អ៊ឺរ៉ូ២០១៦៖ គ្រីស្ទៀណូ រ៉ូណាល់ដូ លង់​សម្រស់​របស់​យុវតី​បង្ហាញ​ម៉ូដ​ម្នាក់

យុវតី សេលីន ហ្វីសឆេរ (Céline Fischer) អ្នកបម្រើការ​ឲ្យការផ្សាយពាណិជ្ជកម្មមួយរូប បានបង្ក​ចំណាប់​អារម្មណ៍ របស់​កីឡាករ​​ម្ចាស់​បាល់​មាស​បីជំនាន់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ឲ្យចោលភ្នែកអត់ទ្រាំ មិន​មើល​នាង​មិន​បាន នៅ​ពេល​ដើរ​ចូល​មក​ក្នុង​ទីលាន​ប្រកួត កាល​ពីថ្ងៃអង្គារ​មុន ខណៈក្រុម​ព័រទុយហ្គាល់ ត្រូវជួប​ជាមួយ​ក្រុម អាយឡេន នៅ​ពេល​នោះ។
អ៊ឺរ៉ូ២០១៦៖ គ្រីស្ទៀណូ រ៉ូណាល់ដូ លង់​សម្រស់​របស់​យុវតី​បង្ហាញ​ម៉ូដ​ម្នាក់

រូបភាពភ្លឹកចោលភ្នែក មើលនារីរូបស្អាត របស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ។ (រូបថតផ្តិតពីវីដេអូ)

តើមានអ្វី ដែលអាចបំបែកអារម្មណ៍ របស់កីឡាករល្បីឈ្មោះ និងជាម្ចាស់បាល់មាសបីជំនាន់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បាន? គឺសម្រស់របស់យុវតីមួយរូប ដែលជាអ្នកបង្ហាញម៉ូដ បម្រើការ​ឲ្យ​ការ​ផ្សាយ​​​ពាណិជ្ជកម្ម ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍ «Turkish Airlines»។

បើនិយាយឲ្យស៊ីជម្រៅទៅ កីឡាករដ៏ល្បី របស់ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់រូបនេះ មិនបានជួយឲ្យក្រុម​​របស់​ខ្លួន បានទទួលជ័យជំនះឡើយ ដោយសារក្រុមព័រទុយហ្គាល់ ទទួលបានលទ្ធផលស្មើរ (១-១) ជាមួយ​នឹង​ក្រុម អាយឡេន នៅ​ក្នុង​ការជួប​ប្រកួតជុំទីមួយ នៃវគ្គជម្រុះនេះ។ ផ្ទុយទៅវិញ កីឡាករខ្សែប្រយុទ្ធរបស់ក្រុម វៀល​ម៉ាឌ្រីត (Real Madrid) បានធ្វើឲ្យបណ្ដាសារព័ត៌មាននានា នៅអ៊ឺរ៉ូប ជាពិសេសនៅតាមបណ្ដាញសង្គម និយាយ​ពី​​ខ្លួន​​មិន​ឈប់​ឈរ ទាក់នឹងការតាមសម្លឹង មិនដាក់ភ្នែក ទៅលើយុវតី​ដ៏ស្រស់ស្អាតម្នាក់ នៅពេល​ខ្លួន​ដើរ​ចូល មកក្នុង​ទីលាន​ប្រកួត នៃ​​កីឡាដ្ឋាន «Geoffroy Guichard» របស់ក្រុង «Saint-Étienne» ភាគ​ខាង​ត្បូង​ប្រទេស​​បារាំង។

ការតាមសម្លឹងយុវតី ដែលគេស្គាល់ឈ្មោះ សេលីន ហ្វីសឆេរ (Céline Fischer) បានកើតឡើង នៅមុន​ការ​ប្រកួត​​​រវាង​ក្រុម​ជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុម អាយឡេន កាលពីថ្ងៃអង្គារកន្លងទៅនេះ។ ហើយ​សកម្មភាព របស់​កីឡាករ​ស្រស់​សង្ហារូបនេះ ត្រូវបានបណ្ដាអ្នកសារព័ត៌មាន ជាពិសេសទូរទស្សន៍ផ្លូវការ នៃ​ព្រឹត្តិការណ៍​​ជួប​ប្រកួត អ៊ឺរ៉ូ២០១៦ ថតចាប់រូបភាពបាន និងយកមកផ្សាយយ៉ាងព្រោងព្រាត។

«ការប្រទាក់ភ្នែកគ្នា ដ៏ខ្លីមួយ...»

រីឯកញ្ញា សេលីន ហ្វីសឆេរ វិញ បានទទួលស្គាល់ហេតុការណ៍នេះ។ នាងបានថ្លែងប្រាប់​សារព័ត៌មានបារាំង «Parisien» ថា៖ «ខ្ញុំបានធ្វើការងាររបស់ខ្ញុំ ដូចធម្មតា៖ ខ្ញុំបានតុបតែងខ្លួន និងបានស្លៀកពាក់ឯកសណ្ឋាន របស់​អ្នកបម្រើការលើយន្ដហោះ នៃក្រុមហ៊ុន "Turkish Airlines (Editor's Note៖ ជាអ្នកឧបត្ថម្ភផ្លូវការ របស់​ព្រឹត្តិការណ៍​ជួប​ប្រកួត អ៊ឺរ៉ូ២០១៦)"។ ខ្ញុំសប្បាយរីករាយណាស់ ដែលបានឃើញក្រុមបាល់ទាត់ព័រទុយហ្គាល់ នៅ​ពេល​នោះ។ ប៉ុន្តែហេ​តុការណ៍​នោះ វាដូចជាបានកើតឡើង យ៉ាងរហ័សជាទីបំផុត។ គាត់ (គ្រីស្ទៀណូ រ៉ូណាល់ដូ) បាន​ដើរ​កាត់​មុខ​ខ្ញុំ គាត់បានសម្លឹងមើលខ្ញុំ ហើយវាជាការប្រទាក់ភ្នែកគ្នា ដ៏ខ្លីមួយ។»៕

» វីដេេអូ នៃការប្រទាក់ភ្នែក ដោយការលង់សម្រស់របស់កីឡាករ CR7 ទៅលើកញ្ញា សេលីន៖

» ដើម្បីទស្សនារូបភាពបង្ហាញម៉ូដមួយចំនួន របស់កញ្ញា សេលីន សូមចុចលើទំព័របន្ទាប់។

    Pages:

  • 1
  • 2
  • »