ទេព វណ្ណី ​ត្រូវចោរប្លន់ម៉ូតូ

រាជធានីភ្នំពេញ ៖​ បុរសម្នាក់​បានត្រូវប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន​ ​និងចាប់ប្រគល់ឲ្យសមត្ថកិច្ច ​​បន្ទាប់ពីធ្វើសកម្មភាព​​ប្លន់ម៉ូតូពី​បុរស​​ម្នាក់​​មិន​បាន​សម្រេច។

ហេតុការណ៍នេះបានបង្កឲ្យ​មានការភ្ញាក់ផ្អើលនៅវេលាម៉ោង​៩ព្រឹកថ្ងៃទី១៩ មិថុនា ​២០១៦ ​នៅតាមផ្លូវសហព័ន្ឋរុស្ស៊ី ​ស្ថិតក្នុងភូមិ​ផ្សារទឹកថ្លា ​សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ ។

បើតាមបុរសរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ​ ទេព វណ្ណី ​អាយុ២៤ឆ្នាំ ​ជាវិស្វករ ​ស្នាក់នៅ​ក្នុងភូមិរោងចក្រ ​សង្កាត់ភ្នំពេញថ្មី ​ខណ្ឌសែន​សុខបានឲ្យដឹងថា ​មុនពេលកើតហេតុ​ ខ្លួន(ជនរងគ្រោះ) ​បានជិះម៉ូតូម្នាក់ឯងម៉ាក​C125 ​ស៊េរីឆ្នាំ២០១២ ​ពាក់ស្លាកលេខភ្នំពេញ 1BN 3036​ ក្នុងបំណងទៅធ្វើការ​ លុះមកដល់ចំណុចកើតហេតុ ​ក៍លេចមុខបុរសម្នាក់ស្ទុះមកប្រតាយប្រតប់​ទាញយកម៉ូតូ ពេល​នោះជនរងគ្រោះក៍បានផ្តួលម៉ូតូ ​ហើយក៍ត្រូវប្រជាពលរដ្ឋឃើញ​ជួយចាប់វាយឡើងទ្រមខ្លួន និងប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

សមត្ថកិច្ចបាន​សន្និដ្ឋានជំហានដំបូងថា​ ជនសង្ស័យជាមនុស្សមានស្មារតីមិនគ្រប់ ​ព្រោះមុនពេលធ្វើសកម្មភាព​ប្លន់ម៉ូតូខាងលើ ជនសង្ស័យ​មិនទាន់ស្គាល់អត្តសញ្ញាណ​ ​បានស្រាតខោអាវនៅក្នុងវត្តមកុដបូរី ​ក្នុងខណ្ឌសែនសុខ ៕