សិក្សា​លើ​ចំណុច​មួយ​ចំនួន​មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ទិញ​ខុន​ដូ

ខុន​ដូ គឺជា​អចលនទ្រព្យ​ដែល​គួរតែ​ក្តាប់​ទុក​នៅ​ក្នុង​ដៃ និង​គួរ​ឱ្យ​រស់នៅ​ផង​ដែរ ហើយ​ក្នុង​ចំណោម​គម្រោង​ខុន​ដូ​នានា គឺ​មាន​ទីតាំង​ស្ថិត​នៅ​កណ្តាល​ក្រុង មាន​សម្ភារ​បរិក្ខារ ជាមួយនឹង​លក្ខណៈ​ងាយស្រួល​ផ្សេង​ទៀត ។ ដូច្នេះ វា​ជា​ហេតុផល​ដែល​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ទៅ​កក់​ដើម្បី​ក្លាយជា​ម្ចាស់​ខុន​ដូ​ទាំងនោះ ប៉ុន្តែ​មុន​នឹង​ក្លាយជា​ម្ចាស់​ខុន​ដូ​បាន យើង​ត្រូវ​តែ​យល់​ដឹង​ពី​ព័ត៌មាន​អ្វីខ្លះ ដើម្បី​ត្រៀមខ្លួន​មុន​នឹង​សម្រេច​ទិញ ថ្ងៃនេះ​យើង​មក​សិក្សា​ជាមួយ​គ្នា ។

១-​កេរ្តិ៍ឈ្មោះ​របស់​គម្រោង ៖ ទិន្នន័យ​អំពី​គម្រោង​ខុន​ដូ គឺជា​ទិន្នន័យ​ដំបូង ពោល​វា​ជា​ទិន្នន័យ​របស់​សហគ្រិន​ខុន​ដូ​នោះ​តែ​ម្តង ដូច​ជា កេរ្តិ៍ឈ្មោះ បទ​ពិសោធន៍ និង​ជំនាញ​ក្នុង​ការ​ធ្វើ​គម្រោង​ខុន​ដូ ថា​តើ​មាន​ក្នុង​កម្រិត​ណា តិច​ឬ​ច្រើន និង​មាន​ទំនុកចិត្ត​កម្រិត​ណា ។ យើង​អាច​សាកសួរ​ព័ត៌មាន​ទាំងនេះ​ពី​អ្នក​ដែល​បាន​ទិញ​ខុន​ដូ​ក្នុង​គម្រោង​ចាស់ [​លក់ដាច់​អស់ហើយ​]  និង​មើល​ថា​វា​យ៉ាងម៉េច​ខ្លះ ដើម្បី​យក​ព័ត៌មាន​ទាំងនោះ​មក​ពិចារណា មុន​នឹង​សម្រេចចិត្ត​ទិញ ។

២-​ឯកសារ​កិច្ចសន្យា​ផ្សេង​ៗ ៖ ត្រូវ​សិក្សា​ឱ្យ​បាន​លម្អិត​អំពី​ឯកសារ​កិច្ចសន្យា​ផ្សេង​ៗ​នៃ​ការ​ទិញ​-​លក់​ខុន​ដូ​ថា តើ​ក្នុង​ឯកសារ​នោះ​បាន​រៀបរាប់​ហើយ​ឬ​នៅ និង​មានការ​ប្រើប្រាស់​សម្ភារ​ក្នុង​ការ​សាងសង់​ដូច​គ្នា​នឹង​ឯកសារ​ដែល​បាន​បញ្ជាក់​ដែរ​ឬទេ ហើយ​ធានា​ការ​ខូចខាត​លើ​ទ្រព្យសម្បត្តិ​ដែល​យើង​ចង់​ទិញ​នោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ជាដើម ។

៣-​ភាព​ជា​ម្ចាស់​នៃ​ទ្រព្យ ៖ យើង​អាច​សិក្សា​លើ​កម្មសិទ្ធិ​នៃ​ទ្រព្យ​នោះ នៅ​ពេល​មានការ​យល់ព្រម​ទិញ​-​លក់​ជាមួយ​គ្នា​ថា តើ​កិច្ចព្រមព្រៀង​នៃ​ភាព​ជា​ម្ចាស់​នេះ​មាន​ចំណុច​អ្វីខ្លះ ហើយ​អ្វី​ជា​ទ្រព្យ​បុគ្គល [​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​] និង​អ្វីខ្លះ​ជា​ទ្រព្យសម្បត្តិ​រួម ដើម្បី​ដឹង​លម្អិត​ឱ្យ​បាន​ច្បាស់លាស់​ថា យើង​មាន​សិទ្ធិ​បុគ្គល​អ្វីខ្លះ ហើយ​អ្វីខ្លះ​ជា​សហ​កម្ម​សិទ្ធិ ដែល​ត្រូវ​ប្រើ​ជា​ប្រយោជន៍​រួម​គ្នា ពីព្រោះ​ទ្រព្យ​ដែលប្រើ​ជា​ប្រយោជន៍​រួម​គ្នា​នោះ ត្រូវ​តែ​មានការ​ថែទាំ និង​ចំណាយ​រួម​គ្នា ។

៤-​ការ​ចំណាយ​ផ្សេង​ៗ ក្រៅពី​ខុន​ដូ ៖ ត្រូវ​ស្វែង​យល់​ឱ្យ​បាន​លម្អិត​នូវ​ការ​ចាយវាយ​ផ្សេង​ៗ​ទៀត ក្រៅពី​ការ​ចំណាយ​ក្នុង​ខុន​ដូ​ថា តើ​មាន​តិច​ឬ​ច្រើន​កម្រិត​ណា និង​មាន​ចំណែក​ណា​ដែល​លើស​ការ​ចាំបាច់ ហើយ​វា​ជា​ការ​ទទួលខុសត្រូវ​របស់​អ្នកទិញ​ឬ​ក៏​អត់ ។ មូលហេតុ​ចាំបាច់​ដែល​យើង​ត្រូវ​ដឹង​ពី​ការ​ចំណាយ​ផ្សេង​ៗ​បន្ថែម​លើ​តម្លៃ​ខុន​ដូ​នោះ គឺជា​ការ​ពិនិត្យ​មើល​ភាព​ត្រឹមត្រូវ និង​អាច​ត្រៀមខ្លួន​មុន​នឹង​ទិញ​វា ព្រមទាំង​អាច​ការពារ​ការ​យក​ប្រៀប​ពី​សហគ្រិន​គម្រោង​ខុន​ដូ​ផង​ដែរ ។

ទិន្នន័យ​ខាងលើ​នេះ នឹង​ជួយ​ណែនាំ​ដល់​យើង​អាច​យក​ព័ត៌មាន​ទាំងនេះ​មក​ប្រៀបធៀប​គ្នា​ក្នុង​ការ​ជ្រើសរើស​ទិញ​ខុន​ដូ ដោយ​មិន​ដើរ​ខុសផ្លូវ និង​ជា​ការ​ងាយស្រួល​ផង​ដែរ ។ យើង​ត្រូវ​ព្រម​ទទួលស្គាល់​ថា ការ​ទិញ​ខុន​ដូ​ណាមួយ គឺ​ត្រូវ​ចំណាយ​ប្រាក់​មិន​តិច​នោះ​ទេ ។ ដូច្នេះ ការ​ពិនិត្យ​មើល​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​នឹង​ទិញ​នោះ គឺ​មិនមែន​ជា​រឿង​ខូចខាត ឬ​រវល់​ខ្លាំង​ណាស់ណា​ទេ ផ្ទុយ​ទៅ​វិញ វា​ជា​ការ​ល្អ​ប្រសើរ មុន​នឹង​ប្រញាប់​សម្រេចចិត្ត​ទិញ​ដោយ​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​មក​ស្តាយ​ប្រាក់​នៅ​ពេល​ក្រោយ ៕
         ដោយ ៖ កែវ សិរី​សោ​ភ័​ណ្ឌ