រដ្ឋ​ត្រូវ​បង្កើន​ការ​គាំទ្រ​​ផ្នែក​កសិកម្ម​ ដើម្បី​​ជួយ​​ដល់​​អ្ន​​ក​​ក្រីក្រ

ប្រជាជន​កម្ពុជា​ជា​ច្រើន​ មានមុខ​របរ​ធ្វើ​កសិកម្ម​ដោយ​អាច​ជា​ការ​ធ្វើ​ស្រែ​ ​ឬ​ក៏​ដាំ​ដំណាំ​កសិកម្ម​ផ្សេង​ៗ​ ។ ប៉ុន្តែ ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ពេល​ខ្លះ ​ពួក​គាត់​ពិបាក​នឹង​រក​ទីផ្សារ​ ដើម្បី​លក់​ផលិតផល ​ដែល​បាន​ផលិត​ហើយ ​ឬ​ក៏​ពេល​ខ្លះ​ ការ​ដាំ​ដុះ​មិន​បាន​ផល​ដោយ​សារ​ខ្វះ​ជាតិ​​ទឹក​ ។

ការ​ជួយ​ជ្រោមជ្រែង​ដល់​ប្រជាជន​ដែល​ប្រកបរ​ធ្វើស្រែ​ចំការ​ មាន​សារសំខាន់​ខ្លាំង​ណាស់​ នៅ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​ធ្វើ​ឱ្យ​​មានការ​បែងចែក​ផល​នៃ​កំណើនសេដ្ឋកិច្ច​ បាន​ទៅ​ដល់​មនុស្ស​ភាគច្រើន​ ពិសេ​ស​ ប្រជា​កសិករ​។ ដូច្នេះ​ គោលនយោបាយ​គាំទ្រ​​ដល់​ការ​ធ្វើ​កសិកម្ម ​និង​ការ​រក​ទីផ្សារ​កសិកម្ម​ ព្រមទាំង​គាំទ្រ​ដល់​តម្លៃ​ផលិតផល​កសិកម្ម​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ។ ការ​គាំទ្រ​ផ្នែក​ប្រ​ព័​ន្ធ​​ធារាសាស្ត្រ​​នឹង​ជួយ​ដល់​ដំណើរការ​កសិកម្ម​ទទួល​បាន​ផល​ល្អ ​។

ដូច្នេះ នយោបាយ​ទឹក​នេះ​ ត្រូវ​តែ​ធ្វើឱ្យ​​ទូលំទូលាយ​បំផុត ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ជា​ការ​ជួយ​គាំទ្រ​ដល់​ប្រជា​កសិករ​នៅ​តាម​ជនបទ​ ។ បន្ទាប់​ពី​ប្រជាជន​បាន​ទទួលផល​ពី​ការងារ​ដាំ​ដុះ​របស់​ពួក​គេ​ហើយ ​ពួក​គេ​នឹង​ត្រូវការ​លក់ ​ដើម្បី​ប្រមូល​លុយ​មក​វិញ​។ ប៉ុន្តែ​ពេល​ខ្លះ ​ពួក​គេ​មិន​អាច​រក​ទីផ្សារ​បាន​ឡើយ ​ហើយ​ជូន​កាលនោះ​តម្លៃ​ ត្រូវ​បាន​គេ​ទម្លាក់​ចុះ​ ដោយ​ធ្វើ​​ឱ្យ​បាត់បង់​ដល់​ផល​
ចំណេញ​​របស់​ប្រជា​កសិករ ​។

នេះ​​ជា​ផ្នែក​មួយទៀត ​ដែល​ត្រូវការ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ ​។ តាម​រយ​:​ជួយ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​ នៅ​ក្រៅប្រទេស ​និង​តាម​រយ​:​រក​វិធី​ការពារ​តម្លៃ​ផលិតផល​កសិកម្ ម​ដើម្បី​កុំ​ឱ្យ​​ធ្លាក់​ចុះ​ខ្លាំង​​នឹង​ជួយ​អោយ​ប្រជាជន​កក់ក្តៅ​ និង​ទទួល​បាន​ផល​ចំណេញ​ពី​ការងារ​កសិកម្ម​របស់​ពួក​គេ​ ។

នៅ​ពេល​ដែល​ប្រជាជន​យល់​ថា ​ពួក​គេ​អាច​ពឹងពាក់​បាន​ទៅ​លើ​ការងារ​កសិកម្ម ពួក​គេ​ក៏​នឹង​មិន​គិតដល់​ការ​បញ្ជូន​កូនចៅ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ​។ ទន្ទឹម​ជាមួយ​គ្នា​នោះ ពួក​គេ​នឹង​មាន​ជីវភាព​កាន់តែ​ធូរធារ​ ។​ ជាល​ទ្ធផល ពួក​គេ​នឹង​ផ្តល់​ការ​ទុកចិត្ត​កាន់តែ​ច្រើន​ដល់​រដ្ឋាភិបាល​ ។ ដូច្នេះ​ រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​ការ​ជួយ​កសិករ​កម្ពុជា​​ឱ្យ​បាន​ខ្លាំងក្លា​ ។