្មាស​គេ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/19  Category:កំសាន្ត
Tags: