សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​សមត្ថកិច្ច​ថា​គំរាម​ចាប់​ខ្លួន​រឿង​ប្រមូល​ស្នាម​មេដៃ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា សកម្មជន​របស់​ពួក​គេ ៤​នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ឃាត់​ខ្លួន និង​ព្រមាន​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ថ្វាយ​ព្រះមហាក្សត្រ​បន្ត​ទៀត។ ពួក​គេ​អះអាង​ថា អាជ្ញាធរ​ព្រមាន​ថា បើ​ពួក​គេ​នៅ​បន្ត​ដើរ​ប្រមូល​ស្នាម​មេដៃ​ទៀត អាជ្ញាធរ​នឹង​មាន​វិធានការ​ច្បាប់។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បារម្ភ​ពី​សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​ចូលរួម​នយោបាយ​របស់​ពលរដ្ឋ​កំពុង​ឋិត​ក្នុង​ភាព​ផុយ​ស្រួយ។

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មិថុនា ថា សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​ចូលរួម​នយោបាយ​របស់​ពលរដ្ឋ កំពុង​រង​ការ​រំលោភ​បំពាន និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល បន្ទាប់​ពី​សកម្មជន​របស់​ពួក​គេ​ជាង ១០​នាក់​ហើយ ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ផ្ដិត​មេដៃ​ថ្វាយ​ព្រះមហាក្សត្រ។

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក ឆន ចាន់វាសនា អះអាង​ថា ចាប់​ពី​ថ្ងៃ​ទី​១៧ មិថុនា លោក និង​សកម្មជន​បក្ស​ប្រឆាំង ៣​នាក់​ផ្សេង​ទៀត ត្រូវ​នគរបាល​ប៉ុស្តិ៍​សំអាង ឃាត់​ខ្លួន​សួរ​នាំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ក្រោម​ហេតុផល​មិន​សុំ​ច្បាប់​អនុញ្ញាត។ លោក​ថា ខ្លឹមសារ​កិច្ចសន្យា​នោះ​ឲ្យ​ដឹង​ថា បើ​ពួក​គេ​នៅ​បន្ត​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ជា​លើក​ទី​២ អាជ្ញាធរ​នឹង​ចាត់​វិធានការ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ៖ «ឲ្យ​ផ្អាក​សកម្មភាព តែ​បើ​ថ្ងៃ​ក្រោយ​មិន​ផ្អាក​ទេ គេ​នឹង​ពិន័យ ឬ​ក៏​មាន​ការ​ចាប់​ខ្លួន​យើង»

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង និង​ស្នងការ​នគរបាល​ខេត្ត លោក ម៉ៅ តារា មិន​ធ្វើ​អធិប្បាយ​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​១៨ មិថុនា ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្ទឹងត្រែង លោក សាត ស៊ិន បញ្ជាក់​ថា ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ច្បាស់​ពី​កម្មវត្ថុ​នៃ​ការ​ប្រមូល​ស្នាម​មេដៃ​នោះ។ ដូច្នេះ ការ​ផ្ដិត ឬ​មិន​ផ្ដិត គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ ពុំ​មាន​ការ​បង្ខំ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ។ លោក​បារម្ភ​ថា យុទ្ធនាការ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ទាមទារ​យុត្តិធម៌​ពី​ព្រះមហាក្សត្រ កំពុង​រង​ការ​គំរាម​កំហែង និង​រឹតត្បិត​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ផ្ដិត​មេដៃ​នោះ៖ «ប្រសិន​បើ​គាត់​ផ្ដិត​មេដៃ​មាន​បញ្ហា​កើត​ឡើង អសន្តិសុខ​សង្គម យើង​គួរ​តែ​មាន​វិធានការ​ទៅ តែ​ក្នុង​ញត្តិ​នោះ គឺ​គេ​បាន​សរសេរ​ច្បាស់​ថា ពលរដ្ឋ​ស្ម័គ្រ​ចិត្ត គាត់​មើល​ថា​រំលោភ​មែន ចឹង​គាត់​គាំទ្រ វា​អត់​មាន​អី​ខុស​ទេ»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា ការ​ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង និង​ព្រមាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ទាក់ទិន​ការ​ប្រមូល​ស្នាម​មេដៃ គឺ​ជា​រឿង​ដដែលៗ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ផ្តល់​សិទ្ធិ​បញ្ចេញ​មតិ​ពេញលេញ​ដល់​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ហាក់​ជា​សញ្ញា​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា។ លោក​យល់​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​ផ្តល់​សិទ្ធិ​ឲ្យ​ទូលំទូលាយ​ដល់​ពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិ និង​នយោបាយ​ដើម្បី​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា៖ «សំណូមពរ​កុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​ចឹង​ទៀត វា​ខុស​ទៅ​នឹង​ច្បាប់ ជាពិសេស​គឺ​មាត្រា​៣៥ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ»

កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាត្រា​១៩ ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​ប្រកាន់​មតិ​យោបល់​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ហើយ​ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ សិទ្ធិ​នេះ​ត្រូវ​បាន​រាប់​បញ្ចូល​ទាំង​សេរីភាព​ស្រាវជ្រាវ​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​សព្វ​បែប​យ៉ាង ដោយ​មិន​គិត​ពី​ព្រំដែន ដោយ​ផ្ទាល់​មាត់ សរសេរ ឬ​បោះពុម្ព​តាម​ទម្រង់​សិល្បៈ​ក្តី ឬ​ក៏​ដោយ​មធ្យោបាយ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្តី តាម​ការ​ជ្រើសរើស​របស់​ខ្លួន។

រហូត​មក​ទល់​ពេល​នេះ មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្ទឹងត្រែង ចំនួន ១១​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​ឃាត់​ខ្លួន និង​បង្ខំ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ។ ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ស្នាម​មេដៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​ស្ទឹងត្រែង ទទួល​បាន​ចំនួន ១.២៨៥​ស្នាម​មេដៃ។ សកម្មជន​បក្ស​ប្រឆាំង​កំពុង​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ សុំ​ព្រះរាជ​អន្តរាគមន៍​ទៅ​រាជ​រដ្ឋាភិបាល​ករណី​ចាប់​ខ្លួន​តំណាង​រាស្ត្រ សកម្មជន​បក្ស​ប្រឆាំង សង្គម​ស៊ីវិល មន្ត្រី គ..ប និង​សុំ​អន្តរាគមន៍​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​នា​ពេល​បច្ចុប្បន្ន ដែល​គេ​រិះគន់​ថា តុលាការ​ចាប់​ខ្លួន និង​កាត់​ទោស​អ្នក​ទាំង​នោះ​យ៉ាង​អយុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។