អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រង​ការ​ចោទ​ថា​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ

មន្ត្រី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់​លោក ម៉ម សូណង់ដូ នៅ​ខេត្ត​ពោធិ៍សាត់ ចោទ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​នេះ ថា​បាន​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​របស់​ខ្លួន។ ចំណែក​អាជ្ញាធរ​ប្រកែក​ថា មិន​ដឹង​រឿង​នេះ​ទៅ​វិញ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ខេត្ត​ពោធិ៍សាត់ ចោទ​ប្រកាន់​មេ​ភូមិ​អូរ និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងបត់កណ្ដោល ស្រុក​បាកាន ថា​បាន​គំរាម​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​សកម្មភាព​នយោបាយ ឬ​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​របស់​ខ្លួន។

លោក ប៉ែន ប៊ុនធឿន ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​នៃ​ដំណើរ​ការ​រៀបចំ​រចនា​សម្ព័ន្ធ​មន្ត្រី​បក្ស​ថ្នាក់​ស្រុក និង​ឃុំ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា មក គឺ​មាន​ការ​រំខាន​យ៉ាង​ខ្លាំង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។ ជាក់ស្ដែង​មេ​ភូមិ​អូរ ឈ្មោះ ណុប អ៊ួក និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បឹងបត់កណ្ដោល ឈ្មោះ កែវ លន់ បាន​គំរាម​សកម្មជន​របស់​លោក​ឈ្មោះ ប៊ុន ផល្លី ថា​នឹង​មិន​ធ្វើ​លិខិត​ស្នាម​អ្វី​មួយ​ឲ្យ​ទេ ឬ​ជួយ​នៅ​ពេល​មាន​រឿង​ហេតុ​អ្វី​កើត​ឡើង​ទៅ​ថ្ងៃ​ក្រោយ បើ​លោកស្រី​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​នោះ៖ «ខ្ញុំ​ចូល​ទៅ​ម្សិលមិញ​ថ្ងៃ​ទី​១៧ ថា​ខ្ញុំ​អត់​មាន​ប្រាប់​មេ​ភូមិ​ទេ។ ខ្ញុំ​ថា​ខ្ញុំ​ចុះ​មក​រៀបចំ​រចនា​សម្ព័ន្ធ បើ​ប្រាប់​ទៅ​អស់​លោក​គំរាម​កំហែង​ទៅ​ប្រជាពលរដ្ឋ​បាត់​ទៅ​ហើយ​ហ្នឹង។ ទៅ​គំរាម​ម្ចាស់​ផ្ទះ និង​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម។ ស្រុក​បាកាន យ៉ាប់​ពេក គេ​ប្រុង​ឈរ​ឈ្មោះ​ក្នុង​រចនា​សម្ព័ន្ធ​ដល់​ភូមិ​ទៀត​ណោះ។ តែ​ដល់​អាជ្ញាធរ​ដែនដី​ភូមិ-ឃុំ​ដាក់​គំនាប​អ៊ីចឹង​ទៅ ប្រជាពលរដ្ឋ​លែង​ហ៊ាន​ឈរ​ឈ្មោះ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បឹងបត់កណ្ដោល លោក កែវ លន់ មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ករណី​នេះ​ទេ ដោយ​លោក​ប្រាប់​ថា លោក​កំពុង​ជាប់​រវល់​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិថុនា។

ចំណែក​មេ​ភូមិ​អូរ លោក ណុប អ៊ួក បដិសេធ​ថា​លោក​មិន​ដឹង​រឿង​អ្វី​ទេ ព្រោះ​នេះ​គឺ​ជា​ការងារ​របស់​សមត្ថកិច្ច​ប៉ូលិស ហើយ​លោក​គ្រាន់​តែ​បាន​ចូលរួម​ស្ដាប់​ក្នុង​នាម​ជា​អាជ្ញាធរ​ភូមិ​ប៉ុណ្ណោះ៖ «អា​នេះ​នៅ​លើ​ខាង​រដ្ឋបាល​ប៉ុស្តិ៍​ទេ ដែល​គាត់​សួរ​នាំ​ហ្នឹង។ ខ្ញុំ​ស្ដាប់​មិន​សូវ​បាន​ច្បាស់លាស់​ដែរ កាល​ទៅ​ចូលរួម​ហ្នឹង​គាត់​និយាយ​យូរ ហើយ​ខ្ញុំ​ទៅ​ផ្ទះ​វិញ​ទៅ»

មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក ស៊ិន ទិត្យសីហា ថ្លែង​ថា ការ​រឹតត្បិត ឬ​គំរាម​កំហែង​លើ​ពលរដ្ឋ និង​សកម្មជន​គណបក្ស​ក្រៅ​រដ្ឋាភិបាល​កើត​មាន​គ្រប់​អាណត្តិ​នៃ​ការ​បោះឆ្នោត។ ដ្បិត​លោក​មិន​អាច​បង្ហាញ​តួលេខ​នៃ​ករណី​រំលោភ​បំពាន​បែប​នេះ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​តែង​តែ​ប្រើ​រូបភាព​គំរាម​កំហែង​ផ្សេងៗ​គួរ​ឲ្យ​បារម្ភ៖ «ក្នុង​ករណី​ហ្នឹង​យើង​គិត​ថា វា​ជា​ការ​រើសអើង​នយោបាយ។ មួយ​ទៀត​ជា​ការ​គំរាម​កំហែង ហើយ​វា​រំលោភ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​តែ​ម្ដង»

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ប៉ែន ប៊ុនធឿន ប្រកាន់​ជំហរ​ថា នឹង​រៀបចំ​រចនា​សម្ព័ន្ធ​ឲ្យ​បាន​គ្រប់​ឃុំ និង​ស្រុក​នៃ​ខេត្ត​ពោធិ៍សាត់ ដើម្បី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។ បច្ចុប្បន្ន គណបក្ស​នេះ​បាន​ជម្នះ​រៀបចំ​រចនា​សម្ព័ន្ធ​មន្ត្រី​បក្ស​បាន​បី​ស្រុក​ហើយ គឺ​នៅ​ស្រុក​ក្រគរ ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ត្រង់​មាត្រា​៣៤​ថ្មី បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ចំណែក​មាត្រា​៣៥ នៃ​ច្បាប់​ដដែល​នេះ​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។