ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​យក​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ប្រើ​ដាវ​កាប់​ប្លន់​ម៉ូតូ MSX​មួយ​គ្រឿង​បាន​សម្រេច និង​បណ្តាល​អោយ​យុវជន​ជា​ម្ចាស់​ម៉ូតូ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​០២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ មិថុនា ២០១៦ នៅ​ផ្លូវ​បេតុង​ចូល​វត្តអង្គ​តា​មិ​ញ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មិន​ត្រូវ​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ​ក្រោយ​ពី​ឃើញ​អ្នក​យក​ព័ត៌មាន​ថត បាន​ជិះ​ម៉ូតូ​គេច​បាត់​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ខណៈ​ដែល​គាត់​កំពុង​ប្រចាំការ​នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្រាប់តែ​មាន​យុវជន​ម្នាក់​ក្បាល​ប្រឡាក់​សុទ្ធតែ​ឈាម ត្រូវ​បាន​បងប្អូន​ដឹក​តាម​ម៉ូតូ​មក​ប្តឹង​ថា មាន​ជនសង្ស័យ​មួយ​ក្រុម​បាន​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន ម៉ាក MSX ពណ៌​ស ខណៈ​ដែល​ពួក​ខ្លួន​ជិះ​ទៅ​ផ្ទះ​តាម​ផ្លូវ​វត្ត​អង្គ​តា​មិ​ញ ដោយ​ជិះ​ម៉ូតូ​គ្នា​៣​នាក់​ដោយ​មាន​ស្ត្រី​ម្នាក់​ផង លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ប្រើ​ដាវ​មក​កាប់​យក​ម៉ូតូ និង​ធ្វើ​អោយ​យុវជន​ជា​ម្ចាស់​ម៉ូតូ​រង​របួស​ក្បាល​ខាងក្រោយ​ធ្ងន់ ៕