អ៊ឺរ៉ូ២០១៦៖ ប៉ូឡូញ បើក​ឆាក​ក្រុម C យក​ឈ្នះ​អៀរឡង់​ខាង​ជើង

ប្រទេសប៉ូឡូញ កំពុងលោតសប្បាយរីករាយ ដោយសារក្រុមរបស់ខ្លួន បានបើកឆាក​សម្រាប់​ក្រុម C ដោយ​​បំបាក់​ក្រុម​អៀរឡង់​ខាង​ជើង ក្នុងពិន្ទុ១ទល់នឹង០ កាលពីល្ងាចថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ​២០១៦។
អ៊ឺរ៉ូ២០១៦៖ ប៉ូឡូញ បើក​ឆាក​ក្រុម C យក​ឈ្នះ​អៀរឡង់​ខាង​ជើង

ការលោតសប្បាយ របស់កីឡាករប៉ូឡូញ «Arkadiusz Milik» បន្ទាប់ពីរកគ្រាប់បាល់ ឲ្យក្រុមខ្លួនហើយ។ (រូបថតទ្វីសធើរ)

ការប្រកួតបានប្រព្រឹត្តិទៅ នៅវេលាម៉ោង ១៨ នាកីឡាដ្ឋាន «Allianz Riviera» នៃក្រុង«Nice» ភាគខាងត្បូង​ប្រទេស​បារាំង។

នរណាៗក៏ទន្ទឹងរង់ចាំយ៉ាងខ្លាំងក្លា ពីថ្វីជើងរបស់កំពូល​កីឡាករ​ខ្សែប្រយុទ្ធ របស់ក្រុមបាយ៉ឺនមូនិក ឈ្មោះ «Robert Lewandowski» នោះដែរ។ តែប្រសិនជាក្រុមជម្រើសជាតិប៉ូឡូញ បានបើកឆាកក្រុម C នៃការ​ប្រកួត​អ៊ឺរ៉ូ២០១៦នេះ ជាមួយនឹងជ័យជំនះនោះ គឺដោយសារកីឡាករប៉ូឡូញដទៃទៀត មានបច្ចេកទេសលេងល្អ និង​ចេញ​ផ្គុំគ្នាលេង ពិបាកនឹងធ្វើឲ្យក្រុម អៀរឡង់ខាងជើង អាចរកចន្លោះ ឬការវាយលុកបានណាស់។

ហើយគ្រាប់បាល់ ដែលធ្វើឲ្យក្រុមប៉ូឡូញឈ្នះនេះ បានមកដោយសារកីឡាករ «Arkadiusz Milik» នៅនាទី​ទី៥១។

រីឯការប្រកួតមួយទៀត រវាងក្រុមអាល្លឺម៉ង់ ជាមួយនឹងក្រុមអ៊ុយក្រែន នៅម៉ោង២១ខាងមុខ នឹងប្រាប់​យើង​ឲ្យ​ដឹង​ពីពិន្ទុចុងក្រោយ នៃជុំទីមួយ ក្នុងវគ្គជម្រុះ របស់ក្រុម C ខណៈនៅពេលនេះ ក្រុមប៉ូឡូញ ទទួលបាន៣ពិន្ទុ ពី​លើ​ក្រុមអៀរឡង់ខាងជើង ដែលប្រកួតចាញ់ ហើយមិនទាន់រកពិន្ទុ អ្វីបាននៅឡើយ។

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖