ពាក្យ​ចចាមអារ៉ាម​ថា លោក​គី​ម ជុង​អ៊ុ​ន ស្លាប់​ដោយ​ការ​វាយប្រហារ​អត្តឃាត

យោង​តាម YONHAP ថា ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថ្លែង​នា​ថ្ងៃ​ទី​១៧ មិថុនា កន្លង​មកនេះ​ថា ពាក្យ​ចចាមអារ៉ាម​ដែល​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ស្លាប់​ដោយសារ​ការ​វាយប្រហារ​អត្តឃាត ដោយ​គ្រាប់បែក​មួយ​នោះ​ជា​ពាក្យ​ពុំ​ពិត​ឡើយ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ មន្ត្រី​មួយ​រូប​នៃ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​និយាយ​ថា ផ្នែក​ស៊ើបការណ៍​របស់​យើង​យល់​ថា ពាក្យ​ចចាមអារ៉ាម​នេះ​ពុំ​ពិត​ទេ ។ ពេល​សួរ​ថា​តើ​លោក​គី​ម នៅ​រស់​ឬ​យ៉ាងណា មន្ត្រី​រូប​នេះ​ឆ្លើយ​ថា ប្រាកដជា​នៅ​រស់ ។

អីុន​ធើ​រ​ណេ​តរបស់​សារព័ត៌មាន​បរទេស​មួយ EAST ASIA TRIBUNE មុន​នេះ​និយាយ​ថា ទូរទស្សន៍​កណ្តាល​កូរ៉េ​ខាងជើង KCTV រាយការណ៍​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ទទួលមរណភាព​ហើយដោយ​សារ​ការ​ផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​គប់​ដោយ​នារី​ម្នាក់​នា​ឱកាស​ចូលរួម​ព្រឹត្តិការណ៍​មួយ​នៅ​ក្រុង​ព្យុ​ង​យ៉ាង ។ សារព័ត៌មាន​នេះ​និយាយ​ទៀត​ថា លោក​គី​ម ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ដែល​នៅ​ក្បែរ ហើយ​ត្រូវ​ប្រកាស​ថា ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​នោះ ក៏​ប៉ុន្តែ​តាម​ពិត​ទៅ KCTV ពុំ​បាន​រាយការណ៍​ពី​ព័ត៌មាន​ទាក់ទិន​នឹង​រឿង​នេះ​ឡើយ រហូត​មក​ទល់​បច្ចុប្បន្ន រួច​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​ក៏​យល់​ដែរ​ថា សារព័ត៌មាន​ខាងលើ​នេះ​ផ្តល់​ព័ត៌មាន​ខុស ៕