អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ ម្ចាស់ជើងឯកពិភពលោកបំបាក់ អ៊ុយក្រែន ២-០

ក្រុមបាល់ទាត់អាល្លឺម៉ង់ ដែលកំពុងស្ថិតក្នុងតំណែង ជាម្ចាស់ជើងឯកពិភពលោក (កាលពី​ឆ្នាំ​២០១៤ នៅក្នុង​ប្រទេស​ប្រ៊េស៊ីល) បាន​បំបាក់​ក្រុមអ៊ុយក្រែន ក្នុងពិន្ទុ ២ទល់នឹង០ កាល​ពីយប់​ថ្ងៃអា​ទិត្យ ទី១២ ខែមិថុនានេះ។
អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ ម្ចាស់ជើងឯកពិភពលោកបំបាក់ អ៊ុយក្រែន ២-០

កីឡាករក្រុមអាល្លឺម៉ង់ លោតអោបកីឡាករ «Skhodran Mustafi» បន្ទាប់ពីកីឡាកររូបនេះ រកគ្រាប់បាល់ទីមួយ​បានរួច។ (រូបថតទ្វីសធើរ)

អាល្លឺម៉ង់ បានបង្ហាញឫទ្ធិ ជាម្ចាស់ជើងឯកពិភពលោក ដោយបំបាក់ក្រុមអ៊ុយក្រែន ក្នុងពិន្ទុ២ទល់នឹង០ នៅ​ក្នុង​ការប្រកួតទីពីរ នៃជុំទី១ សម្រាប់វគ្គជម្រុះ របស់ក្រុម C បានប្រពឹត្តិទៅ នៅកីឡាដ្ឋាន «Pierre-Mauroy» នៃ​ក្រុង​«Lille» ភាគខាងជើងប្រទេសបារាំង។

គឺកីឡាករខ្សែការពាររបស់អាល្លឺម៉ង់ «Skhodran Mustafi» ជាអ្នករកគ្រាប់បាល់ទីមួយ ឲ្យក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ដោយទទួលបាល់ពីកីឡាករ «Kroos» មុននឹងប្រើក្បាល«តែត»បាល់ បញ្ចូលទីអ៊ុយក្រែន នៅនាទី​ទី១៩។ រីឯគ្រាប់ទីពីរ របស់អាល្លឺម៉ង់ រកបាននៅចុងម៉ោងបន្ថែម នៃការប្រកួត (នាទីទី៩០+២) ដោយកីឡាករ «Bastian Schweinsteiger» ដែលទើបចូលមកជំនួស នៅមុននេះប៉ុន្មាននាទីប៉ុណ្ណោះ។

ពិន្ទុសម្រាប់ក្រុម C បន្ទាប់ពីការប្រកួតបានបញ្ចប់ទៅ គឺអាល្លឺម៉ង់រកបាន៣ពិន្ទុ ខណៈក្រុមប៉ូឡូញ ប្រកួត​ឈ្នះ​បាន​បីពិន្ទុដែរ តែរកគ្រាប់បាល់បានតិចជាក្រុមអាល្លឺម៉ង់។ ខណៈក្រុមអៀរឡង់ខាងជើង បានសូន្យពិន្ទុ ដូច​ក្រុម​អ៊ុយក្រែន​ដែរ តែមានចំណាត់ថ្នាក់លេខ៣ គ្រាន់ជាក្រុមអ៊ុយក្រែន ដោយសារអៀរឡង់ចាញ់ប៉ូឡូញ តែមួយ​គ្រាប់​ប៉ុណ្ណោះ។

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖