ល្បែង​កន្ទុយលេខ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​រីក​ដូច​ផ្សិត ព្រោះ​សមត្ថកិច្ច​យក​លុយ​មិន​ហ៊ាន​បង្ក្រាប

ខេត្តឧតរមានជ័យ ៖ ឆ្នោត និង​កន្ទុយលេខ​ជា​ច្រើន​កន្លែង​នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ដែល​គេ​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​ទាំង​ថ្ងៃ និង​ដាក់​នៅ​តាម​លំនៅ​ឋាន​ជា​ចំហ ដោយ​ពុំ​មាន​ខ្លាចក្រែង​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​នោះ​ទេ​។ ប្រជាពលរដ្ឋ​ថា ល្បែង​ឆ្នោត​កន្ទុយលេខ​គេ​បាន​បង់លុយ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អស់ហើយ ទើប​គេ​ហ៊ាន​ដាក់​លក់​យ៉ាង​រលូន​។

សកម្មភាព​ល្បែង​លក់​ឆ្នោត​កន្ទុយលេខ​នៅ​ក្នុង​ផ្សារ​ស្រុក​ត្រពាំង​ប្រាសាទ ដែល​កំពុង​ដំណើរការ​នៅ​ចំ​កណ្តាល​ផ្សារ និង​ផ្លូវ​ចូល​ផ្សារ មាន​មនុស្ស​ចេញ​-​ចូល​ចាក់​កន្ទុយលេខ ដោយ​មិន​ញញើត​ចំពោះ​សមត្ថកិច្ច និង​អាជ្ញាធរ​ឡើយ ហើយ​សកម្មភាព​ល្បែង​ឆ្នោត​ដ៏​ប្រជាប្រិយ​នៅ​ក្នុងស្រុក​ខាងលើ ដែល​គេ​ដាក់​លក់​កន្ទុយលេខ មិន​ខុស​ពី​ដាក់​លក់​គ្រឿងទេស ឬ​សម្ភារ​ផ្សេង​ៗ​នៅ​តាម​តូប​លក់​ក្នុង​ផ្សារ​ជា​លក្ខណៈ​បើក​ជា​ចំហ​យ៉ាង​អ​នា​ធិ​តេ​យ្យ​ទាំង​កណ្តាល​ថ្ងៃ និង​នៅ​កណ្តាល​ផ្សារ ដោយ​គ្មាន​ការ​ឈឺក្បាល​ពី​សំណាក់​អាជ្ញាធរ និង​សមត្ថកិច្ច​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ល្បែង​ឆ្នោត​កន្ទុយលេខ​នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ មាន​មេ​ឆ្នោត​ជា​ច្រើន​កន្លែង គ្រាន់តែ​នៅ​ក្នុង​ទីរួមស្រុក​ត្រពាំង​ប្រាសាទ មាន​មេ​ធំ​ៗ​ដូច​ជា​ឈ្មោះ ឃី និង​ឈ្មោះ ទិ​ត្យ ជា​ទាហាន​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៦ ចំណែក​នៅ​ផ្សារ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ក៏​ដាក់​លក់​ជា​ច្រើន​កន្លែង ដោយ​គេ​ដាក់​តាម​បែប​ដូច​ជា​កន្លែង​ដូរ​លុយ លក់​ទូរស័ព្ទ និង​តូប​លក់​គ្រឿងទេស​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នៅ​ពេល​អ្នក​សារព័ត៌មាន​សួរនាំ​អ្នក​កត់​ឆ្នោត​ម្នាក់​នៅ​ក្នុង​ផ្សារ​ស្រុក​ត្រពាំង​ប្រាសាទ បាន​និយាយ​ថា មាន​មនុស្ស​ម្នាក់​ជាប់​ខ្សែស្រឡាយ​ជាមួយ​មន្ត្រី​អាវុធហត្ថ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ជា​អ្នក​ដើរ​ប្រមូល​លុយ​ពី​អ្នក​កត់​ឆ្នោត​នៅ​ក្នុង​ផ្សារ​ត្រពាំង​ប្រាសាទ ផ្សារ​ទំនប់​ដាច់ ហើយ​ក៏​មាន​ផ្សារ​ដីក្រហម និង​ផ្សារ​ទំនប់​ខ្នោ​រ​ទៀត ជា​អ្នក​ដើរ​ប្រ​លុយ​ជា​រៀង​រាល់​ខែ ដើម្បី​បង់​ឱ្យ​សមត្ថកិច្ច​ក្នុងស្រុក និង​អាជ្ញាធរ​។

អ្នក​កត់​ឆ្នោត​បាន​បញ្ជាក់​ថា បើសិនជា​គេ​មិន​បង់លុយ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​នោះ​ទេ ក៏​គេ​មិន​ហ៊ាន​លក់​ឆ្នោត​បាន​ស្រួល​ដែរ ហើយ​ទោះបីជា​ការ​លក់​ឆ្នោត​គេ​ចាត់​ទុក​ថា ខុសច្បាប់ ក៏​ពួក​គាត់​មាន​ចែករំលែក​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ដែរ​។

បញ្ហា​ឆ្នោត​នេះ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ស្រុក​ត្រពាំង​ប្រាសាទ បាន​លើក​ឡើង​ថា មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​រង​គ្រោះ​ដោយសារ​តែ​ល្បែង​ឆ្នោត បែកបាក់​ប្រពន្ធ​កូន​គ្រួសារ មាន​អ្នកខ្លះ​អស់​ផ្ទះសម្បែង ដីស្រែ​ចំការ ហើយ​មាន​អ្នកខ្លះ​ទៀត ត្រូវ​ចំណាក់ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ក៏​មាន​អ្នកខ្លះ​ទៀត ត្រូវ​បង្ខំចិត្ត​ឡើង​ភ្នំ​ឆ្លង​ដែន​រក​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ទាហាន​ថៃ​បាញ់ប្រហារ និង​ចាប់​ដាក់គុក ព្រោះ​ដោយសារ​តែ​ងុបងុល​នឹង​ល្បែង​ឆ្នោត​កន្ទុយលេខ​។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័យ បាន​លើក​ឡើង​ពី​បញ្ហា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ និង​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដោយ​បាន​ជម្រុញ​ដល់​អាជ្ញាធរ​ឃុំ និង​ស្រុក រួម​ទាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ទប់ស្កាត់​រាល់​បទល្មើស​ល្បែងស៊ីសង រួម​នឹង​បទល្មើស​គ្រប់​ប្រភេទ​ដែល​កើត​មាននៅ​តាម​មូលដ្ឋាន ដែល​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ក្នុង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​គ្រួសារ​របស់​ពួក​គាត់​៕​