ហេតុផល​មួយ​ចំនួន​ដែលគួរ​បោះទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រះ​សីហ​នុ ជា​ខេត្ត​មួយ​ស្ថិត​នៅ​ជាប់​នឹង​ឈូង​សមុទ្រ និង​ជា​ខេត្ត​តែ​មួយ​គត់​របស់​កម្ពុជា ដែល​មាន​កំពង់​ផែ​ទឹក​ជ្រៅ អាច​ឱ្យ​នាវា​តូច​ធំ​ដឹក​ទំនិញ និង​ភ្ញៀវ​ទេសចរ​ចេញ​-​ចូល​បាន ។ លើស​ពី​នេះ​ទៀត វា​ក៏​ជា​ខេត្ត​ដែល​មាន​តំបន់​ទេសចរណ៍​ល្អ​ៗ​ជា​ច្រើន​កន្លែង​ផង​ដែរ ជា​ពិសេស ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ និង​នៅ​តាម​បណ្ដា​កោះ​មួយ​ចំនួន ។

ចំណុច​ពិសេស​មួយ​ចំនួន​ទៀត ដែល​វិនិយោគិន​គួរតែ​សម្លឹង​មើល​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​គោលដៅ​ក្នុង​ការ​វិនិយោគ​នោះ ក៏​ព្រោះតែ​ខេត្ត​នេះ​មាន​រោងចក្រ​សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និង​ខុន​ដូ ជាដើម ។

អភិបាលខេត្ត​ថ្មី លោក យន្ដ មីន ដែល​ទើប​ឡើង​កាន់​ជា​អភិបាលខេត្ត​បាន​ប្រមាណ​ជិត​មួយ​ឆ្នាំ ឱ្យ​ដឹង​ថា បើ​មើល​ពី​ចំណុចខ្លាំង​របស់​ខេត្ត​ព្រះ​សីហ​នុ មាន​ចំណុច​ជា​ច្រើន ទី​មួយ គឺ​សក្ដានុពល​ភូមិសាស្ត្រ ព្រោះ​វា​នៅ​ជាប់​នឹង​មាត់សមុទ្រ និង​ជា​ខេត្ត​ដែល​មាន​កំពង់​ផែ​ទឹក​ជ្រៅ គឺ​កំពង់​ផែ​ក្រុងព្រះសីហនុ ។ លោក​ថ្លែង​ថា ៖ « នេះ​គឺជា​សក្ដានុពល​មួយ​ធំ​ណាស់​ក្នុង​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​យើង​សង្កេត​ឃើញ​ថា ទំនិញ​ប្រមាណ​៧០ ទៅ​៨០​ភាគរយ​ត្រូវ​បាន​ឆ្លងកាត់​តាម​កំពង់​ផែ​ក្រុងព្រះសីហនុ​នេះ​។

ចំណែក​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស និង​នាំ​ចូល​មក​ក្នុង​ប្រទេស​វិញ ក៏​ប្រហាក់ប្រហែល​គ្នា​ដែរ » ។ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខេត្ត​ព្រះ​សីហ​នុ មាន​សក្ដានុពល​ងាយស្រួល​ក្នុង​ការ​វិនិយោគ ។

តាម​ប្រសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ធ្លាប់​បាន​ថ្លែង​ផង​ដែរ​ថា ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​មួយ​ដែល​មាន​អំណោយផល​ណាស់​សម្រាប់​អ្នក​វិនិយោគ  ពីព្រោះ​មាន​កំពង់​ផែ​នៅ​ជិត ហើយ​ការ​នាំ​ចេញ និង​ការ​នាំ​ចូល ក៏​ជិត ។

តាម​ប្រសាសន៍​របស់​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​បន្ត​ថា នៅ​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​ពិសេស​ដល់​ខេត្ត​ព្រះ​សីហ​នុ ក្លាយជា​ខេត្ត​ឧស្សាហ​កម្ម​ពិសេស​ក្នុង​ការ​បម្រើ​ឱ្យ​វិស័យ​ពហុ​បំណង មាន​ន័យ​ថា ទូ​ទាំង​ខេត្ត​ទាំងមូល គឺជា​តំបន់​ពិសេស ដែល​នេះ​ជា​ឱកាស​មាស​ពេជ្រ​របស់​អ្នក​វិនិយោគ​ត្រូវ​ចុះ​មក​រកស៊ី និង​បណ្ដាក់ទុន​នៅ​ក្នុង​ខេត្ត​នេះ​។ លោក​បន្ត​ថា ៖ « ខេត្ត​ព្រះ​សីហ​នុ ក៏​ជា​ខេត្ត​ដែល​ទាក់ទាញ​មួយទៀត ដោយសារ​តែ​មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត ក្នុង​ចំណោម​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បង្អស់​នៅ​ក្នុង​ពិភពលោក ។ ក្រៅពី​នោះ ក៏​មាន​កោះ​ចំនួន​៣២​កោះ​ទៀត ដែល​មាន​ខ្សាច់​ស​ស្អាត​សម្រាប់​ជាដើម​ទុន​យ៉ាង​ធំធេង​របស់​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​ទាក់ទាញ​ទេសចរ​ជាតិ និង​បរទេស​មក​លេង​កម្សាន្ត និង​សម្រាក​លំហែកាយ​ផង​ដែរ » ។

លោក​បន្ថែម​ថា មាន​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឱ្យ​ខេត្ត​ព្រះ​សីហ​នុ ក្លាយជា​ក្បាល​នាគ​ក្នុង​ការ​ស្រូប​ទាញ និង​ជំរុញ​សេដ្ឋកិច្ច ក្នុង​នោះ​មាន​ផ្លូវជាតិ​លេខ​៤ ដែល​ត​ភ្ជាប់​សម្រាប់​ការ​ដឹក​ជញ្ជូន និង​ទេសចរណ៍ ហើយ​ក៏​មាន​ព្រ​លាន​យន្តហោះ​កងកេង សម្រាប់​ការ​ហោះហើរ​ក្នុង និង​ក្រៅប្រទេស​ដូច​ជា ទៅ​មក​ប្រទេស​ចិន សិង្ហ​បុរី កូរ៉េ និង​វៀតណាម​ជាដើម ។ លោក​បញ្ជាក់​ថា ៖ « នៅ​ថ្ងៃ​អនាគត​ខាង​មុខ ព្រ​លាន​យន្តហោះ​កងកេង នឹង​ក្លាយជា​ព្រ​លាន​យន្តហោះ​ដែល​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​វា​ធំ​ជាង​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង និង​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​ទៅ​ទៀត » ។

យ៉ាងណា​ក៏​ដោយ បើ​តាម​លោក ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ ឡាក់​គី បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រុងព្រះសីហនុ​មិន​ទាន់​ជា​មាន​សក្ដានុពល​វិនិយោគ​ធំធេង​ប៉ុន្មាន​ទេ តែបើ​ធៀប​នឹង​បណ្ដា​ខេត្ត​ដទៃ​ទៀត​ឃើញ​ថា វា​ជា​ខេត្ត​មួយ​ដែល​ល្អ ដោយសារ​មាន​គម្រោង​សាងសង់​ធំ​ៗ​ដូច​ជា គម្រោង​សាងសង់​ខុន​ដូ ជាដើម ។
លោក​បន្ត​ថា ៖ « ប្រសិនបើ​នៅ​ថ្ងៃ​អនាគត គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​កងកេង នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដំណើរការ​ល្អ វា​នឹង​អាច​ទាក់ទាញ​វិនិយោគិន​ជា​ច្រើន​ទៅ​បណ្ដាក់ទុន​នៅ​ទីនោះ ហើយនឹង​ធ្វើ​ឱ្យ​សក្ដានុពល​វិនិយោគ​នៅ​ក្នុង​ក្រុងព្រះសីហនុ​ល្អ​ខ្លាំង​ផង​ដែរ » ។

លោក​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន ការ​សាងសង់​ខុន​ដូ វា​ដល់​ដំណាក់កាល​ដែរ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ក៏​មិន​ត្រូវ​សម្រុក​សាងសង់​ច្រើន​ទេ គឺ​អាច​ត្រឹម​មួយ​ៗ​បាន​ហើយ តែបើ​ច្រើន​ជាង​ហ្នឹង វា​ក៏​ពិបាក ៕